ភ្នំពេញ៖ ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​មិត្តភាព​ ផ្សារអាស៊ាន ២០២៤ ឬ ASEAN Bazaar 2024 ​នៅថ្ងៃទី ២៧​ ខែមេសា ឆ្នាំ ២០២៤ ​ដោយ​កិច្ច​សហប្រតិបត្តិការជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដែល​បាន​បង្ហាញ​នូវ​ផ្ទាំង​គំនូរ​ដ៏​សម្បូរ​បែប​នៃ​វប្បធម៌​ចម្រុះ និង​ការ​ឯកភាព​គ្នាក្នុង​ចំណោម​ប្រជាជាតិនានា។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី លោក Santo Darmosurmarto បាន​បើក​ពិធី​នេះ ដោយ​សម្តែង​ការ​សាទរ​ចំពោះគំនិត​ផ្តួច​ផ្តើម​រួមនេះ។

លោក​បាន​ថ្លែង​ថា​៖ «ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ជា​ផល​ប្រយោជន៍​រួម​របស់​យើង ដើម្បី​ពង្រឹងចំណង​មិត្តភាព​ក្នុង​ចំណោម​សមាជិក​គ្រួសារ​អាស៊ាន​ នៅ​រាជធានី​ភ្នំពេញ ជាពិសេស ក្នុង​ចំណោម​បុគ្គលិក និង​ក្រុម​គ្រួសារ​នៃ​បេសកកម្ម​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ ក៏​ដូចជា អាជ្ញាធរ​មូលដ្ឋាន​នៅ​កម្ពុជា»។

លោក​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ចែក​រំលែក​វប្បធម៌​តាម​រយៈអាហារ ចម្រៀង និង​របាំ ដោយ​កត់សម្គាល់​ថា ឆ្នាំនេះ​ក៏​ជា​ខួប​លើក​ទី ៦៥ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ។

អញ្ជើញជា​អធិបតី​ក្នុង​ពិធី​នេះ លោក​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា សុខ ចិន្តាសោភា បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ផ្សារ​អាស៊ាន ក្នុង​ការ​លើក​កម្ពស់​ឯកភាព និង​ភាពចម្រុះ។

លោក​បាន​កត់​សម្គាល់​ថា​៖ «ព្រឹត្តិការណ៍​ថ្ងៃ​នេះ​គឺ​ជា​សក្ខីកម្ម​សម​ស្រប​ចំពោះ​ការ​រួបរួម ​និង​ភាព​ចម្រុះ​របស់​យើង»។

លោក ចិន្តា​សោភា​ បាន​លើកឡើង​​អំពី​ទំនាក់ទំនង​ភាសា​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដូចជា ​ពាក្យ​ស្រដៀង​គ្នា​សម្រាប់ «ផ្សារ» ជា​ភាសា​ម៉ាឡេ ឥណ្ឌូនេស៊ី និង​កម្ពុជា ដែល​បង្ហាញ​ពី​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​នៃ​តំបន់​។​

លោក​និយាយថា ​ប្រជាជន​​ប្រទេស​ម៉ាឡេស៊ី ប្រ៊ុយណេ ​​សិង្ហបុរី​ និង​ឥណ្ឌូនេស៊ី បាន​ប្រើ​ពាក្យ​​ដូចគ្នា​ គឺ​ "pasar" (ផ្សារ)។ ដូចគ្នានេះដែរ សម្រាប់​ភាសា​ខ្មែរ​គេ​ហៅថា ទៅផ្សារ ឬ ផ្សារ​។​

ផ្សារ​ក្នុង​កម្មវិធី​ ASEAN Bazaar មាន​ភាព​អ៊ូអរ​ជាមួយ​នឹង​តូប​មក​​ពី​ប្រទេស​សមាជិក​នីមួយៗ ដោយ​បង្កើតបាន​ជា​ពណ៌​ចម្រុះ​នៃ​រសជាតិ និង​សិល្បៈ​ហត្ថកម្ម​ក្នុង​តំបន់​។​

អ្នកទស្សនា​បាន​ដើរមើល និង​ទិញ​ផលិតផល​នានា​​​ពី​អាហារ​​ថៃ​ដែលមាន​រសជាតិ​ហឹរ និង​កាហ្វេ​ឥណ្ឌូនេស៊ី​ដែល​មាន​ក្លិន​ឈ្ងុយ ដល់​ផលិតផល​​​ម្ហូបអាហារ​កម្ពុជា សិប្បកម្ម​ហ្វីលីពីន​ដ៏​ប្រណិត និង​វាយនភណ្ឌ​​របស់​ម៉ាឡេស៊ី​។​

បន្ថែម​ពីការ​លក់​ដូរ​នេះ​ នៅមាន​​ការសម្តែង​សិល្បៈ​វប្បធម៌ ដូចជា របាំ​ប្រពៃណី និង​តន្ត្រី​ដែល​បន្ទរ​ពី​បេតិក​ភណ្ឌ​​ចម្រុះ​នៃ​ប្រជាជាតិ​អាស៊ាន ធ្វើឱ្យ​​ផ្សារ​អាស៊ាន​មិន​ត្រឹមតែ​ជា​បទពិសោធន៍​ទិញ​ទំនិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​អបអរសាទរ​វប្បធម៌​អាស៊ីអាគ្នេយ៍​ថែម​ទៀត​។​

លោក ចិន្តា​សោភា ក៏បាន​លើកឡើង​​អំពីការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា​​រយៈពេល ២៥​ ឆ្នាំ​​ ចាប់តាំងពី​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​រយៈពេល ៣ ទសវត្សរ៍​។​

លោកថ្លែងថា៖ «ការ​រួបរួម​ក្នុង​ភាព​ចម្រុះ​គឺជា​គន្លឹះ​នៃ​អត្តសញ្ញាណ​អាស៊ាន»។

លោក​បាន​រំឭក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០១១ នៅ​កោះ​បាលី ដែល​មេដឹកនាំ​បាន​ប្តេជ្ញា​ការពារ និង​លើកកម្ពស់​ភាព​ចម្រុះ​នៃ​វប្បធម៌ បង្កើន​ការ​យល់​ដឹង​គ្នា​ទៅវិញទៅមក និង​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​ច្នៃប្រឌិត​វប្បធម៌​សម្រាប់​លទ្ធភាព​ជោគជ័យ​នៃ​ផលិតផល និង​សិប្បកម្ម​អាស៊ាន។

ផ្សារ​អាស៊ាន​ក៏បាន​បម្រើការ​ជា​វេទិកា​​សម្រាប់​ការតាំង​ពិព័រណ៍​​វប្បធម៌ ជាមួយនឹង​ការ​សម្តែង និង​កម្មវិធី​​នានា​។ ការ​សម្ដែង ​រួមមាន​របាំ Jejer Gandrung រៀបចំ​ដោយ​ស្ថានទូត​ឥណ្ឌូនេស៊ី របាំ​ប្រពៃណី​ថៃ​ដោយ​ស្ថានទូត​ថៃ របាំ Thu Nge Taw ដោយ​ស្ថានទូត​មី​យ៉ាន់​ម៉ា និង​ការសម្តែង Angklung ដោយ CIIP​។​

ស្ថានទូត​ម៉ាឡេស៊ី​ក៏​បាន​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​បែប​បដិវត្តន៍​ប្រពៃណី ហើយ​ស្ថានទូត​វៀតណាម​បាន​បង្ហាញ​សម្លៀកបំពាក់ Ao Dai​។

ស្ថានទូត​ហ្វីលីពីន​បានបង្ហាញ​ពី​​បទ​ភ្លេង​ប្រពៃណី ជំរុញឱ្យមាន​ការដឹង​គុណ និង​ការគោរព​ពី​វប្បធម៌​កាន់តែ​ស៊ីជម្រៅ​ក្នុងចំណោម​អ្នកចូលរួម​។​

ការ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​លើ​ឆាក​អន្ដរជាតិ​

ការរៀបចំ​ផ្សារ​អាស៊ាន​នេះ លោក​មាន​មោទនភាព ដែល​បាន​មើលឃើញ​នូវ​ផលិតផល​ខ្មែរ​ ត្រូវបាន​ដាក់​តាំង​បង្ហាញ ឬលក់​ ដូច​ជា ប្រេងជាច្រើន​ប្រភេទ។ ផលិតផល​របស់​ប្រទេស​អាស៊ាន​ទាំង ១០ រំលេច​ដោយ​ភាព​ចម្រុះ និង​សម្បូរ​បែប​ ជាមួយ​លក្ខណៈ​រួម​។ 

លោក ចិន្តា​សោភា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ដើរ​ទស្សនា​ស្ដង់​ផ្សារ​ជា​ច្រើន​តូប​រួច​មក​ថា៖ «ជាក់ស្ដែង ស្ដង់នំ​របស់​ប្រទេស​ប្រ៊ុយណេ ខ្ញុំ​ស្មាន​តែ​នំ​អន្សម​ខ្មែរ​ ពីព្រោះ​វាមាន​ប្រហាក់​ប្រហែល​គ្នា​ខ្លាំង​មែន​ទែន​។ នៅ​ស្ដង់របស់​មីយ៉ាន់ម៉ា ខ្ញុំ​ចូល​ចិត្ដណាស់ ដូច​​នំ​បញ្ចុកសម្លរ​ក្រហម​យើង​អ៊ីចឹង។ ប៉ុន្ដែ​ប្រទេស​នីមួយៗ​មាន​អត្ដសញ្ញាណ​រៀងៗ​ខ្លួន​​»​។ 

លោកបាន​លើកឡើង​អំពីការ​ផ្សព្វផ្សាយ​វប្បធម៌ ម្ហូប​អាហារ និង​ទេសចរណ៍​ថា ឯកអគ្គរាជ​ទូក​កម្ពុជា​ប្រចាំ​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប អូស្ដ្រាលី កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម​ មួយ​សប្ដាហ៍​ចុងក្រោយ​នេះ បាន​រៀបចំ​អបអរ​សាទរ​ពិធី​បុណ្យ​ប្រពៃណី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​។

លោក​បន្ដថា នា​ព្រឹត្ដិការណ៍​នោះ មន្ដ្រី​ទូត​ទាំងអស់​បាន​ផ្សព្វផ្សាយ​នំបញ្ចុក​ខ្មែរ​ រួម​ទាំង​ការ​សម្ដែង​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​លោក បាន​ថ្លែង​អំពី​អារម្មណ៍​រំភើប​ នៅពេល​ឃើញ​កូន​ខ្មែរ ជាពិសេស ខ្មែរ​ដែល​មាន​កំណើត​នៅ​បរទេស​ រាំ​របាំ​ព្រះ​រាជ​ទ្រព្យ​ របាំ​ប្រជាប្រិយ​។

លោក ចិន្តា​សោភា បាន​ថ្លែងថា​៖ «ការ​ប្រារព្វ​អបអរ​សាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​នោះ យ៉ាង​តិច​ម្ដង ជាឱកាស​ឱ្យសហគមន៍​ខ្មែរក្នុង​ប្រទេស​មួយ​មក​ជួបជុំ​គ្នា​។ ខ្ញុំ​បន្ដ​ការងារ​ពី​ឯកឧត្ដម ប្រាក់ សុខុន ដោយ​បន្ថែម​ពី​ការ​លើក​កម្ពស់​សិល្បៈ​គ្រប់​ទម្រង់ ទាំង​របាំ ភ្លេង យើង​កំពុង​តែ​ជំរុញ​វិស័យ​ម្ហូប​អាហារ​ ដូចជា ការ​ចង​ក្រង​សៀវភៅ​រសជាតិ​អង្គរ​ ដែល​ចាប់​លេខ​ ១ រយៈ​ពេល ៣ ឆ្នាំ​ជាប់​គ្នា​»។ 

លោក​បាន​ព្រលយ​ថា ក្រៅពី​ការ​ផ្សព្វផ្សាយ​ខាងលើ​នេះ នៅ​ខែ​កក្កដា​ខាងមុខ កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​តេន្ននីស​ជាលើក​ដំបូង​ផង​ដែរ៕