​ភ្នំពេញៈ ផ្នែក​ឯកជន​មាន​សុ​​ទិដ្ឋិ​និយម​ថា ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​រវាង​កម្ពុជា និង​ឡាវ នឹង​កើនឡើង​បន្ថែមទៀត​បន្ទាប់ពី​មេដឹកនាំ​ប្រទេស​ទាំង ​២ ​បាន​សន្យាថា នឹង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទេសចរណ៍​។ ការប្តេជ្ញាចិត្ត​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ១ ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​ឡាវ​ចាប់ផ្ដើម​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ឡើងវិញ រវាង​ទីក្រុង​វៀងចន្ទន៍​មក​ទីក្រុង​ភ្នំពេញ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​​ឡាវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេសជិតខាង​មួយ​នេះ ស្របតាម​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា កាលពី​ថ្ងៃទី​ ២៥ ខែមីនា មេដឹកនាំ​របស់​ប្រទេស​ទាំង ​២​ បានប្រកាសថា កម្ពុជា និង​ឡាវ​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ហើយ​មាន​ឯកសារ​មួយចំនួន​ក៏បាន​ចុះហត្ថលេខា​ផងដែរ​។​

​លោក ម៉ា​ណែ​ត ថ្លែងថា​៖ «​យើង​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​យើង​អំពី​ឧបករណ៍​ស្តីពី​ការបោះបង្គោល​ព្រំដែន​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ខែកុម្ភៈ ឆ្នាំ ​២០២៣​។ នៅពេល​ខាងមុខ កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ ២ ​នឹង​អនុវត្ត​សន្ធិសញ្ញា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ពេញលេញ​»​។​

​លោក​បាន​ពន្យល់ថា ការបោះបង្គោល​ព្រំដែន​នឹងត្រូវ​ផ្អែកលើ​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក ដោយយោង​ទៅតាម​ច្បាប់​អន្តរជាតិ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា កម្ពុជា​គាំទ្រ​ទាំងស្រុង​ដល់​ប្រទេស​ឡាវ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២៤ និង​តួនាទី​ជា​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​សម្រាប់​មី​យ៉ាន់​ម៉ា​។ ក្នុងន័យនេះ​បាន​យើង​សន្យា​ផ្តល់ប្រាក់​ចំនួន ១ ​លាន​ដុល្លារ​ដល់​មិត្ត​ឡាវ​របស់​យើង ដើម្បី​គាំទ្រ​ដល់​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ប្រកបដោយ​ជោគជ័យ​»​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៦ ខែមីនា​ថា ទោះបីជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឡាវ​នៅមានកម្រិត​ក៏ដោយ ប៉ុន្តែ​ការប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ទាំង ​២ ​នឹង​ក្លាយជា​សម្ទុះ​ថ្មី​មួយ​នៅក្នុង​ការ​​បង្កើន​ទំនុកចិត្ត​ក្នុងចំណោម​ផ្នែក​ឯកជន​។​

​លោក​បន្តថា​៖ «​ដូចដែល​អ្នក​បានឃើញ​នៅពេលនេះ​ស្រាប់ យើង​ទទួលបាន​ជើង​​ហោះហើរ​ត្រង់​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ភ្ជាប់​មក​ទីក្រុង​ភ្នំពេញ​ឡើងវិញ ដែល​នេះ​សបញ្ជាក់​ឱ្យឃើញថា ការតភ្ជាប់​ជើង​ហោះហើរ​នេះ​នឹង​នាំ​ភ្ញៀវទេសចរ ពាណិជ្ជ​ករ និង​វិនិយោគិន​កាន់តែច្រើន​នៃ​ប្រទេស​ទាំង​ ២ ទស្សនា និង​ផ្លាស់ប្តូរ​ការវិនិយោគ ឬ​ពិព័រណ៍​ពាណិជ្ជកម្ម​ណាមួយ​កាន់តែ​ងាយស្រួល​»​។​

​កាលពី​ថ្ងៃទី ​១៩ ខែមីនា ក្រុមហ៊ុន​អា​កាស​ចរណ៍​ឡាវ បាន​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​អ្នក​ដំណើរ ១១៦​ នាក់ ជិះ​នៅលើ​យន្តហោះ​។ ជាមួយ​ជើងហោះហើរ​នេះ​ក្រុមហ៊ុន​បានធ្វើ​ការហោះហើរ ៣​ ដង ​ក្នុង ​១​ សប្តាហ៍ គឺ​រៀង​រាល់ថ្ងៃ​អង្គារ​, ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជាបានឱ្យដឹងថា ការបន្ត​សេវាកម្ម​អាកាសចរណ៍​ឡើងវិញ​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ប​ន្ទា​ប់​ពី​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូ​វីដ ​១៩​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​មើលឃើញថា​ជា​ប្រវត្តិសាស្ដ្រ​ប្រទេស​កម្ពុជា​បាន​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ពី​តំបន់​នេះ ដូច្នេះ​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ក៏​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​ ២ ​ដែល​កំពុង​កើនឡើង​ផងដែរ​»​។​

​យោងតាម​ទិន្នន័យ​បាន​ពី​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល កាលពី​ឆ្នាំ​ ២០២៣ ឡាវ​គឺជា​ប្រភព​ទេសចរ​បរទេស​ឈានមុខ​គេ​ទី​៤ របស់​កម្ពុជា​។ ទេសចរ​ឡាវ​មក​ទស្សនា​កម្ពុជា​កាលពី​ឆ្នាំ ​២០២៣ មាន​ជាង ៣៧ ​ម៉ឺន​នាក់ កើន​ ៣០២ ​ភាគរយ​។​

​លោក​ប្រាប់ទៀតថា បច្ចុប្បន្ន​ទាំង​វិស័យ​សាធារណៈ និង​ឯកជន​បាន​ខិតខំ​ក្នុងការ​​នាំយក​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ដែល​ផ្តោតលើ​ខេត្ត​ជាប់​ព្រំដែន គឺ​ព្រះវិហារ ស្ទឹងត្រែង និង​រតនគិរី នៅ​ខាង​កម្ពុជា រួមជាមួយ​ខេត្ត​​ចំប៉ា​សាក់ និង​អាត​តាប​ក្នុងប្រទេស​ឡាវ​។​

​លោក​រំពឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​កើនឡើង​ដែល​គាំទ្រ​ដោយ​យ៉ាងហោច​​ណាស់​ការតភ្ជាប់​ផ្លូវ​រថភ្លើង ១​ ខ្សែ​ដែល​បានគ្រោង​ទុក និង​ផ្លែឈើ​ហូប​ផ្លែ​ប្រកប​​ដោយ​សក្តានុពល​នៃ​ការប្តេជ្ញាចិត្ត​ថ្មីៗ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ទាំង​ ២ ក៏ដូចជា​អត្ថប្រយោជន៍​ដែល​ប្រទេស​ទាំង​ ២ ​គឺជា​សមាជិក​អាស៊ាន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​។​

​លោក​បាន​ស្នើថា ប្រទេស​ឡាវ​ ដែល​គ្មាន​ច្រក​សមុទ្រ​អាច​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​រថភ្លើង​ដែល​បាន​ស្នើឡើង​ដើម្បី​នាំ​ចេញទៅ​កន្លែង​ផ្សេង​តាម​កំពង់ផែ​សមុទ្រ​ក្នុងប្រទេស​កម្ពុជា​៕