​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជំ​រុញឱ្យ​ពាណិជ្ជករ​ប្រទេស​ប្រេ​ស៊ី​ល មក​វិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​វិស័យ​កសិកម្ម​ដ៏​ធំ​របស់​កម្ពុជា​។

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក រ័ត្ន សា​រ៉ាវុធ បាន​ថ្លែង​នៅក្នុង​៖​ «​សិក្ខាសាលា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា និង​ប្រេ​ស៊ី​ល​»​ នៅ​រាជធានី​​ភ្នំពេញ កាលពី​ថ្ងៃទី ​២៧ ខែមីនា ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​របស់​ប្រទេស​​ប្រេ​ស៊ី​ល​ចំនួន ​១៤ ដូចជា​ក្រុមហ៊ុនអាកាសចរណ៍ ឧស្សាហកម្ម​ម្ហូបអាហារ នេសាទ និង​ស្បែកជើង និង​មន្ត្រី​របស់​ប្រេ​ស៊ី​ល​ជាច្រើនរូប​ថា កម្ពុជា​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជា​មជ្ឈមណ្ឌល​យុទ្ធ​​សាស្ត្រ​មួយ​នៅ​អាស៊ីអាគ្នេយ៍​។ រដ្ឋា​ភិ​​បាល​ទទួលយក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​សកម្ម ដើម្បី​ទាញយក​ប្រយោជន៍​ពី​អត្ថប្រយោជន៍​ទីតាំង​នេះ​»​។​

​លោក​ពន្យល់ថា ឋានៈ LDC របស់​កម្ពុជា​បាន​ទាក់ទាញ​ការចូល​ទីផ្សារ​អនុ​គ្រោះជា​ច្រើន រួមទាំង​ទីផ្សារ​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស អាមេរិក កា​ណា​ដា អូស្ត្រាលី និង​ជាង ២៥ ​ប្រទេស​ផ្សេងទៀត​។ ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTAs)​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិន កាលពី​ឆ្នាំ​ ២០២០ ជាមួយ​កូរ៉េ ក្នុង​ឆ្នាំ​ ២០២១ និង​ជាមួយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ​(UAE)​ ក្នុង​ឆ្នាំ​ ២០២៣ បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ការផ្សារភ្ជាប់​ទីផ្សារ​នាំចេញ​ប្រកបដោយ​និរន្តរភាព និង​សុវត្ថិភាព និង​បាន​ជំរុញ​ប្រសិទ្ធភាព​ការកសាង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ភាគី​កម្ពុជា​ចំពោះ ​FTAs អាស៊ាន​+១ និង​កិច្ចព្រមព្រៀង​ RCEP ធ្វើឱ្យ​វា​កាន់តែ​ទទួលបាន​ជោគ​ជ័យ និង​ទាក់ទាញ​វិនិយោគិន​ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្លាំង​ពល​កម្ម​ដែលមាន​តម្លៃ​សមរម្យ​របស់​កម្ពុជា គោលនយោបាយ​គាំទ្រ និង​របប​វិ​និ​យោគ​ដែល​ជំរុញ​ដោយ​លើកទឹកចិត្ត​បើ​ប្រៀបធៀប​ជាមួយ​ភាគី​ដទៃទៀត​»​។​

​លោក​លើកឡើងថា​៖ «​ជំនាញ​របស់​ប្រទេស​ប្រេ​ស៊ី​ល​ខាង​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ គឺមាន​លក្ខណៈ​ពាណិជ្ជកម្ម​ដ៏​ល្អ​សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ គ្រាប់ស្វាយចន្ទី អង្ករ និង​ទំនិញ​កសិកម្ម​ផ្សេងទៀត​របស់​កម្ពុជា​។ ការវិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ក​សិ​ធុរកិច្ច និង​កែច្នៃ​ស្បៀងអាហារ នឹង​ក្លាយជា​ផល​ចំណេញ​ដោយ​ឧស្សាហកម្ម​ប្រេ​ស៊ី​ល​។ ការណ៍​នេះ​នឹង​ក្លាយជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ទៀត​ដែល​យើង​គួរតែ​ធ្វើការ​បន្ថែមទៀត​ដើម្បី​កែលម្អ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​នេះ​»​។​

​លោក Alex Giacomelli ឯកអគ្គ​រដ្ឋ​ទូត នាយក​ផ្នែក​ជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​កសិពាណិជ្ជកម្ម នៃ​ក្រសួង​ការបរទេស​ប្រេ​ស៊ី​ល បាន​ថ្លែង​ក្នុង​សិក្ខា​​សាលា​នេះ​ថា ទំនាក់ទំនង​ទ្វេភាគី​កំពុង​ទទួលបាន​ភាព​ទាក់ទាញ​ជា​លំដាប់​។ ឆ្នាំមុន​ប្រទេស​ប្រេ​ស៊ី​ល និង​កម្ពុជា​បានប្រកាស​បើក​ស្ថានទូត​និវាស​ន​ជន​នៅ​ទីក្រុង Brasilia និង​ទីក្រុង​ភ្នំពេញ ដែលជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅក្នុង​រយៈពេល ៣០ ​ឆ្នាំ​បន្ទាប់ពី​ការបង្កើត​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​។​

​លោក​បញ្ជាក់ថា​៖ «​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា​នៅតែមាន​កម្រិត​តិចតួច ប៉ុន្តែ​វត្តមាន​របស់​អ្នក​នៅទីនេះ នៅ​ទីក្រុង​ភ្នំពេញ​បញ្ជាក់​ពី​ភាព​សាទរ​របស់​សហគម​ន៍​ធុរកិច្ច​ប្រេ​ស៊ី​ល​ក្នុងការ​ស្វែងរក​ទីផ្សារ​ថ្មីៗ និង​បង្កើត​ទំនាក់ទំនង​ជុំវិញ​ពិភពលោក​។ ការបើកទ្វារ​ចំពោះ​ក្រុមហ៊ុន​យើង​នៅ​បរទេស គឺជា​គោលដៅ​ដ៏​ចម្បង​របស់​យើង​នៅក្នុង​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម កា​រវិ​និ​យោគ និង​កសិពាណិជ្ជកម្ម​»​។​

​លោក​បន្ថែមថា​៖ «​ជាការ​ពិតណាស់ ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បន្ថែមទៀត​នឹង​មកដល់ ហើយ​ពួកគេ​នឹង​នាំមក​នូវ​ទំនុកចិត្ត និង​ភាពខ្លាំង​បន្ថែមទៀត​ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ដែល​វា​នឹងមាន​ផលប៉ះពាល់​ជា​វិជ្ជមាន​ទៅលើ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ កាលពី​ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​បាន​កើន​ដល់ ១១៣​ លាន​ដុល្លារ​។

លោក​បាន​បន្តថា​៖ «​ចំនួន​នេះ​តំណាងឱ្យ​ការកើនឡើង ១៦ ​ភាគរយ​ធៀប​ឆ្នាំ ២០២២ ដែល​បង្ហាញថា ​យើង​មានឱកាស​ជាច្រើន​ដើម្បី​បង្កើន​ពា​ណិ​​ជ្ជ​កម្ម​។ ជា​ឧទាហរណ៍ យើង​អាចធ្វើ​ការងារ ដើម្បី​បង្កើន​ការធ្វើ​ពិពិធ​កម្ម និង​តម្លៃ​សរុប​នៃ​ការផ្លាស់ប្តូរ​ទំនិញ​»​។​

​លោក​ប្រាប់ទៀតថា ទំនាក់ទំនង​រវាង​ប្រេ​ស៊ី​ល និង​កម្ពុ​ជាមាន​សក្ដានុពល​ដ៏​អស្ចារ្យ ដោយ​ផ្តល់​ផលប្រយោជន៍​រួម​ក្នុង​វិស័យ​នានា​ដូចជា ថាមពល​ជីវៈ កសិកម្ម អាហារ សន្តិសុខ​អាហារូបត្ថម្ភ វប្បធម៌ និង​ទេសចរណ៍​។

លោក​អះអាងថា​៖ «​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​បច្ចេក​ទេស​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០២១ អាច​ផ្តល់​ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​គម្រោង​ជាក់ស្តែង​រវាង​ប្រទេស​យើង​លើ​គ្រប់​វិស័យ​ទាំងនេះ​»៕