ភ្នំពេញៈ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ បានបង្ហាញអំពីដំណើរការអាជីវកម្មដ៏ល្អប្រសើរកាលពីឆ្នាំ ២០២៣ ស្របពេលឧស្សាហកម្មទាំងមូលមានការធ្លាក់ចុះខ្លះដែលបណ្ដាលមកពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច របស់ធនាគារ ABA ចេញផ្សាយកាលពីថ្ងៃទី ២៦ ខែមីនា ប្រាក់កម្ចីរបស់ធនាគារមួយនេះមានចំនួន ៧,៧៧២ ពាន់លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ធៀបនឹង ៦,៤៤៨ ពាន់លានដុល្លារកាលពីខែធ្នូ ឆ្នាំ ២០២២ ដោយកើនឡើង ១៧ ភាគរយ ខណៈប្រាក់បញ្ញើសរុបបានកើនឡើងដល់ ៩,២៣២ ពាន់លានដុល្លារធៀបនឹង ៧,៣៥៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ កើនឡើង ២៥,៥ ភាគរយ។
លោក ឃឹម សម្បូណ៌រតនា ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ ABA បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីជាសកម្មភាពអាជីវកម្មមានការថយចុះ ក៏ធនាគារនេះនៅតែផ្តល់ប្រាក់កម្ចីដល់អតិថិជនដើម្បីគាំទ្រដល់និរន្តរភាពអាជីវកម្ម ជាពិសេសចំពោះមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSME)។
លោកនិយាយថា៖«ធនាគារ ABA តែងតែមានគោលបំណងគាំទ្រអតិថិជនពីគ្រប់វិស័យចាប់ពីកម្ចីអាជីវកម្មខ្នាតតូច រហូតដល់កម្ចីពាណិជ្ជកម្ម និងសាជីវកម្ម។ នៅធនាគារ ABA យើងមានក្រុមការងារដែលខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងផ្នែកនីមួយៗដោយប្រយ័ត្នប្រយែង។ ទន្ទឹមនឹងនោះ ការរួមចំណែកសំខាន់ដល់កំណើនរបស់យើង គឺបានមកពីមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSME) ដែលយើងជឿថាជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា»។
លោកលើកឡើងថា៖«វាតែងតែជាអាទិភាពរបស់ធនាគារ ABA ក្នុងការផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្លាំង ហើយយើងបានរក្សាការផ្តល់ជូននេះប្រកបដោយមោទនភាព បើទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅក្នុងពេលថ្មីៗនេះក៏ដោយ»។
លោកបន្ថែមថា ផលបត្រមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSME) បានរួមចំណែកប្រហែល ៨០ ភាគរយនៃបញ្ជីផ្ដល់ប្រាក់កម្ចីសរុបនៅ ABA។
លោកបញ្ជាក់ថា៖«ក្នុងអំឡុងពេលដ៏លំបាកនេះ យើងកាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀតទាក់ទងនឹងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប៉ុន្តែទន្ទឹមគ្នានឹងការជំរុញតាមរយៈដំណោះស្រាយឥណទានដែលសមស្របបំផុតដើម្បីគាំទ្រសេដ្ឋកិច្ច»។
លោកបន្ថែមថា៖«យើងមិនត្រឹមតែផ្តល់ប្រាក់កម្ចីដល់អតិថិជនថ្មីសម្រាប់ការពង្រីកអាជីវកម្ម និងការធ្វើពិពិធកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់លក្ខខណ្ឌការផ្តល់ហិរញ្ញប្បទានឡើងវិញប្រកបដោយភាពអំណោយផលផងដែរ ពិសេសអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។ ទាំងអស់នេះជួយយើងបង្កើនបញ្ជីផ្ដល់ប្រាក់កម្ចីរបស់យើង។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន CIM បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ច្បាស់ណាស់ថាអ្នកប្រើប្រាស់កំពុងកាត់បន្ថយការចំណាយដោយសារតែអតិផរណាខ្ពស់ និងជាលទ្ធផលអត្រាការប្រាក់កាន់តែខ្ពស់។ លោកបន្តថា៖«ការណ៍នេះគឺជាភ័ស្តុតាងក្នុងការធ្លាក់ចុះការចំណាយលើការទិញចំនួនច្រើន រយៈពេលវែងដូចជា អចលនទ្រព្យ រថយន្ត និងទំនិញប្រើប្រាស់បានយូរសំខាន់ៗ។ ការវិនិយោគអាជីវកម្មក៏ស្ថិតក្នុងនិន្នាការធ្លាក់ចុះនេះផងដែរដោយសារឥណទានកាន់តែរឹតបន្តឹង និងចំណាយការប្រាក់ច្រើនកាលពីឆ្នាំមុន»។
លោកបានបន្តថា កាលពីឆ្នាំ ២០២៣ ទីផ្សារអចលនទ្រព្យ បានមើលឃើញការធ្លាក់ចុះមិនធ្លាប់មាន តម្លៃបានធ្លាក់ចុះពី ២០-៣០ ភាគរយ ឬច្រើនជាងនេះ។ មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការនាំចូលរថយន្តថ្មី និងការធ្លាក់ចុះនៃការលក់រាយដែលបានចុះកិច្ចសន្យាផងដែរ។
លោកលើកឡើងថា៖«បញ្ហា NPL បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រង ហើយធនាគារជាតិនៃកម្ពុជា និងធនាគារនានាកំពុងគ្រប់គ្រងបានយ៉ាងល្អតាមរយៈវដ្តនៃការដំឡើងការប្រាក់របស់ធនាគារកណ្ដាលអាមេរិក»។
ធនាគារ ABA ក៏បានរាយការណ៍ប្រាក់ចំណូលសរុបនៅឆ្នាំ ២០២៣ ដែលមានចំនួនជាង ២៧៦ លានដុល្លារធៀបនឹងជាង ២៦២ លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ៥ ភាគរយ ខណៈទ្រព្យសកម្មថេរសរុបកើនដល់ ១១,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ធៀបនឹង ៩ ពាន់លានដុល្លារឆ្នាំ ២០២២។
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជាគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ប្រព័ន្ធធនាគាររបស់កម្ពុជាមានធនាគារពាណិជ្ជ ៥៨ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៧។ ទំហំទឹកប្រាក់ឥណទានក្នុងប្រព័ន្ធធនាគារបានកើនដល់ ៥៧,៦ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០២៣ កើនឡើងត្រឹមតែ ៤,៨ ភាគរយធៀបឆ្នាំ ២០២២។ កាលពីឆ្នាំ ២០២៣ ប្រាក់កម្ចីមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារមានចំនួន ៥,៤ ភាគរយ និងវិស័យមីក្រូហិរញ្ញវត្ថុ ចំនួន ៦,៧ ភាគរយ៕