បាត់ដំបង: មហោ​ស្រ​ពសៀ​ក​អ​ន្តរ​ជា​តិ ​«ទី​នេះ ​ទី​នោះ​» ដ៏​ល្បីល្បា​ញ​នឹង​ត្រឡប់​មកវិញ​ជាមួយ​ព្រឹត្ដិការណ៍​ស្វាគមន៍​ដ៏ធំ​នៅខែ​មិថុនា​ខាង​មុខ ​ក្នុង​ខេត្ត​បា​ត់ដំ​បង​​ ​ជាកា​រ​ប្រារ​ឰ​ឡើ​ង​លើក​ទី១​២​ នៅ​ក្នុ​ង​​ប្រ​​វត្តិ​សា​ស្រ្តរ​ប​ស់​អង្គការ​​ហ្វា​រ​​។​

​គ្រោ​ង​ចា​ប់ពី​ថ្ងៃ​ទី ៣ ​ដល់​ថ្ងៃ​ទី ​៩​ ខែមិ​ថុ​នា​ ឆ្នាំ​ ២០​២​៤ ​មហោស្រពនេះ​ ​មា​នបំ​ណង​ទាក់​ទា​ញអ្ន​ក​ចូលរួ​ម​ជាង​ ១១ ០០០ នាក់ ជា​មួ​យនឹ​ង​ក្រុម​សៀ​ក​អ​ន្ត​រជា​តិ​ចំ​នួន​ ​១៣ ​ក្រុម​ម​ក​ពីជុំ​វិ​ញ​ពិ​ភព​លោ​ក​។

​​ម​ហោ​ស្រព​សិល្បៈ​សៀក​ ២ ​ឆ្នាំ​ម្តងនេះ នឹង​រៀបចំ​កម្មវិធី​សៀក «ទីនេះ ទីនោះ» ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន ដោយមាន​សិល្បករ​មកពី​ប្រទេស​ចំនួន ១០ រួម​មាន ប្រទេស​ជប៉ុន សិង្ហ​បុរី បា​រាំង អាល្លឺម៉ង់ ឡាវ និង​ប្រទេស​ថៃ សម្តែង​នៅ​បរិវេណ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ និង​ជុំវិញ​ក្រុង​បាត់​ដំបង​។​

​ការចែក​រំលែក​ចំណេះ​ដឹង ការពិភាក្សា​រវាង​សិល្បករ​-សិល្បការ​នី ការសម្តែង​សៀក​នាពេល​រាត្រី ការសម្តែង​សៀក​នៅ​ទូទាំង​ក្រុង​បាត់ដំបង ក្បួន​ដង្ហែ​សៀក​តាម​ដងផ្លូវ ការប្រគំ​តន្ត្រី​បិទ​វគ្គ​ផ្តាច់ព្រ័ត្រ និង​កម្មវិធី​ជប់លៀង​សហគមន៍​ដ៏​ធំ​មួយ​ដើម្បី​អបអរសាទរ​ខួប ៣០ ​ឆ្នាំ របស់​ហ្វារ​ពន្លឺ​សិល្បៈ​។ 

លោក អូស្មាន់ ខាវ៉ាចា​ នាយក​ប្រតិបត្តិ​នៃហ្វារ​​ពន្លឺ​សិល្បៈ បាន​ឱ្​យដឹង​ថា៖«​មហោស្រព​សៀក​អន្តរជាតិ ទីនេះ ទីនោះ ឆ្នាំនេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​នៃ​ការចងចាំ​មួយ​។ ​កម្មវិធី​នេះ​តែងតែ​ប្រមូលផ្តុំ​អ្នកចូលរួម​មកពី​ជុំវិញ​ពិភពលោក​ដើម្បី​អបអរសាទរ​សិល្បៈ​សៀក ទំនាក់ទំនង​ក្រុម​បណ្តាញ​នានា និង​ដើម្បី​ផ្លាស់ប្តូរ​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។ ​​ជាការ​ពិតណាស់ សម្រាប់​ទស្សនិកជន តែងតែ​ទទួលបាន​ភាព​សប្បាយ​រីករាយ​!»​។​

​ទីនេះ ទីនោះ មាន​គោលបំណង​នាំយក​ពិភព​សៀក​ដ៏​អស្ចារ្យ​មកកាន់​កម្ពុជាដែល​ផ្ដល់​ការ​កម្សាន្ដ​ដល់​​​ទស្សនិកជន​ទាំង​ក្នុងស្រុក និង​អន្តរ​ជាតិ ខណៈ​ពេល​ដែល​ជួយ​ចូល​រួម​ចំណែក​អភិវឌ្ឍ​បេតិក​ភណ្ឌ​វប្បធម៌ និង​សិល្បៈ​ដ៏​សម្បូរបែប​របស់​ខេត្តបាត់ដំបង​។​

មហោស្រព្វ​​ត្រូវបាន​ផ្តួចផ្តើម​ឡើង​នៅ​​ឆ្នាំ ២០០៤​ ក្នុងរាជធានី​​ភ្នំពេញ ដោយ​ក្រុម​នៃ​អង្គការ​កម្ពុជា និង​អន្តរជាតិ​ដែល​ស្រឡាញ់​សិល្បៈ​​សៀក និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​។​

​ប៉ុន្មាន​ឆ្នាំ​មកនេះ មហោស្រព​សិល្បៈ​សៀក ទីនេះ ទីនោះ មាន​ការ​​​វិវត្តយ៉ាងខ្លាំង​។ ដំបូង​ឡើយ វា​ផ្តោតលើ​ការបង្ហាញ​ទេពកោសល្យ​របស់​អ្នក​សម្ដែង​​ខ្មែរ​ក្នុងស្រុក និង​សិស្សានុសិស្ស​មកពី​សាលា​សៀក​ហ្វារ​ពន្លឺ​សិល្បៈ ​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​របស់​កម្ពុជា ដែល​ប្រើប្រាស់​សិល្បៈ​ដើម្បី​លើកកម្ពស់​សង្គម និង​ការ​ពង្រឹង​សមត្ថ​ភា​ពបុ​គ្គល​។​

​​ពេល​មហោស្រព​នេះ​​កាន់តែ​រីកធំឡើង វា​បានចាប់ផ្តើម​ទាក់ទាញ​សិល្បករ និង​ក្រុម​សិល្បៈ​អន្តរជាតិ ដោយបាន​ប្រែក្លាយ​វា​ទៅជា​វេទិកា​សម្រាប់​ការសម្តែង​សៀក​សកល និង​ការ​សហការគ្នា​។​

​មហោស្រព​សិល្បៈ​សៀក ទីនេះ ទីនោះ ​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ការ​លាយ​បញ្ចូល​គ្នា​នៃ​ការសម្តែង​សៀក​បែប​ប្រពៃណី និង​សហ​សម័យ ដែល​បង្ហាញ​អ្វី​គ្រប់យ៉ាង​ពី​កាយសម្ព័ន្ធ និង​ការ​ត្លុក ដល់​ការសម្តែង​ពីលើ​អាកាស និង​ការលេង​ល្បែង​ប្រជាប្រិយ​។​

​វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​សហគមន៍​សៀក ដោយ​ផ្តល់ឱ្យ​សិល្បករ​មកពី​ជុំវិញ​ពិភពលោក​នូវ​ឱកាស​ដើម្បី​បង្ហាញ​ទេព​កោសល្យ​របស់​ពួកគេ រៀន​ពីគ្នា​ទៅវិញ​ទៅមក និង​សហការ​លើ​គម្រោង​ថ្មីៗ​។​

​យូរៗទៅ ទីនេះ ទីនោះ​ប្រឈមមុខ​នឹង​បញ្ហា រួមទាំង​ការលំបាក​ក្នុង​ការផ្តល់​មូលនិធិ និង​ផលប៉ះពាល់​ជាស​កល​នៃ​​ជំងឺ​រាតត្បាតកូវីដ ១៩ ជាដើម​។ ទោះជា​យ៉ាងណា​ក៏ដោយ​ ភាព​ធន់​របស់​អ្នករៀបចំ និង​ការគាំទ្រ​របស់​សហគម​ន៍​បាន​អនុញ្ញាតឱ្យ​វា​បន្ត និង​រីកចម្រើន​។​

​សមត្ថភាព​របស់​មហោស្រព​ក្នុងការ​សម្រប​ខ្លួន និង​ការប្តេជ្ញាចិត្ត​​ចំពោះ​សិល្បៈ​បាន​ជួយ​ឱ្យ​វា​រក្សាបាន​នូវ​ឋានៈ​ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​នៅក្នុង​តំបន់​អាស៊ីអា​គ្នេយ៍ ដោយ​លើកកម្ពស់​មិន​ត្រឹមតែ​សិល្បៈ​សៀក​ប៉ុណ្ណោះ​ទេ ថែមទាំង​ការសន្ទនា និង​ការផ្លាស់ប្តូរ​វប្បធម៌​ផងដែរ​។​

​លោក យួន ដេ​ត សហ​ស្ថាបនិក ហ្វារ​ពន្លឺ​សិល្បៈ និង​ជា​នាយក​សាលា​ជំនាញ​សិល្បៈ​ទស្សនីយភាព ហ្វារ​ពន្លឺ​សិល្បៈ បាន​ឱ្យ​ដឹង​ថា៖«​សៀក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មរតក​វប្បធម៌​ខ្មែរ ហើយ​ជាមួយ ទីនេះ ទីនោះ យើង​មាន​មោទនភាព​ក្នុងការ​ផ្ទេរ​ចំណេះដឹង​សិល្បៈ​សៀក ដល់​យុវជន​កម្ពុជា និង​អន្តរជាតិ​ជំនាន់​ក្រោយ»​។ 

លោក​បាន​បន្ដ​ថា៖ «​មហោស្រពនេះ​តំណាងឱ្យ​អ្វីៗ​គ្រប់យ៉ាង​ដែល​សៀក​បានផ្តល់​ជូន​រួមមាន​៖ កម្លាំង ការធ្វើការងារ​ជា​ក្រុម ភាពបត់​បែន ការ​ស្រមើ​ស្រមៃ និង​ជាការ​ពិតណាស់ ភាពសប្បាយ​រីករាយ​។ សិល្បៈ​គឺមាន​សារៈសំខាន់​ក្នុងការ​កំណត់​អត្តសញ្ញាណ​នៃ​ប្រទេសមួយ ហើយ ទីនេះ ទីនោះ នឹង​បង្ហាញ​សិល្បៈ​សៀក​កម្ពុជា​ដោយ​មោទនភាព​ទៅកាន់​ពិភពលោក​ទាំងមូល​បានឃើញ»​។

​ព្រឹត្តិការណ៍​រយៈពេល ​១​ សប្តាហ៍​នេះ ក៏​នឹង​រួមបញ្ចូល​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​នៃ​បណ្តាញ​សៀក​អាស៊ី (CAN) ​ដែល​រៀបចំ​ឡើង​ដោយ​​មជ្ឈមណ្ឌលច្នៃបង្កើត​សិល្បៈ​តាម​ចិញ្ចឹម​ផ្លូវ​ក្រុង​ស៊េអូល​​ក្នុង​ឆ្នាំ ២០១៧ ហើយ CAN បាន​ប្រមូលផ្តុំ​អង្គការ និង​ស្ថាប័ន​សៀក​ចំនួន ១៣ ដែល​មកពី​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ៧ ក្នុង​គោលបំណង​អភិវឌ្ឍ​សៀក​សហ​សម័យ​នៅក្នុង​តំបន់ តាម​កម្មវិធី​ផ្លាស់ប្តូរ និង​អភិវឌ្ឍន៍​រយៈ​ពេល​វែង​។​

​គោលបំណង​របស់​ហ្វារ​ពន្លឺ​សិល្បៈ​សម្រាប់​មហោស្រព​សៀក​អន្តរជាតិ ទីនេះ ទីនោះ រួមបញ្ចូល​ក្នុងការ​បង្កើត​ស្នាដៃ​សៀក​ដែលជា​ផ្នែក​មួយ​ដ៏​មានតម្លៃ និង​សំខាន់​នៃ​សិល្បៈ និង​វប្បធម៌​ខ្មែរ បម្រើ​ជា​ច្រក​ផ្លូវ​សម្រាប់​ក្រុម​សៀក​មកពី​បណ្តា​ប្រទេស​អាស៊ាន សម្រាប់​ទីផ្សារ​ស្លៀក​ពិភពលោក ផ្តល់​វេទិកា​សម្រាប់​សិល្បករ​សៀក​ដើម្បី​ភ្ជាប់​បណ្តាញ និង​កសាង​សមត្ថភាព​របស់ខ្លួន និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្តបាត់​ដំបង ដែលជា​តំបន់​ទេសចរ​ណ៍វប្បធ​ម៌ និង​សិល្បៈ​៕ ​