មណ្ឌលគិរី៖ ព្រៃឈើ​ទំហំ​ជាង ៩ម៉ឺន​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​ផ្តល់​ទិន្នផល​ទឹកឃ្មុំ​ព្រៃ​រហូត​ដល់ ១៥០​តោន ដែល​អាច​ផ្តល់​ជា​ចំណូល​រហូត​ដល់​ទៅ ៣,៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ WWF-កម្ពុជា។

អង្គការ WWF-កម្ពុជា​បាន​លើក​ឡើង​ថា ព្រៃឈើ​ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច និង ដែនជម្រក​សត្វព្រៃ​ស្រែពក ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី ៩២ ៣៩៥ហិកតា គឺ​មាន​សក្តានុពល​ដល់​ការ​ប្រមូល​ទឹក​ឃ្មុំព្រៃ។ ការ​ត្រួត​ពិនិត្យ និង​ការ​ធ្វើសារពើភ័ណ្ឌ​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ព្រៃឈើ​ទាំងនេះ​អាច​ផ្តល់​ទិន្នផល​ទឹកឃ្មុំ​ព្រៃ​ពី ១១៣ ទៅ ១៥០ តោន​ក្នុង​មួយឆ្នាំ។ 

អង្គការ​បាន​បញ្ជាក់​ថា៖ «ការ​ប្រមូល​ទឹកឃ្មុំ​ព្រៃ​ប្រកប​ដោយ​និរន្តរភាព​នេះ​អាច​រក​ចំណូល​បាន​ពី ២,៧ ទៅ ៣,៦លានដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​សម្រាប់​សហគមន៍។ អង្គការ WWF-កម្ពុជា សហការ​ជាមួយ​សហគ្រាស​សហគមន៍ ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ឱកាស​អាជីវកម្ម តាម​រយៈការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព»។

អង្គការ​អភិរក្ស​មួយ​នេះ​ក៏​បាន​ចាត់​ទុក​ទឹកឃ្មុំ​ព្រៃ​ថា ជា​កំណប់​ធម្មជាតិ ដែល​អាច​ប្រែ​ក្លាយ​ទៅ​ជា​ប្រភព​ចំណូល​មួយ​ដ៏សំខាន់​សម្រាប់​គាំទ្រ​ជីវភាព​ដល់​សហគមន៍ ​ក៏​ដូចជា​ការ​គាំទ្រ​ការងារ​អភិរក្ស​ផងដែរ។ 

លោក ស្រើញ ស៊ីនួន ជនជាតិ​ដើម​ភាគ​តិចព្នង ដែល​ជា​អ្នក​រក​ឃ្មុំព្រៃ​ម្នាក់ អាយុ ៤១ឆ្នាំ ក្នុង​ខេត្ត​មណ្ឌលគិរី​ក៏​បាន​យល់ឃើញ​ផង​ដែរថា ការ​ប្រមូល​ផល​ទឹកឃ្មុំ​ព្រៃ​គឺ​ពិត​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍ បើ​ទោះ​បី​ជា​វា​ជា​មុខ​របរបន្ទាប់​បន្សំ​មួយ​យ៉ាង​ណា​ក៏ដោយ។ 

លោកបាន​និយាយ​ថា៖ «ទឹកឃ្មុំ ជា​ប្រភព​ចំណូល​មួយ​របស់​សហគមន៍។ ឆ្នាំនេះ​យើង​រក​ឃ្មុំព្រៃ​បាន​ច្រើន​គួរ​សម​ជាង​ឆ្នាំមុន»។ 

លោក​បាន​ឱ្យ​ដឹង​ថា ការ​រក​ឃ្មុំព្រៃ​ធ្វើឡើង​តែ​ក្នុង​ខែ​ប្រាំង​ប៉ុណ្ណោះ ដែល​អាច​ចាប់ផ្តើម​ពី​ខែ​មីនា​ រហូត​ដល់​ខែ​មិថុនា។ក្នុង​អំឡុង​ពេល​នេះ អ្នក​ភូមិ​ស្ទើរ​គ្រប់​ផ្ទះ​តែងតែ​ចេញ​ទៅ​រកឃ្មុំ លើកលែង​តែ​មនុស្ស​ចាស់។ 

ទោះយ៉ាងណា លោក ស៊ីនួន បាន​អះអាង​ថា ការ​ចេញ​ទៅ​រក​ឃ្មុំម្តងៗ​មិន​ប្រាកដ​ថា​ទទួល​បាន​ផលច្រើន​ដូចការ​រំពឹង​ទុកនោះ​ទេ។ ម្យ៉ាង​វិញ​ទៀត អ្នក​រកឃ្មុំ​ព្រៃ​ត្រូវ​ដើរ​រក​ជាក្រុមៗ ដែល​ក្រុម​តូច​មាន​គ្នាពី ៣ ទៅ ៤​នាក់ ព្រោះ​ថា​ នៅ​ក្នុង​ព្រៃជ្រៅ​ឆ្ងាយ​ពី​ផ្ទះ គឺ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ច្រើន ដូចជា ការ​រអិល​ធ្លាក់​ពី​លើ​ដើមឈើ និង អាច​ជួប​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ក៏​មាន។ 

លោកថា ចំពោះ​ក្រុម​លោក​អាច​រក​បាន​រក​ទឹក​ឃ្មុំព្រៃ​ប្រមាណ​ជា ៤ ទៅ ៥ កាន​ (១កាន់​ចំណុះ​៣០លីត្រ) នៅ​ក្នុង​ជិតមួយ​រដូវនេះ។ ទឹកឃ្មុំ​ខែ​ចែត្រ លក់​បាន​តម្លៃ​ពី​ ៦ ទៅ ៧ ម៉ឺន​រៀល​ក្នុង​១លីត្រ ព្រោះ​ក្នុង​រដូវប្រាំង​ទឹកឃ្មុំ​វាខាប់​ល្អ តែ​បើក្រោយ​ពី​មាន​ភ្លៀងធ្លាក់​ខ្លះហើយ តម្លៃ​បាន​ធ្លាក់​ចុះ​បន្តិច​មក​នៅ​ប្រមាណ​ជាជាង ៥ម៉ឺន​រៀល​ក្នុង ១លីត្រ ដោយសារ​តែទឹកឃ្មុំ​រាងរាវបន្តិច។

លោក​បាន​និយាយ​ថា៖ «លូវព្រៃ​នៅ​ឆ្ងាយៗ​ពី​ផ្ទះ យើង​ជិះ​ម៉ូតូ​កន្លះថ្ងៃ ឬ​មួយ​ថ្ងៃ​ទំរាំ​ដល់​ព្រៃ​រកឃ្មុំ។ ព្រៃឈើ​ជា​ជម្រកសំបុក​ឃ្មុំ​ដ៏​សំខាន់។ បើ​បាត់​បង់​ព្រៃឈើ​ក៏​វា​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​រកឃ្មុំ រក​ចំណូល​យើង ឬ​ការ​ប្រែប្រួល​អាកាសធាតុដែរ ព្រោះ​ពលរដ្ឋ​រស់​ដោយ​ពឹង​លើ​ព្រៃឈើ»៕