​រដ្ឋាភិបាល​សម្រេច​បង្កើត​ទីភ្នាក់ងារ​កម្ពុជា​ប្រឆាំង​ដូ​ប៉ា​ (Cambodia Anti-Doping Agency) ដែលមាន​អក្សរ​កាត់​ថា ទ​.​ក​.​ប​.​ដ ឬ​CADA​ដើម្បី​ប្រឆាំង​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង​ដែល​អន្តរជាតិ​ហាមឃាត់ ក្នុងន័យ​ធានា និង​រក្សា​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​កីឡា ដែល​គោរព​តាម​និយាម​អន្តរជាតិ ខណៈ​សារធាតុ​ដូ​ប៉ា ជា​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​។​

ការបង្កើត​នេះ​យោងតាម​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៤ ដែល​ផ្អែក​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហង់​ជួន ណា​រ៉ុ​ន ក្នុង​គោលដៅ​កំណត់​បទ​ប្បញ្ញត្តិ​ទូទៅ ដើម្បី​ចូលរួម​អនុវត្ត​អនុសញ្ញា​អន្ដរជាតិ​ប្រឆាំងនឹង​ការប្រើប្រាស់​សា​ធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។​

ទីភ្នាក់ងារ​នេះ​មាន​សមាសភាព​ក្រុមប្រឹក្សាភិបាល​ដែលមាន​រដ្ឋមន្ត្រី​អប់រំ ជា​ប្រធាន​, និង​អនុប្រធាន​ចំនួន​២​រូប​ដែល​មកពី​ក្រសួងមហាផ្ទៃ និង​ក្រសួង​អប់រំ រួម​នឹង​សមាជិក​២ រូប​ទៀតផង​ដែរ​ដែល​មកពី​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​។​

​ផ្អែក​តាម​អនុក្រឹត្យ ទីភ្នាក់ងារ​នេះ​មាន​តួនាទី​ជា​សេនាធិការ​រដ្ឋាភិបាល​ដូចជា​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព បទ​ប្បញត្តិ​នានា​ពាក់ព័ន្ធ​ការប្រឆាំង​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា ក៏ដូចជា​ផ្សព្វផ្សាយ​បទ​ប្ប​ញ្ញ​ត្ដិ​ដទៃទៀត និង​អនុម័ត​លក្ខន្ដិកៈ​ប្រឆាំង​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា ជាមួយនឹង​តួនាទី​ស្រាវជ្រាវ​សារធាតុ និង​វិធីសាស្ដ្រ​ដែល​ត្រូវបាន​ហាមឃាត់ ហើយ​ផ្សព្វផ្សាយ​ពី​បញ្ហា​ទាំងនេះ រួម​នឹង​ភារកិច្ច​មួយចំនួនទៀត​។​

​បន្ថែម​ពីនេះ ទីភ្នាក់ងារ​នេះ​ក៏ត្រូវ​លើកទឹកចិត្ត​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន ដៃគូ​សហការ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឱ្យចូល​រួមការ​ប្រឆាំង​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា ព្រមទាំង​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​លក្ខន្ដិកៈ​ប្រឆាំង​ដូ​ប៉ា​របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ចូលរួម​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​កម្រិត​ជាតិ តំបន់ និង​អន្ដរជាតិ​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា​ការបង្កើត​ទីភ្នាក់ងារ​ក​ម្ពុ​ជា​ប្រឆាំង​ដូ​ប៉ា ជា​យន្តការ​សំខាន់​ដើម្បី​កសាង​កីឡា​ស្អាតស្អំ​នៅ​កម្ពុជា​។​

លោក ថ្លែងថា យន្តការ​នេះ​បានទទួល​ការ​សាទរ​ពី​សហគមន៍ជាតិ និង​អន្តរជាតិ និង​អាច​ពង្រឹងគុណភាព​វិស័យ​កីឡា​កម្ពុជា​ផង ដែល​បង្ការ​មិនឱ្យ​កីឡាករ​រូប​ណា​ប៉ះពាល់​សារធាតុ​ណា​ដែល​ហាមឃាត់​។​

​លោក​បាន​ថ្លែងថា​៖ «​សារធាតុ​ដូ​ប៉ា​នេះ​សំដៅ​ទៅលើ​សារធាតុ​ដែល​ហាមឃាត់ នៅក្នុង​ការលើក​កម្លាំង​ខុសពី​បទបញ្ជា​ការប្រកួត​។ សារធាតុ​នេះ​ត្រូវបាន​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​នេះ ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា ដែលមាន​អនុសញ្ញា​អន្តរជាតិ​ហាមឃាត់​»​។ 

​លោក វ៉ា​ត់ ចំរើន បន្តថា ៖ «​យើង​បង្កើត​នេះ ដើម្បី​ពង្រឹង​ភាព​ស្អាតស្អំ​នៃ​កីឡា និង​ការលេង​ដោយ​យុត្តិធម៌ ដោយ​មិនត្រូវ​ប្រើ​សារធាតុ​ប៉ូវ​ខុសច្បាប់​។ សារធាតុ​នេះ​ជះឥទ្ធិពល​ដល់​ក្រមសីលធម៌ និង​យុត្តិធម៌​ក្នុងការ​ប្រកួត​កីឡា​»​។​

​លោក​បាន​បន្ថែមថា កន្លងមក មាន​ករណី​ព្យួរ​កីឡាករ និង​ករណី​ហាមឃាត់​កីឡាករ​ផងដែរ នៅ​បណ្តា​ប្រ​ទស​មួយចំនួន និង​ព្រឹត្តិការណ៍​កីឡា​ធំៗ​មួយចំនួន តួយ៉ាង​កាលពី​ឆ្នាំ​២០១៦ នា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ មាន​ករណី​កីឡាករ​រុស្ស៊ី​ដែល​បាន​ប្រើ​សារធាតុ​ដូ​ប៉ា​នេះ ហើយ​ត្រូវបាន​គេ​ព្យួរ ខណៈ​កម្ពុជា​មិន​ធ្លាប់មាន​ប្រវត្តិ​ប្រើប្រាស់​សារធាតុ​នេះឡើយ​។ 

លោក​បាន​បន្តថា ការបង្កើត​ទី​ភ្នា​ក់​នេះ ស្របពេល​កីឡាករ កីឡាការិនី​កម្ពុជា​កាន់​តែមាន​សមត្ថ​ភាព​និង​ប្រឡូក​ក្នុង​ឆាក​អន្តរជាតិ ដែល​អាច​ធានា​ស្តង់ដា​កីឡា​កម្ពុជា​ផង​។

​​លោកប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា ការបង្កើត​ទីភ្នាក់ងារ​នេះ​មាន​ភាពចាំបាច់​ដើម្បី​ធានា និង​រក្សា​ភាព​ស្អាតស្អំ​របស់​កីឡាករ​កម្ពុជា ក៏ដូចជា​ដើម្បី​បំពេញ​ស្តង់ដា​និង​លក្ខខណ្ឌ​តម្រូវ​ក្នុង​វិស័យ​កីឡា​លើ​ឆាក​អន្តរជាតិ​ផង​។​

លោក​ថា​៖ «​ការងារ​របស់​ទីភ្នាក់ងារ​នេះ​នឹងចូលរួម​ចំណែក​នៅក្នុង​ការលើកកម្ពស់​គុណ​ត​ម្លៃ និង​ស្តង់ដា​នៃ​កីឡាករ​យើង​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ​»៕