​ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ក្រុម ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅដល់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ប្រកបដោយ​សុវត្ថិ​ភាព នៅ​ព្រឹក​ថ្ងៃទី​ ២៧ ខែមីនា​នេះ​។ លោក​ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំ​ណាក់​មន្ត្រី​ថ្នាក់ដឹកនាំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកអគ្គរដ្ឋទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជា​ច្រើន​ទៀត​។​

​ការធ្វើដំណើរ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន របស់លោក​ហ៊ុន សែន ធ្វើឡើង តប​តាម​ការអញ្ជើញ​របស់លោក លី ប៉ោ​ទុង អគ្គលេខាធិការ នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​បូ​អាវ ដែល​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​ ២៧ ​ដល់​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ ២០២៤ នៅ​ខេត្ត​ហៃ​ណាន ប្រទេស​ចិន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក លោក​ហ៊ុន សែន​។​

​ប្រភព​ដដែល​បានឱ្យដឹងថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី (BFA) ជា​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​អន្ដរជាតិ ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​។ បូ​អាវ បាន​ក្លាយជា​វេទិកា​លំដាប់​ខ្ពស់​មួយ​សម្រាប់​កិច្ចសន្ទនា​គ្នា ក្នុងចំណោម​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្រិ​ត​ជាតិ ក្នុង​រង្វង់​ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច រួមទាំង​បញ្ញវន្ត​នៃ​បណ្តា​ប្រ​ទេស​នៅ​ទ្វីបអាស៊ី និង​ទ្វីប​ដទៃទៀត ដែល​ធ្វើការ​សន្ទនា​គ្នា​អំពី​បញ្ហាសំខាន់ៗ ក្នុង​តំបន់​អាស៊ី និង​ពិភពលោក​ទាំងមូល​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី មាន​គោល​​ដៅ​លើកកម្ពស់ និង​ធ្វើឱ្យ​កិច្ច​សហប្រតិបត្តិ​ការដោះដូ​រ សេដ្ឋ​កិច្ច កិច្ចសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ នៅក្នុង​តំបន់​អាស៊ី និង​រវាង​អាស៊ី និង​តំបន់​ផ្សេង​ទៀត​នៅ​ជុំវិញ ពិភពលោក​»​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឱ្យដឹងថា ប្រតិភូ​អមដំណើរ​លោក​ ហ៊ុន សែន ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​ចិន​លើក​នេះ រួមមាន សមាជិក​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ឥស្សរ​ជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ជាច្រើនរូប ព្រមទាំង​ថ្នាក់​ដឹក​នាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ផងដែរ​។​

​ក្រសួងការបរទេស​បាន​ឱ្យដឹងថា​៖ «​សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​សន្និសីទ​ក្រោម​មូលបទ «​អាស៊ី​និង​ពិភពលោក​៖ បញ្ហា​ប្រឈម និង​ការទទួលខុសត្រូវ​​រួម​»​។ វេទិកា​នេះ​នឹងមាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋា​ភិ​បាល ធុរកិច្ច ស្ថាប័ន​សិក្សា​ស្រាវជ្រាវ អង្គការ​អន្តរជាតិ និង​អង្គការ​តំបន់​នានា ដើម្បី​ពិភាក្សា​អំពី​បញ្ហាសំខាន់ៗ​ដែល​កំពុង​ប្រឈម និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​»​។​

លោក ហ៊ុន សែន ទស្សនកិច្ចវិទ្យាស្ថាន​កសិកម្មត្រូពិច​​ ក្រុងវិនឆាង។ រូប SHS

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា អំឡុងពេល​ចូលរួម​វេទិកា​ខាងលើនេះ លោក ហ៊ុន​ សែន នឹង​ជួប​សម្តែង​ការគួរ​សមជា​មួយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ចិន​ជាច្រើនរូប​រួមមាន លោក ចាវ ឡឺ​ជី ប្រធាន​គណៈ​​ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន និង លោក ហឺ វ័យ​ទុង សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស និង​ជា​អនុប្រធាន​ទី​២ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស និង​លោក ហ្វឹ​ង ហ្វី លេខា​​ធិ​ការ នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​ហៃ​ណាន​។

មិនតែប៉ុណ្ណោះ លោក ​ហ៊ុន​ សែន ក៏​នឹង​អញ្ជើញ​បំពេញ ទស្សនកិច្ច​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ កសិកម្ម​ត្រូ​ពិ​ក​ចិន (CATAS) និង​ទីក្រុង​អវកាស​អន្តរជាតិ វិ​ន​ឆាង ក្នុង​គោល​បំណង ជំរុញ​កិច្ច​សហប្រតិបត្តិ​​ការ​កម្ពុជា​-​ចិន លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​បច្ចេកវិទ្យា ផងដែរ​។​

​ដោយឡែក​នៅ​ថ្ងៃ​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ លោក ស៊ិន មីង​រ៉ុង (Shen Mingrong) ប្រធាន​ក្រុមហ៊ុន ​Zhenjiang ZhoungChao New Material Co,Ltd. និង​ប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​ ១៧ របស់​ប្រទេស​ចិន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​នេះ លោក ស៊ិន មីង​រ៉ុង បានបង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត ក្នុងការ​ជំរុញ និង​ពង្រីក​ការវិនិយោគ ក៏ដូចជា​ការ​ទាក់​ទាញ​នូវ​វិនិយោគិន​ថ្មីៗ​បន្ថែមទៀត មក​កម្ពុជា សំដៅ​រួម​ចំ​ណែ​ក​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ស្របតាម​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ជាពិសេស គឺ​សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា “​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ស្របតាម​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើតាម​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ក្នុងជំនួប​នោះដែរ ប្រធាន​ក្រុម​​ហ៊ុន​ Zhenjiang បាន​បញ្ជាក់ថា ក្រុមហ៊ុន​ទាំង ​១៧ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ រួមមាន​វិស័យ​វាយ​ន​ភណ្ឌ បច្ចេកវិទ្យា​ព័ត៌មាន ឧស្សាហកម្ម ហិរញ្ញវត្ថុ និង​ធនាគារ ថាមពល ការ​គ្រប់​គ្រង​សំណល់ និង​ទឹកស្អាត អចលនទ្រព្យ គម្រោង​អភិវឌ្ឍន៍ជនបទ​,​ធានារ៉ាប់រង បរិស្ថាន និង ក្រុមហ៊ុន​វិនិយោគ​ដែល​ផលិត​នូវ​ផលិតផល​ផ្សេងៗ ដូចជា ក្រដាស និង​ដែក ជា​ដើម​។

លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គោរព​ស្នើសុំ​ការ​ស្វែង​​យល់​បន្ថែម​អំពី​គោ​លន​យោ​បាយ និង​យុទ្ធសាស្ត្រ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល គោ​លន​យោ​​បាយ​ក្នុងការ​គ្រប់គ្រង និង​ការ​បង្វិលប្រាក់​វិនិយោគ គោល​នយោបាយ នៃ​ការគ្រប់គ្រង​កម្លាំង​ពលកម្ម​ទាំង​ក្នុងស្រុក និង​ពលករ​ជំនាញ​បរទេស និង​គោលនយោបាយ​ផ្នែក​ថា​ម​ពល​បៃតង និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ត​ភ្ជាប់​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បញ្ជាក់ថា កម្ពុជា​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​បើកទូលាយ ប្រកប​ដោយ​ភាពបត់បែន និង​ជាក់​​ស្តែង​និយម ដោយ​រក្សា​ភ្ជាប់​នូវ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយ​គ្រប់​បណ្ដា​​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​ថា​៖ «​ការបើក​ទូលាយ​នេះ ដើម្បី​ធានាបាន​នូវ​ការ​ប្រកួតប្រជែង និង​ការ​ផ្ដល់នូវ​បរិយាកាស​វិនិយោគ​ល្អប្រសើរ​»​។

​លោកបាន​ប្រាប់​ទៅ​ប្រធាន​ក្រុមហ៊ុន​ Zhenjiang​ ថា រាជ​​រដ្ឋាភិបាល បាននិងកំពុង​តែ​ដាក់ចេញ​នូវ​គោលនយោបាយ​អាទិភាព​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស តាមរយៈ​ការ​ធ្វើការ​កែទម្រង់​វិស័យ​អប់រំ និង​ការលើកកម្ពស់​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​បច្ចេក​ទេស ក៏ដូចជា​បន្ត​ពង្រឹង​កម្មវិធី​ការបង្កើន​ជំនាញ និង​ការផ្លាស់​ប្តូរ​ជំនាញ ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស ជាពិសេស​កម្លាំង​ពលកម្ម​ជំនាញ ដែល​អាច​ឆ្លើយ​​តប​ទៅតាម​តម្រូវការ​ទីផ្សារ​ការ​ងារ​។ លោក​ក៏បាន​បញ្ជាក់​អំពី​ការបន្ត​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​វិនិយោគ​ទៅលើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ត​ភ្ជាប់​សំខាន់ៗ​៕