​ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឱ្យ​ចាញ់បោក​អាជីវកម្ម​កម្ចី​អន​ឡាញ ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កម្ពុជា កម្ចី​រហ័ស​» ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្មភូត​កុហក និង​អះអាងថា អាជីវកម្ម​របស់ខ្លួន​បាន ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួង​។​

​ការប្រកាស​បែបនេះ​ធ្វើឡើង បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម បានទទួល​ពាក្យ​​បណ្ដឹង​ពី​សាធារណជន​ពី​ករណី​មានការបោកប្រាស់​ពី​អាជីវកម្ម​កម្ចី​អន​ឡាញ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កម្ពុជា កម្ចី​រហ័ស​»​​ បាន​ផ្សព្វផ្សាយ​ដោយ​អះអាងថា អាជីវកម្ម​ខ្លួន​បានធ្វើ​ការចុះ​បញ្ជីពាណិជ្ជកម្ម​ត្រឹមត្រូវ និង​មានការ​ទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម​។​

​ក្រសួង​បន្តថា គេហទំព័រ​ដដែល​នេះ ក៏បាន​ប្រើប្រាស់​រូប​សញ្ញា (Logo) របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភូតកុហក​ធ្វើឱ្យ​សាធារណ​​ជន​មានការ​ភាន់ច្រឡំ ដើម្បី​ទាញយក​ផលប្រយោជន៍​ដល់​អាជីវកម្ម​របស់ខ្លួនផងដែរ​។ សេចក្ដីប្រកាស​របស់​ក្រសួង​ពា​ណិ​ជ្ជ​កម្ម បាន​បញ្ជាក់ថា​៖ «​សូមប​ដិ​សេធ​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​របស់​អាជីវ​កម្ម​កម្ចី​អន​ឡាញ​មួយ​នេះហើយ​អាជីវកម្ម​កម្ចី​អន​ឡាញ​នេះ​ក៏​ពុំបាន​ចុះ​បញ្ជីពាណិជ្ជកម្ម និង​ពុំមាន​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​​ត្រូ​និក​ពី​ក្រសួងពាណិជ្ជកម្ម​ដែរ​»​។​

​ក្រសួង​បាន​ព្រមាន​ថា ម្ចាស់​អាជីវកម្ម​កម្ចី​អន​ឡាញ «​កម្ពុជា​កម្ចី​រហ័ស​» ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​រូប​សញ្ញា (Logo) និង​អំណះអំណាង​ពាក់​​ព័ន្ធ​ក្រសួងពាណិជ្ជកម្ម ហើយ​ក្រសួងពាណិជ្ជកម្ម នឹង​អនុវត្ត​វិធានការ តាម​នីតិវិធី​ជា​ធរមាន​ចំពោះ​ការផ្សព្វផ្សាយ​បោក​​ប្រាស់​ដែលនាំឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ក្រសួងពាណិជ្ជកម្ម​។​​មិនអាច​ទាក់ទង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កម្ពុជា កម្ចី​រហ័ស​» ​ដើម្បី​សុំ​ធ្វើការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​ ២៧ ខែមីនា​។​

​ទាក់ទង​រឿងនេះ​លោក ​អំ សំអាត នា​យក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែងថា ស្ថានភាព​បច្ចុប្បន្ននេះ លោក​មើលឃើញថា បញ្ហា​កម្ចី​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺមាន​ការផ្សព្វផ្សាយ​ច្រើន​ទាំង​នៅលើ​បណ្ដាញ​សង្គម និង​នៅតាម​ទី​សា​ធារ​ណៈ​ខណៈ​ប្រជាពលរដ្ឋ​ដែលជា​ជន រងគ្រោះ​ក៏មាន​ច្រើន​ផងដែរ​។ ការរង​គ្រោះ​នេះ​ដោយសារ​ប្រជាពលរដ្ឋ​មិនមាន​ការ​យល់ដឹង​ពី​អាជីវកម្ម ឬ​ក្រុមហ៊ុន​កម្ចី​ណា​ដែល​ស្របច្បាប់ និង​មិន​ស្របច្បាប់ ជា​ពិសេស​ក៏​អាចធ្វើឱ្យ​ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​បង្ខំ​ឱ្យ​ថតរូប​អាក្រាតកាយ​ដើម្បី​ផ្ញើ​ជាការ​ដោះដូរ​ជាមួយ​ការបង់​ប្រាក់កម្ចី​ជាដើម​។ 

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែមាន​ការប្រកាស​ថា មាន​ក្រុមហ៊ុន​ណាខ្លះ ដែល​ស្របច្បាប់ និង​ក្រុមហ៊ុន​ណាខ្លះ​ដែល​មិន​ស្របច្បាប់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​កុំឱ្យ​ធ្លាក់​ក្នុងការ​ចាញ់បោក ឬ​រងគ្រោះ​ដោយសារ​កម្ចី​អន​ឡាញ​ហ្នឹង​»​។​

​លោក​បន្តថា មួយវិញទៀត​នៅពេល​មាន​បណ្ដឹង ឬក៏​ការផ្សព្វផ្សាយ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​គួរតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ការរីក​រាលដាល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ច្រើន​។ ជាមួយគ្នានេះ លោក អំ សំអាត ក៏បាន​រំឭក​ឱ្យ​ពលរដ្ឋ គួរតែមាន​ការពិចារណា ក៏ដូចជា​សិក្សា​ទៅលើ​កម្ចី​ណា​ដែល​ផ្ដល់​កា​ប្រាក់​ឱ្យ​ងាយស្រួល​ពេក ជាពិសេស​ត្រូវ​សិក្សា​ទៅលើ​ដំណើរការ​អាជីវកម្ម ឬ​ក្រុមហ៊ុន​កម្ចី​ទាំងនោះ​ឱ្យបាន​ច្បាស់ ដើម្បី​កុំឱ្យ​ខ្លួន​ក្លាយជា​ជនរងគ្រោះ​បន្តបន្ទាប់​ទៀត​៕