ភ្នំពេញៈ ក្រសួងបរិស្ថានបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម សំណល់រឹងនៅទីប្រជុំជនឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលឆាប់ៗនេះ។
យោងតាមសេចក្តីអំពាវនាវកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ បានលើកឡើងថា ក្រសួងបរិស្ថានសូមកោតសរសើរជូនចំពោះគ្រប់ភាគីពាក់ព័ន្ធប្រមាណ៧,២លានអង្គ/នាក់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនានៃភាពស្អាត និងបានធ្វើឱ្យប្រទេសកម្ពុជាយើងទទួលបានបរិស្ថានស្អាតទូទាំងប្រទេសគួរជាទីមោទនៈ។
ទន្ទឹមគ្នានេះនេះដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងបរិស្ថាន សូមអំពាវនាវដល់សាធារណជន និងគ្រប់ភាគីទាំងអស់បន្តចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការពារថែរក្សាបរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ដោយក្រសួងបានបញ្ជាក់ថា៖ «ការរួមចំណែកក្នុងចលនានៃភាពស្អាតនឹងធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ដែលនឹងផ្តល់ភាពរីករាយ និងសុខុមាលភាពនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ»។
ក្នុងន័យនេះដែរ ក្រសួងបរិស្ថានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមក្នុងចលនាស្អាត ដោយបោសសម្អាតសំរាម សំណល់រឹងតាមមុខលំនៅឋាន និងយកទៅដាក់ក្នុងធុងសំរាមនៅតាមទីសាធារណៈឱ្យបានត្រឹមត្រូវ ធ្វើការទុកដាក់និងវេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវហើយរង់ចាំបញ្ចេញសំណល់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនត្រូវចោលសំរាម សំណល់រឹងចូលក្នុងប្រភពទឹកនានា ឬដុតនៅតាមទីសាធារណៈឡើយ។
ក្រសួងបរិស្ថានសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់អាជីវកម្ម និងសេវាកម្មទាំងអស់ នឹងចូលរួមជាមួយក្រសួងបរិស្ថានតាមការអំពាវនាវនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងមនោសញ្ចេតនាស្រឡាញ់ និងថែរក្សាបរិស្ថានកម្ពុជា។
ជុំវិញការអំពាវនាវនេះដែរលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានឱ្យដឹងថា លោកបានដឹកនាំសហគមន៍ចំនួន៤ដែលមានជាង២០ភូមិ ចូលរួមធ្វើសកម្មភាពក្នុងយុទ្ធនាការសម្អាតសំរាមប្លាស្ទិកនៅបឹងទន្លេសាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។
លោក សុផល បានបន្តថា៖ «ការអំពាវនាវឱ្យរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងនាពេលនេះ គឺបង្ហាញពីការគាំទ្រចលនាយុទ្ធនាការរបស់សហគមន៍ក្នុងយុទ្ធនាការសម្អាតសំរាមប្លាស្ទិកនៅបឹងទន្លេសាប ពិសេសតំបន់ជុំវិញបឹងទន្លេសាបផងដែរ»។
បន្ថែមពីនេះ លោករំពឹងថា ការអំពាវនាវរបស់ក្រសួងនឹងជំរុញឱ្យសហគមន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កាន់តែមានម្ចាស់ការក្នុងការចូលរួមសម្អាតបរិស្ថានកាន់តែទូលំទូលាយ ពិសេសឈានទៅកាត់បន្ថយសំរាមប្លាស្ទិកនៅកម្ពុជាបានកាន់តែប្រសើរថែមទៀត។ យ៉ាងណាមិញ លោកក៏ជំរុញឱ្យទាំងអស់គ្នាចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម សំណល់រឹងឱ្យបានជារៀងរហូត មិនមែនត្រឹមតែអំឡុងបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ។
ពាក់ព័ន្ធនឹងការរក្សាភាពស្អាត និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកជំនាញរបស់ក្រុមហ៊ុនអ៊ីនត្រាកូ ហូលឌីង (INTRACO Holding) នៃប្រទេសវៀតណាម កាលថ្ងៃទី ២៦ ខែមីនា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានប្រកាសគាំទ្រការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតដើម្បីរួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស ពិសេសសំដៅទទួលបានភាពស្អាតជំរុញដល់ពាណិជ្ជកម្មកាបូន ៤១,៧ ភាគរយនៅឆ្នាំ ២០៣០ ផងដែរ៕