អ្នកសិក្សាស្រាវជ្រាវនិយាយថា ព្រែកជីកហ្វូណនតេជោ មិនបង្កផលប៉ះពាល់ផ្នែកបរិស្ថានទេ ប៉ុន្តែបង្កើតផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។ អ្នកជំនាញនៅវៀតណាមកំពុងលើកឡើងពីក្ដីកង្វល់ពីព្រែកជីកនេះ ខណៈលោក សម រង្ស៊ី រងការរិះគន់សម្រាប់ការស្នើឲ្យពិចារណាឡើងវិញទៅលើគម្រោងនេះ។
គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានប្រកាសកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានសិក្សាលទ្ធភាពអស់រយៈពេល២៦ខែ។ គម្រោងព្រែកជីក ១៨០គីឡូម៉ែត្រនេះនឹងចំណាយទឹកប្រាក់ ១.៧ពាន់លានដុល្លារ និងពេលវេលាសាងសង់ ៤ឆ្នាំ។
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា គម្រោងនេះនឹងចាប់ផ្ដើមដំណើរការសាងសង់នៅត្រីមាសទី៤ក្នុងឆ្នាំនេះ។ ប៉ុន្តែភាគីវៀតណាម និងអ្នកស្រាវជ្រាវនៅវៀតណាមបង្ហាញក្ដីបារម្ភអំពីផលប៉ះពាល់ពីគម្រោងនេះទៅលើកង្វះទឹកនៅតំបន់ដីសណ្ដទន្លេមេគង្គ និងការហូរចូលទឹកប្រៃពីសមុទ្រដែលប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី ២៥ ខែមេសានេះ។
អ្នកស្រាវជ្រាវវៀតណាមបានរៀបចំសន្និសីទមួយកាលពីថ្ងៃទី២៣ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហានេះ។ នេះបើតាមសារព័ត៌មានដដែល។
ក្រៅពីវៀតណាម លោក សម រង្ស៊ី ដែលជាអតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាដែលកំពុងរស់នៅបរទេសក៏បានបង្ហាញកង្វល់អំពីគម្រោងនេះដែរ។ នៅថ្ងៃទី២៥ ខែមេសានេះ លោកបានសរសេរនៅលើបណ្ដាញសង្គមក៏ដូចជាតាមអ៊ីម៉ែលផ្ញើទៅសារព័ត៌មាននានាអំពីបញ្ហានេះនិងស្នើពិចារណាឡើងវិញ។
លោកចោទប្រកាន់ថា៖ « បំណងធំនៃព្រែកជីកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្តដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួនទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិនរួចទៅហើយ»។
ប៉ុន្តែការលើកឡើងបែបនេះ ទទួលរងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ដោយពួកគេចោទជាសំណួរថា តើលោក សម រង្ស៊ី បម្រើឲ្យផលប្រយោជន៍ខាងណា។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក សម រង្ស៊ី ប្រឆាំងគ្រប់រឿងដើម្បីឲ្យលោកជាប់ឈ្មោះជាអ្នកប្រឆាំង ដោយមិនគិតពីផលប្រយោជន៍សម្រាប់ប្រទេសឡើយ។
លោកថ្លែងថា៖ «គាត់ប្រឆាំងដើម្បីតែប្រឆាំង។ គាត់មិនជួយអ្វីដល់កម្ពុជា បែជារួមដៃជាមួយបរទេសមកវាយខ្មែរ។ គាត់និយាយអីចឹង តើគាត់បានសិក្សាទេ? យើងដឹងហើយថា មានទឹកគឺមានផ្លូវ»។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក សុខ ទូច បានពន្យល់លម្អិតអំពីស្ថានភាពនៃព្រែកជីកនេះ ដោយលោកលើកឡើងថា ផលប៉ះពាល់មានមិនស្មើនឹងទំនប់វារីអគ្គិសនីមួយក្នុងចំណោមទំនប់វារីអគ្គិសនីជាច្រើននៅផ្នែកខាងលើនៃដងទន្លេមេគង្គ។
លោកថា កម្ពុជាដាច់ខាតត្រូវការព្រែកជីកហ្វូណន ព្រោះបច្ចុប្បន្ននេះការដឹកជញ្ចូនតាមនាវាត្រូវឆ្លងកាត់វៀតណាមត្រូវការចំណាយប្រាក់ច្រើន ហើយការដឹកជញ្ជូនតាមផ្លូវទឹកមានប្រសិទ្ធិជាងដឹកតាមផ្លូវគោកមិនថា តាមរថភ្លើងឬឡាន។ ព្រែកជីកនេះក៏ទាក់ទាញវិនិយោគិនបរទេសផងដែរតាមរយៈការចំណាយថ្លៃដើមទាប។
ចំពោះការបារម្ភអំពីការកើនឡើងនៃទឹកប្រៃនៅដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាម លោកថា វាកើតឡើងដោយសារនីវូទឹកសមុទ្រខ្ពស់ស្របពេលដែលកម្រិតទឹកទន្លេមេគង្គទាបដោយសារតែមានការសាងសង់ទំនប់នៅផ្នែកខាងលើ។
លោកនិយាយថា៖ «កម្ពុជាមានសិទ្ធិសម្រេច កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន កម្ពុជាប្រើប្រាស់យុទ្ធសាស្ត្រផ្កាចម្រុះពណ៌ គឺអ្នកណាក៏យើងត្រូវជាមួយដែរឲ្យតែមានគោលនយោបាយនិងទិសដៅរួមគ្នា»។
លោកបន្តថា៖ «មួយទៀតនៅពេលយើងមានព្រែកជីកហ្វូណនតេជោនេះ វិស័យកសិកម្ម វិស័យដាំដុះបន្លែ យើងលែងជាកង្វល់ហើយសម្រាប់អ្នករស់នៅតាមដងព្រែកនេះ ព្រោះមានទឹកមានអ្វីៗទាំងអស់»។
ពាក់ព័ន្ធនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឬការប្រើប្រាស់ព្រែកជីកនេះដោយយោធាចិន ដូចអ្វីដែលលោក សម រង្ស៊ី លើកឡើង លោក សុខ ទូច ថ្លែងថា ព្រែកជីកនេះមិនគួរត្រូវបានលើកមកធ្វើជាអំណះអំណាងទេ ព្រោះបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន ដែលសកម្មភាពយោធាមិនអាចលាក់បាំងបានឡើយ។
លោកថា៖ «បើអាមេរិកមិនដឹង អាមេរិកមិនអាចទៅបាញ់មេទ័ពអ៊ីរ៉ង់ម្នាក់មិនឲ្យខុស ហើយទៅកាត់ក្បាល អូសាម៉ា ប៊ិន ឡាដិននៅប៉ាគីស្ថានដែលសូម្បីតែ ប៉ាគីស្ថាន ខ្លួនឯងក៏មិនបានដឹងផង។ នេះដោយសារផ្កាយរណបគេខ្លាំងណាស់។ រឿងអីអ្នកឯងមកបង្ខូចកម្ពុជាថាជីកព្រែកហ្វូណនតេជោដើម្បីឲ្យទ័ពចិនចូល។ ចុះហ្វីលីពីនមានទ័ពអាមេរិកដែរម៉េចក៏អ្នកឯងមិនគិត? ចុះជប៉ុនមានទ័ពអាមេរិកដែរម៉េចក៏មិនគិត?»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្រៅតែពីការជញ្ជូនទំនិញបានលឿន ព្រែកជីកនេះកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ទៅ ៣០០ដុល្លារក្នុងមួយទូកុងតឺន័រ។ លោកលើកឡើងបែបនេះដោយយោងទៅលើការស្រាវជ្រាវរបស់ក្រសួងសាធារណៈការ។
លោកថ្លែងថា៖ «ការកាត់បន្ថយថ្លៃដើម ៣០០ដុល្លារនេះវាបង្កើនឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ៣០០ ដុល្លារក្នុងមួយទូរកុងតឺន័រយើងអាចឆ្លើយតបទៅនឹងការដាក់របាំងពន្ធរបស់អឺរ៉ុប និងអាមេរិកបាន។ នៅពេលកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវដកចេញពីកម្ពុជា... អីចឹងព្រែកជីកហ្វូណននេះជួយកាត់បន្ថយថ្លៃដើមដែលធ្វើឲ្យយើងនៅតែមានឧត្តមភាពនៃការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗលើពិភពលោក»។
លោកបន្តថា ផលប្រយោជន៍មួយទៀតគឺងាយស្រួលសម្រាប់ការដឹកជញ្ជូនកសិកផល។ នៅពេលមានព្រែកជីកនេះ ខេត្តនានានៅជុំវិញបឹងទន្លេសាបក៏អាចដឹកជញ្ជូនកសិផលតាមទន្លេសាបមកកាន់ភ្នំពេញហើយបន្តទៅដល់សមុទ្រ។ ក្រៅពីនេះ ព្រែកជីកនេះក៏បង្កើតតំបន់ទេសចរណ៍នៅតាមដងព្រែក ដែលមានផលប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋមូលដ្ឋានផងដែរ។
បើតាមលោក សេរីវឌ្ឍន៍ ផលប្រយោជន៍មួយទៀតគឺការបង្កើតសក្ដានុពល និងសុទិដ្ឋិនិយមរបស់ពលរដ្ឋ ដែលធ្វើឲ្យពួកគាត់រំពឹងថា ចាប់ពីថ្ងៃនេះទៅកម្ពុជាមានដង្ហើមដកដោយខ្លួនឯងហើយ»។
លោកនិយាយថា៖ «សូមកុំពាក់វែនតាខ្មៅ ព្រោះបើពាក់វែនតាខ្មៅ យើងមើលឃើញមេឃស្រទុំ យើងមើលឃើញប្រទេសយើងខ្មៅងងឹងពេក យើងអត់រីកចម្រើនទេ»៕