ប្រជាលរដ្ឋដែលបានធ្វើដំណើរលើស្ពានអាកាសថ្មីតភ្ជាប់មហាវិថីព្រះមុនីវង្សនិងមហាវិថីសម្ដេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បង្ហាញក្ដីរីករាយ បន្ទាប់ពីស្ពានអាកាសដែលមានប្រវែងវែងជាងគេនៅរាជធានីភ្នំពេញមួយនេះ ត្រូវបានដាក់ឲ្យដំណើរការបណ្ដោះអាសន្នអស់រយៈពេលជិត ១ខែមក។
ស្ពានអាកាសផ្នែកទី១ នេះតភ្ជាប់ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្ដេច ហ៊ុនសែន ជាមួយមហាវិថីព្រះមុនីវង្ស ហើយត្រូវបានដាក់ឲ្យដំណើរការបណ្ដោះអាសន្នកាលពីថ្ងៃទី១ ខែមេសា ខណៈដំណាក់កាលទី២ កំពុងស្ថិតក្នុងដំណើរការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៥។
ស្ពានអាកាសនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចារយល់ព្រមតាមសំណើរបស់អភិបាលរាជធានីភ្នំពេញដាក់ឈ្មោះថា «ស្ពានអាកាសមរតកតេជោ»។
គម្រោងស្ពានអាកាសនេះនឹងត្រូវចំណាយថវិកាសរុបជាង ៣៦លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC។
លោក អូន វិចិត្រ ពលរដ្ឋម្នាក់រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្វើដំណើរឆ្លងកាត់ស្ពាននេះជារៀងរាល់ថ្ងៃចាប់តាំងពីបើកដំណើរការបណ្ដោះអាសន្ន ដោយសារលោកត្រូវដឹកសាំងមកឲ្យម៉ូយរបស់លោកនៅផ្លូវ ៦០ម៉ែត្រ និងតំបន់ជុំវិញនេះ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ផ្លូវនេះធ្វើឲ្យខ្ញុំងាយស្រួលធ្វើដំណើរ ព្រោះវាអត់មានការកកស្ទះចរាចរណ៍ដូចមុនទៀតទេ។ ខ្ញុំដឹកសាំងតាមផ្លូវនេះរាល់ថ្ងៃយកមកម៉ូយនៅផ្លូវនេះ (៦០ម៉ែត្រ) និងនៅក្នុងខណ្ឌច្បារអំពៅ»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ សោម មុត មកពីសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យក៏បង្ហាញក្ដីរីករាយផងដែរចំពោះការបើកដំណើរការស្ពានអាកាសនេះ។
លោកនិយាយថា៖ «ខ្ញុំទើបតែបានជិះប៉ុន្មានថ្ងៃនេះទេ សរុបទៅប្រហែល៥ដង។ ខ្ញុំមានអារម្មណ៍ថាស្រឡះស្រួលជិះ។ ពីមុនពេលអត់ទាន់សង់រួច យើងជិះខាងក្រោមស្ពាន ហើយស្ទះខ្លាំង ឥឡូវស្រួលជិះ។ អរគុណណាស់ដែលសម្ដេចបានធ្វើស្ពាននេះឲ្យពលរដ្ឋបានជិះស្រួល»។
ក្រៅតែពីជាស្ពានអាកាសដែលមានប្រវែងវែងជាងគេក្នុងចំណោមស្ពានអាកាសនានានៅភ្នំពេញ ស្ពានអាកាសនេះក៏មានដាំផ្កាលម្អនៅលើបង្កាន់ដៃស្ពានទាំងសងខាងនៅចំណុចខ្ពស់ជាងគេផងដែរ៕