មណ្ឌលគិរីៈ ដំរី​ញី​មួយ​ក្បាល ដែល​ត្រូវ​បាន​សង្រ្គោះ​ពី​ល្បាប់​ភក់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច កាលពី​សប្តាហ៍​មុន​នោះបាន​ស្លាប់​ហើយ​នាព្រឹក​ថ្ងៃទី១០ ខែ​ឧសភា​នេះ ដោយសារ​តែ​របួស​ជើង​ធ្ងន់ធ្ងរ និង ដាច់​ចំណី​យូរ។ នេះ​បើ​យោង​តាម​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី។

មន្ទីរបរិស្ថាន​បាន​បញ្ជាក់​ថា៖ «ដោយ​សុខភាព សត្វ​ដំរី​ព្រៃ​ញី​មួយ​ក្បាល​នេះ​មាន​សភាព​ខ្សោយ​ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ នាថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង ៥:៣៨​នាទីព្រឹក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត។ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​មាន​ការ​សោក​ស្តាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​សត្វដំរី​ព្រៃញី ១​ក្បាល​ដែល​ មាន​របួស​ធ្ងន់ធ្ងរ​នៅ​ចំណុច​អូរក្រាក់​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច»។ 

លោក ឆៅ ប៊ុនធឿន ប្រធាន​​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១០ ខែ​ឧសភា​នេះថា ដំរី​នោះ​មាន​សភាពស្គម ហើយ​ឃើញ​មាន​របួស​ដំបៅ​ជើង​ឆ្វេង​មុខ​ធ្ងន់ធ្ងរ​ផងដែរ ដែល​គ្រូពេទ្យ​បច្ចេកទេស​ជំនាញ​មក​ពី​សួនសត្វ​ភ្នំតាម៉ៅ ក្នុង​ខេត្ត​តាកែវ​មិន​អាច​ជួយ​សង្រ្គោះ​បាន។

លោកបានបញ្ជាក់ថា៖«តាំងពី​ជាប់​ផុង​មក វា​ដាច់ចំណី ដាច់អី​មកហ្នឹង ហើយ​របួស​វា​ធ្ងន់ធ្ងរ។ វាស្គម ដេក​ដួល​អត់​ចំណី។ យើងឱ្យ​ចំណី វា​ស៊ី​អត់កើត។ ជើងវា​ហើម​ដំបៅធំ ឃើញ​មាន​ស្នាមមុត តែ​មិន​ដឹង​មុត​នឹងអី»។ 

ក្រុមការងារ​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច បាន​ប្រទះឃើញ​សត្វ​ដំរី​ព្រៃញី​មួយ​ក្បាល​នោះ​កំពុង​ជាប់​ក្នុង​ល្បាប់​ភក់​ចំណុច​អូរក្រាក់​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ស្ថិត​ក្នុង​ភូមិ​ជីក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះញែក ខេត្តមណ្ឌលគិរី កាល​ពី​ថ្ងៃទី​៣០ ខែ​មេសា​កន្លងមក។ 

ក្រុមការងារ​នៃ​មន្ទីរបរិស្ថាន ខេត្ត​មណ្ឌលគិរី រួម​សហការ​ជាមួយ​អង្គការ WWF កម្ពុជា មន្ត្រី​ជំនាញ និង ក្រុម​ការងារ​នៃក្រុមហ៊ុន លឹមរ៉ូយ៉ាល់ បាន​ធ្វើការ​ជួយ​សង្គ្រោះ​សត្វដំរី​ព្រៃ​ញី​មួយ​ក្បាល​នេះ ដោយ​យក​គ្រឿង​ចក្រ​ស្ទួច​លើក​ដំរី​ចេញ​ពី​ភក់។

ដំរីនោះ​មាន​របួស​ជើង​មុខ​ខាង​ឆ្វេង​និង​ផ្នែក​ពោះ​អស់​រយៈពេល​បីថ្ងៃ​នៅ​កន្លែង​កើត​ហេតុ​នោះ។ ក្រុម​ការងារ​ក៏​បាន​ដឹក​ជញ្ជូន​ដំរី​ព្រៃ​ញី​មួយ​ក្បាល​នេះ​ទៅ​ទីស្នាក់​ការ​កណ្ដាល​រយ៉លើ នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​មណ្ឌលគិរី។

ពួកគេ​បាន​ផ្តល់​ចំណី និង ទឹក​ឱ្យ​ដំរីស៊ី និង​ផឹក ហើយ​គ្រូពេទ្យ​មក​ពី​អង្គការ​សម្ពន្ធ័​មិត្ត​សត្វព្រៃ​បាន​ធ្វើ​ការ​ព្យាបាល​ដំរី​នោះផងដែរ។

មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់​ថា ក្រុម​ការងារ​បាន​រៀបចំ​ជីក​រណ្តៅ​កប់ខ្មោច​ដំរី​នៅ​ទីស្នាក់ការ​រយ៉លើ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ស្ថិត​ក្នុង​ភូមិ​មេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

នេះ​ជា​ករណី​ស្លាប់​ដំរី​លើក​ទី២ ហើយ​ក្នុង​ខេត្ត​មណ្ឌលគិរី​ក្នុង​ឆ្នាំ ២០២៤ នេះ។ កាល​ពី​ខែ​មករា កន្លងមក កូន​ដំរី​មួយក្បាល​បាន​ស្លាប់ ដោយសារ​តែ​ត្រូវ​គ្រាប់​កំាំភ្លើង។ 

លោក ឆៅ ប៊ុនធឿន បាន​ឱ្យ​ដឹង​ថា មន្ទីរ​បរិស្ថាន​ខេត្ត​នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​ជន​ល្មើស​ពី​ការ​បាញ់​សម្លាប់​កូន​ដំរី​នោះ ហើយ​ក៏​បានបញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ខេត្ត​រួចរាល់​ហើយ​ផងដែរ។ 

តាម​រយៈការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​បាន​ឱ្យ​ដឹង​ថា ខេត្ត​មណ្ឌលគិរី មាន​សត្វ​ដំរី​ព្រៃ​ចន្លោះ​ពី ៣៥០ ទៅ ៤០០​ក្បាល។ នេះបើយោងតាម​លោក ប៊ុនធឿន៕