ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជំរុញ​ឱ្យ​ក្រសួង​សង្គមកិច្ច​ពង្រីក​សេវា​សុខុមាលភាព​សង្គម​សម្រាប់​ជន​ក្រីក្រ​ងាយ​រងគ្រោះ និង​បង្ក​លក្ខណសម្បត្តិ​ល្អ​ប្រសើរ​ដល់​គ្រួសារ​ក្នុង​ការ​កសាង​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ក្នុង​សារលិខិត​អបអរសាទរ​ទិវា​អន្តរជាតិ​ស្ដីពី​គ្រួសារ ១៥ ឧសភា លោក​ថ្លែង​ថា៖ «ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ត្រូវ​បន្ត​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​នានា​តាមរយៈ​ការ​ពង្រឹង និង​ពង្រីក​សេវា​សុខុមាលភាព​សង្គម​សម្រាប់​ជន​ក្រីក្រ​ងាយ​រងគ្រោះ និង​បង្ក​លក្ខណសម្បត្តិ​ល្អ​ប្រសើរ​ជូន​គ្រួសារ​ក្នុង​ការ​កសាង​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ស្របតាម​ការ​អភិវឌ្ឍ​សង្គមជាតិ»។

លោក ហ៊ុន ម៉ាណែត ជំរុញ​ក្រសួង​ឱ្យ​សិក្សា​រៀបចំ​កម្មវិធី​ស្ពាន​ចម្លង​សេវា​សង្គម​ដល់​គ្រួសារ​ក្រីក្រ ជាពិសេស​គ្រួសារ​ ដែល​មាន​កុមារ​កំព្រា កុមារ​ដែល​ត្រូវ​បាន​បោះបង់​ចោល មនុស្ស​វ័យ​ចាស់​គ្មាន​ទីពឹង ជន​មាន​ពិការភាព ជនអនាថា និង​អ្នក​ញៀន​គ្រឿងញៀន។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួង​បន្ត​រៀបចំ​កម្មវិធី​គាំទ្រ​ការ​អភិវឌ្ឍ​គ្រួសារ និង​សហគមន៍ ដើម្បី​លើកស្ទួយ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់រូប។

ក្រៅ​ពី​នេះ លោក​បាន​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​ជាតិ និង​អន្តរជាតិ​បន្ត​ចូលរួម​ឱ្យ​បាន​កាន់តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សកម្មភាព កម្មវិធី​អភិវឌ្ឍន៍​គ្រួសារ ទាំង​ថវិកា និង​ធនធាន​មនុស្ស ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​លើកកម្ពស់​ដល់​ភាព​រឹងមាំ​របស់​គ្រួសារ​ទាំងអស់​នៅ​កម្ពុជា ទោះបី​ក្នុង​ដំណាក់កាល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​ក៏ដោយ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែងក្នុង​សារលិខិត​ដែល​ផ្សព្វផ្សាយ​នាថ្ងៃទី​១០ ឧសភា ​ថា៖ «ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ កាកបាទ​ក្រហម​កម្ពុជា សប្បុរស​ជន​នានា សូម​បន្ត​ជំរុញ​ចលនា​លើក​កម្ពស់​ដល់​សុខុមាលភាព​គ្រួសារ និង​បន្ត​បង្កើន​សកម្មភាព​មនុស្សធម៌​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើ​ទៅ​បាន ទាំង​ការ​ជំរុញ​​ចលនា​និង​សកម្មភាព ទោះ​ធ្វើ​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី»។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ណែត គឺ​ជា​រឿង​មួយ​សំខាន់ និង​ល្អ ដែល​ឱ្យ​ក្រសួង​សង្គមកិច្ច ត្រូវ​យក​ទុកដាក់​នៅ​ក្នុង​ការ​ពង្រឹង​សុខុមាលភាព​សង្គម ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សុខភាព សន្តិសុខ​សង្គម និង​សេវា​សង្គម​ផ្សេងៗ​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ ជន​ងាយ​រងគ្រោះ។

លោក​ថ្លែង​ថា៖ «ទាំងអស់​ហ្នឹង​គឺ​សុទ្ធតែ​ជា​កត្តា​ចាំបាច់​ហើយ​ជួយ​ឱ្យ​ពួកគាត់​អាច​រស់​នៅ​បាន មាន​ការងារ​ធ្វើ រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ កុំ​ឱ្យ​មាន​ចំណាក​ស្រុក​អី​ហូរហែ។ រឿង​ទាំងអស់​ហ្នឹង​សំខាន់ ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​គឺ​ទាល់តែ​មាន​កម្មវិធី មាន​ផែនការ​សកម្មភាព​ជាក់លាក់​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​រឿង​ទាំងអស់​ហ្នឹង ថា​តើ​កម្មវិធី​ជាក់លាក់​ស្អី​ខ្លះ មាន​សូចនាករ​សម្រាប់​វាស់វែង​អី​ខ្លះ ដើម្បី​ឱ្យ​ឃើញ​អំពី​ការ​រីកចម្រើន​នៃ​ផែនការ ឬក៏​យុទ្ធសាស្ត្រ​របស់​ក្រសួង។ បើ​ពុំ​នោះ​ទេ​គឺ​ការ​លើកឡើង​គឺ​នឹង​មិន​ក្លាយ​ជា​ការ​ពិត​ឡើយ»។

ចំណែក លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​សាទរ​ចំពោះ​ការ​ជំរុញ​បែប​នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​ចេញ​ជា​លទ្ធផល​ពិត​ប្រាកដ កុំ​ឱ្យ​គ្រាន់​តែ​ជា​សារ​នយោបាយ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ទទួល​បាន​ឱកាស​សមធម៌​ទាំង​សុខុមាលភាព សេវា​អប់រំ មុខរបរ យុត្តិធម៌​សង្គម និង​សេវា​សង្គម​ផ្សេងៗ​ទៀត។

លោក​ថ្លែង​ថា៖ «នេះ​ជា​ការ​សំខាន់​ដែល​ឈាន​ឆ្ពោះ​ទៅ​រស់​នៅ​ក្នុង​សន្តិភាព​ប្រកប​ដោយ​ភាព​សុខដុម​ជាមួយ​គ្នា​បាន។ ប្រសិន​បើ​ទាំងអស់​នោះ​យើង​មិន​បាន​ផ្ដល់​សមធម៌​ទៅ​ដល់​គ្រប់​គ្រួសារ​ទេ គឺ​វា​នឹង​មិន​មាន​ភាព​សុខដុម​ទេ។ សន្តិភាព ក៏​ប៉ុន្តែ​ខ្វះ​ភាព​សុខដុម ហើយ​បើ​ខ្វះ​ភាព​សុខដុម វា​អាច​រុញ​ទៅ​មាន​បញ្ហា​វិសមភាព​សង្គម​កាន់​តែ​ខ្លាំង។ វា​នាំ​ដល់​បញ្ហា​ផ្សេង​ទៀត»។

នា​ថ្ងៃទី​១០ ខែ​ឧសភា នេះ ក្រសួង​សង្គមកិច្ច​បាន​ចេញ​សារាចរណែនាំ​ ដែល​ក្នុង​នោះ​ក៏បាន​ឱ្យ​អង្គភាព​ក្រោម​ឱវាទ​កៀរគរ​ប្រភព​ធនធាន​ពី​អង្គការ​ជាតិ ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន ជួយ​អភិវឌ្ឍ​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ​តាម​សហគមន៍៕