ភ្នំពេញ: ជនជាតិ​ចិន សញ្ជាតិ​ខ្មែរ​ពីរ​នាក់ ដែល​ត្រូវ​បាន​តុលាការ​សិង្ហបុរី​បណ្ដេញ​ចេញពី​ប្រទេស​មក​កាន់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​ ហាក់​មិន​ត្រូវ​បាន​រំខាន​ដោយ​អាជ្ញាធរ​ខ្មែរ​នោះទេ។ 

លោក Su Wenqiang និង​ Wang Baosen អាយុ ៣២ ឆ្នាំ​ទាំងពីរនាក់ ត្រូវបាន​កាត់​ជាប់​ពន្ធនាគារ​រយៈពេល ១៣ ខែ​ដូច​គ្នា ពីបទ​ទាក់ទង​នឹង​ឧក្រិដ្ឋ​កម្ម​លាង​លុយ​កខ្វក់​ដ៏ធំ​ក្នុង​ចំនួន​សាច់​ប្រាក់ និង​ទ្រព្យ​សម្បត្តិ​ជាង ៣ ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​បក្ខពួក ១០ នាក់​ផ្សេង​ទៀត។  

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «តាម​​​ដឹង​ ​​មាន​ករណី​ចិន​ប្រព្រឹត្ត​​បទល្មើស​ព្រហ្មទណ្ឌ​នៅ​កម្ពុជា ត្រូវបាន​បញ្ជូនទៅ​កាត់ទោស​នៅ​ស្រុក​ចិន។ អ្នក​ដែល​កាន់​លិខិត​ឆ្លង​ដែន​​ខ្មែរ មាន​សញ្ជាតិ​ខ្មែរ ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​ និង​ករណីកិច្ច​ដូច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។ 

លោក Wenqiang បាន​ទទួល​ស្គាល់​ថា​​មាន​សាច់ប្រាក់​ជាង ៦០ ម៉ឺន​ដុល្លារ​ពី​ការ​លេង​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ប្រើប្រាស់​ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​រថយន្ត។

ចំណែក​ឯលោក​ Baosen រង​នូវ​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា រួមទាំង​ការ​កុហក​អំពី​ប្រភព​នៃ​មូលនិធិ និង​ស្ថានភាព​ការងារ​របស់​លោក​នៅក្នុង​ប្រទេស​សិង្ហបុរី។

លោក Wenqiang បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា ខណៈលោក​ Baosen មាន​ទាំង​លិខិត​ឆ្លង​ដែន​កម្ពុជា ចិន និង​វ៉ានូអាទូ ថែមទៀត។ 

លោក ទូច សុឃៈ (សុខៈ) អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា មិនថា ពួកគេ​ជាជន​ជាតិណា ឬ​មាន​សញ្ជាតិ​ណា​នោះទេ នៅពេល​​​ប្រព្រឹត្ដិ​បទល្មើស ពួកគេ​ត្រូវ​មាន​ទោស​ដូច​គ្នា ​ទៅតាម​សេចក្ដី​សម្រេច​របស់​តុលាការ​របស់​​ប្រទេស​នោះ​ ដែល​បាន​បញ្ញត្ដិ​នៅ​ក្នុង​ច្បាប់​របស់​ខ្លួន​។ 

យ៉ាងណាមិញ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ខូច​មុខ​មាត់​កម្ពុជាលើ​ឆាក​អន្ដរជាតិ លោក ម៉ុងហៃ បាន​លើក​ឡើង​ថា​ ទោះបីជា​លោក​ទទួល​ស្គាល់​ថា កម្ពុជា​មាន​បែបបទ​តឹងតែងចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​យ៉ាង​ណា​ក៏​ដោយ ក៏​បញ្ហា​ស្ថិត​ត្រង់​ថា វិនិយោគ​ទុន​បរទេស​អាច​ទទួល​បាន​សញ្ជាតិ​ ពេល​ពួកគេ​ធ្វើការ​វិនិយោគ​នៅ​ក្នុង​​ស្រុក​ខ្មែរ​ដល់​កម្រិត​ទឹក​ប្រាក់​ណាមួយ​ដែល​បាន​កំណត់​។ 

លោក​បន្ដថា៖ «​ខ្ញុំ​ស្នើថា ​អធិការកិច្ច​ក្រសួង​មហាផ្ទៃ គួរ​ធ្វើ​អធិការកិច្ច​ទៅលើ​ការផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ជន​បរទេស​​ជារឿយៗ​។ តំណាងរាស្ត្រ​ក៏​គួរ​សកម្ម​កោះហៅ​រដ្ឋមន្ត្រី​ទៅ​សាកសួរ​អំពី​ការផ្តល់​សញ្ជាតិ​ខ្មែរ​ជារឿយៗ​ផងដែរ ជាពិសេស​នៅពេលដែល​អ្នក​ចូលសញ្ជាតិ​រំលោភបំពាន​ច្បាប់​ដូច​ករណី​លើកឡើង​នេះ ឬ​​ពេលដែល​ចូល​សញ្ជាតិ​រំលោភបំពាន​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ដែល​នាំ​ឱ្យ​​មតិ​មហាជន​ទិះតៀន ​ឬ​ប្រឆាំង​ខ្លាំង»។​

អ្នក​វិភាគ​នយោបាយ ម៉ុងហៃ បាន​ឱ្យដឹងថា លោក​​​ក៏​សុំ​ស្នើ​​ឱ្យ​​មាន​ការគោរព​​យ៉ាង​​ម៉ឺង​ម៉ាត់​​នូវ​បែបបទ​នៃ​ការផ្តល់​សញ្ជាតិ​ខ្មែរ និង​​កុំ​​ឱ្យ​​មានការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ស្រេច​នឹង​ចិត្ត​។​

ឆ្លើយ​ចម្ងល់​ដែល​មហាជន​ងឿងឆ្ងល់​ថា តើ​ជនជាតិ​ចិន​ សញ្ជាតិ​ខ្មែរទាំងពីរ​នាក់​នឹង​រងនូវ​ការ​ចោទ​ប្រកាន់ ឬ​ស៊ើប​អង្កេត​បន្ដ​ចំពោះ​ការ​ជាប់ពាក់ព័ន្ធ​លាង​លុយ​កង្វក់​ លោក សុឃៈ បាន​ឱ្យដឹងថា បើ​យោង​តាម​ច្បាប់​ និតិវិធី​ព្រហ្មទណ្ឌ ក៏ដូចជា​ជំនាញ និង​ការ​គ្រប់​គ្រង​បទ​ល្មើស​​​ ការ​ស៊ើប​អង្កេត​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ដូច្នេះ ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​មិន​អាច​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ឬ​លើករណី​នោះទេ​។ យើង​រក្សា​ការ​សម្ងាត់ ទុក​ឱ្យ​អ្នក​ជំនាញ​ និង​សមត្ថភាព​ធ្វើ​ការងារ​បន្ដ​»។ 

យ៉ាងណាមិញ លោក ម៉ុងហៃ បាន​បញ្ជាក់ថា​៖ «ចំពោះ​រឿង​ចោទប្រកាន់នេះ​ បើ​អាជ្ញាធរ​សិង្ហបុរី​សហការ​ហើយ​ផ្តល់​សំណុំ​​រឿង​ទាំងអស់ ​អាជ្ញាធរ​ខ្មែរ​ត្រូវ​ចាប់​ជន​ទាំង​នោះ​ទៅ​តុលាការ​​​កាត់ទោស​តាមច្បាប់​។ ពុំ​នោះទេ ​ខ្មែរ​នឹងមាន​ឈ្មោះ​អាក្រក់ ជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​លើ​ផ្ទៃ​អន្តរជាតិ»។​

គួរ​បញ្ជាក់​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ បាន​បង្កើត​ក្រុម​ការងារ​ជំនាញ​ដែល​នឹង​សម្រប​សម្រួល​ដំណើរការ​គ្រប់​ករណី​ពាក់ព័ន្ធ​ការលាង​លុយកខ្វក់ និង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​កើតឡើង​ក្នុង​ខេត្ត​។​

យោង​តាម​សេចក្តីជូនដំណឹង​ថ្ងៃទី ២១ ខែកុម្ភៈ ក្រុមការងារ​មាន​សមាជិក​ចំនួន ១១ នាក់ ដែលមាន​លោក កោ វណ្ឌី ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា សៀង សុខ ជា​សហប្រធាន​។​​ តួនាទី​របស់​ក្រុម​នេះ គឺ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ឯកសារ​ផ្លូវច្បាប់ និង​ការណែនាំ​ទាក់ទង​នឹង​ការលាង​លុយកខ្វក់ និង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​៕​