ភ្នំពេញៈ ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៤​នេះ​បង្ហាញ​ថា ករណី​ផ្គរន្ទះ គឺ​នឹង​អាច​កើត​ឡើង​ច្រើន​ជាង​ឆ្នាំមុន ដែល​ទាម​ទារ​ឱ្យ​បន្ត​ការ​ផ្សព្វផ្សាយ និង​ស្វែងយល់​ឱ្យ​បាន​ច្បាស់លាស់​ពី​វិធានការ​ការពារ​បាតុភូត​រន្ទះ​បាញ់​នេះ ដើម្បី​កាត់​បន្ថយគ្រោះថ្នាក់​បាត់បង់​ជីវិត។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ 

លោក សុទ្ធ គឹមកុលមុន្នី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដូវ​វស្សា​បាន​ចូល​មក​ដល់​ក្នុង​រង្វង់ ១​សប្តាហ៍​នេះ ហើយ​មាន​ភ្លៀង​ធ្លាក់ លាយឡំ​និង​ផ្គរ​រន្ទះ ខ្យល់​កន្រ្ទាក់ ដែល​បង្ក​ឱ្យ​មាន​ផលប៉ះផល​ច្រើន​ផងដែរ។ ក្នុង​នោះ មាន​បាតុភូត​រន្ទះបាញ់ ប្រមាណ​ជា​ ៣ ទៅ ៤ ករណី ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​ឆេះផ្ទះ​ពលរដ្ឋ និង ងាប់​សត្វពាហនៈ​ផងដែរ។

លោកបាន​បញ្ជាក់​ថា៖​«ចំពោះ​ករណី​រន្ទះ​បាញ់​នេះ ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ គឺមាន​ការ​កើនឡើង បើ​យើង​ធ្វើ​ការ​ប្រៀបធៀបឆ្នាំ​នីមួយៗ។ [បើ​ធៀប] ឆ្នាំ ២០២២ និង ២០២៣ មាន​ការ​កើនឡើង។ ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៤ នេះ ករណីផ្គរន្ទះ​គឺ​នឹង​អាច​កើតឡើង​ច្រើន​ជាង​ឆ្នាំមុន បើ​តាម​យើង​សង្កេត​ទៅ​លើ​បាតុភូត​អាកាស​ធាតុ ដែល​កើត​មាន»។

កាលពីឆ្នាំ​២០២៣​ រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន​១៤៣​លើក ដែល​ក្នុង​នោះ​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​ ១៦​ខ្នង​ ​ងាប់​គោក្របី​ចំនួន​ ១០៧​ក្បាល ស្លាប់​មនុស្ស​ ៨៤​នាក់ និង​របួស​ ៥៩​នាក់​​។ រីឯកាលពី​ឆ្នាំ​២០២២ ​រន្ទះ​បាញ់​បាន​កើតឡើង​ចំនួន ១១០ លើក​ដែល​បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះពលរដ្ឋ ចំនួន ២៣ខ្នង ​ងាប់​គោក្របី ៩០ក្បាល ស្លាប់​មនុស្ស ៦៣ នាក់ និង​រងរបួស ៥៨នាក់ផងដែរ​។​

លោក​បាន​ថ្លែង​បន្ត​ថា ឆ្នាំ ២០២៤ នេះ មាន​បាតុភូត​អ៊ែលនីណូ (El Nino) ដែល​ជា​កត្តា​មួយ ដែល​នាំ​ឱ្យ​កើត​មាន​កំដៅ ហើយ​ចូល​ដល់​រដូវវស្សា​នឹង​មាន​បាតុភូត​ករណី​ផ្គរន្ទះ​នេះច្រើន ដែល​នេះ​ជា​បញ្ហា​ហានិភ័យ​មួយ ត្រូវ​យក​ចិត្តទុក​ដាក់ ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​ពី​រន្ទះបាញ់។

លោក​បញ្ជាក់​ថា៖«ទោះបី​យើង​មិន​អាចថា លុបបំបាត់ រឺ​ទប់ស្កាត់​បាន​ខ្លាំង​ទៅ​លើ​ករណី​នេះ តែ​យើង​អាច​កាត់​បន្ថយ​បាន​ពី​ផល​ប៉ះពាល់​ពី​រន្ទះបាញ់។ ជា​បច្ចេកទេស គឺ​យើង​អាច​ដំឡើង ប្រព័ន្ធ​ការពារ​រន្ទះ ដែល​អាច​ស្រូប​រន្ទះ​កុំ​ឱ្យ​បាញ់នៅក្នុង​តំបន់​ដែល​អាច​នឹង​កើតមាន»។ 

លោកបន្ថែម​ថា រដ្ឋាភិបាល ក៏ដូចជា​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ដំឡើង​ប្រព័ន្ធ​ការពារ​រន្ទះ​នេះ​រួចខ្លះ​មក​ហើយ និង​ក៏​ទទួលបាន​ជោគជ័យ​ហើយ​ផងដែរ ដោយ​វា​អាច​កាត់​បន្ថយ​នូវ​រន្ទះបាញ់​បាន ដូចជា នៅ​ក្នុង​ខេត្ត​សៀមរាប​ជាដើម។ 

លោក​បាន​ឱ្យ​ដឹង​ថា ក្រសួង​ធនធានទឹក និង ឧតុនិយម កាកបាត​ក្រហម​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរមូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​បាន​ធ្វើការ​ផ្សព្វផ្សាយ ចេញ​ជា​ខិត្តប័ណ្ណ ឬ​សារ​ណែនាំ​ជាច្រើន ទាក់ទង​ទៅ​នឹង​វិធាន​ការ​ការពារ​រន្ទះបាញ់​នេះ ដល់​ប្រជាពលរដ្ឋ។ ហេតុនេះ ដើម្បី​កាត់​បន្ថែ​មក​រណី​រន្ទះបាញ់​នេះ គឺ​សុំ​ឱ្យ​ពលរដ្ឋ​ម្នាក់ៗ​ធ្វើ​ការ​ស្វែងយល់​អំពី​ករណី​រន្ទះបាញ់​នេះឱ្យ​បាន​ច្បាស់លាស់ ថាតើ​វា​ជា​បាតុភូត​យ៉ាងម៉េច ហើយកើតឡើង​នៅ​ពេល​ណា និង​រក​វិធានការណ៍​ការពារ​អាយុ​ជីវិត។ 

លោកបានពន្យល់ថា បាតុភូត​រន្ទះបាញ់​កើតឡើង​នៅ​មុន​ពេល​ភ្លៀង​មក​ដល់ ពោល​គឺ​ពេល​ជិត​ចាប់​ផ្តើម​ភ្លៀង​ធ្លាក់ គឺចាប់ផ្តើម​មាន​ផ្គររន្ទះ​ហើយ ដែល​ទាមទារ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​អំឡុង​ពេល​នោះ។

លោក គឹមកុលមុន្នី បាន​គូស​បញ្ជាក់ថា៖«សម្រាប់​ឆ្នាំនេះ គឺ​អាច​នឹង​មាន​ផ្គរ​រន្ទះច្រើន អញ្ជឹង​ពលរដ្ឋ​យើង​ម្នាក់ៗ​គួរតែត្រៀម​លក្ខណៈ ចាត់​វិធាន​ការ​យ៉ាង​ម៉េច​កុំទៅ​តំបន់​ដែល​មាន​រន្ទះបាញ់ ឬ​ជ្រកកោន​កន្លែង​ណា​ដែល​អាច​ឱ្យ​មាន​រន្ទះបាញ់។ ចឹងត្រូវ​មើលសារ​ណែនាំ​របស់​ជំនាញ​ដែល​បាន​ធ្វើយូរ​មក​ហើយ​ឱ្យ​បានច្រើន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នេះ។ ក្នុង​រដូវ​នេះ​គួរ​ជំរុញ​ការ​ផ្សព្វផ្សាយ​បន្ថែមទៀត»។

លោក លីវ សុខុន អ្នក​នាំ​ពាក្យ​សាលាខេត្ត និង​ជា​ប្រធាន​មន្ទីរព័ត៌មាន​ខេត្ត​សៀមរាប បាន​កត់​សម្គាល់​ថា នាពេល​បច្ចុប្បនេះ ក្រសួង​ធនធានទឹក និង ឧតុនិយម តែងតែ​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ស្ថានភាព​អាកាស ឬ ឧតុនិយម ជា​រៀងរាល់ថ្ងៃ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ ដូចជា​តាម​បណ្តេញ​សង្គម​ហ្វេសប៊ុក តេលេក្រាម និង​តាម​កម្មវិធី​ផ្សេងៗ​ជាដើម។ 

លោកបានថ្លែងថា៖«សេចក្តី​ជូន​ដំណឹង​នោះ​មាន​រៀបរាប់​ថ្ងៃ​ណា​មាន​បញ្ហា​យ៉ាងម៉េច មាន​អាកាសធាតុ​យ៉ាង​ម៉េច ហើយមាន​ប្រាប់​ពី​ផ្គរ​រន្ទះ ខ្យល់​កន្រ្ទាក់​ជាដើម។ យើង​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព​ហ្នឹង ដើម្បី​បញ្ជ្រាប​ឱ្យពលរដ្ឋ​បានដឹង»៕