ភ្នំពេញ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បន្ត​កសាង​មូលធន​មនុស្ស​នៅ​កម្ពុជា​ដើម្បី​ឱ្យ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ ដោយ​កសាង​សមត្ថភាព​ឱ្យ​មាន​ជំនាញ​ខ្ពស់​ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​គោលដៅ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

លោក​ស្នើ​ដូច្នេះ​​ក្នុង​ជំនួប​ជាមួយ​លោកស្រី Chihoko Asada Miyakawa ឧបការី​អគ្គនាយក និង​ជា​នាយិកា​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៃ​អង្គការ ILO នា​ថ្ងៃទី​១០ ខែ​ឧសភា នៅ​វិមាន​សន្តិភាព។ 

ក្នុង​ជំនួប​នេះ​ លោក ហ៊ុន ម៉ាណែត បាន​កោតសរសើរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោកស្រី Miyakawa ក្នុង​ការ​បន្ត​គាំទ្រ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា ខណៈ​លោក​នាយករដ្ឋមន្ត្រី​​បាន​គាំទ្រ​កម្មវិធី​​ដែល​មាន​ស្រាប់​របស់ ILO នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «សម្ដេច​ធិបតី​លើកទឹកចិត្ត​ឱ្យ ILO បន្ត​គាំទ្រ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជា​បន្ថែម​ទៀត ជាពិសេស​ការ​កសាង​មូលធន​មនុស្ស​ឱ្យ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ទីផ្សារ​តាម​រយៈ​ការ​កសាង​សមត្ថភាព​ឱ្យ​មាន​ជំនាញ​ខ្ពស់ និង​ជំនាញ​ប្រកប​ដោយ​ភាព​បត់បែន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០៥០ ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់»។ 

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​រវាង​អង្គការ ILO និង​កម្ពុជា និង​បាន​ប្រកាស​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង២​បន្ថែម​ទៀត។ 

លោក​បញ្ជាក់​ប្រាប់​លោកស្រី Miyakawa ថា រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​លើ​ការ​កសាង​សុខដុម​នីយ​កម្ម​នៅ​តាម​រោងចក្រ និង​សហគ្រាស ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឱ្យ​បាន​បរិយាកាស​ការងារ​ដ៏​ល្អ​សម្រាប់​និយោជិត និង​និយោជក និង​ពង្រឹង​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កម្មករ​និយោជិត។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល ក៏​តែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ពេល​មាន​វិវាទ​ការងារ​កើតឡើង​ តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ លោកស្រី Miyakawa បាន​បញ្ជាក់​ពី​ការ​បន្ត​ជួយ​គាំទ្រ​របស់ ILO ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក​បាន​ដាក់​ចេញ​គោលនយោបាយ​គាំពារ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង​កម្មករ​និយោជិត ក្នុង​គ្រា​លំបាក​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩។

រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​កម្មវិធី​នយោបាយ​ដែល​មាន​គោល​បំណង​រួមចំណែក និង​គាំទ្រ​ដល់​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជាពិសេស​គាំទ្រ​ដល់​សមាគម​នានា​ក្នុង​ការ​លើកកម្ពស់​ទំនាក់​ទំនង​វិជ្ជាជីវៈ​ប្រកប​ដោយ​សុខដុម​នីយកម្ម​ក្នុង​រោងចក្រ និង​សហគ្រាស។

រាជ​រដ្ឋាភិបាលអាណត្តិទីទី៧ ​នេះ​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ដាក់​ចេញ​គោល​នយោបាយ​អាទិភាពទាំង៦ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ និង​កិច្ច​គាំពារ​សង្គម។

ប្រទេស​កម្ពុជា​កំពុង​ត្រៀមខ្លួន​ចាកចេញ​ពី​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) នៅ​ឆ្នាំ ២០២៩៕