ត្បូងឃ្មុំៈ ក្រសួងបរិស្ថានគ្រោងនឹងសាងសង់ស្ថានីយ៍បណ្តុះកូនឈើខ្នាតធំដំបូងបំផុតនៅកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានរហូតដល់ទៅ ១,២លានកូនក្នុង ១ឆ្នាំៗ ដោយមានបំពាក់ប្រព័ទ្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលពន្លឺព្រះអាទិត្យទំនើប និងតំណក់ទឹកផងដែរ។
ការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់នេះ មានទំហំជាង ៣ហិតា ស្ថិតនៅក្នុងភូមិ ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ស្ថានីយ៍នេះ គឺជាថ្នាលមួយក្នុងចំណោមថ្នាលបណ្តុះកូនឈើធំៗចំនួន ៥ផ្សេងទៀតនៅកម្ពុជា ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី កំពង់ស្ពឺ កោះកុង និងសៀមរាប។ នេះបើយោងតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែឧសភានេះ។
លោកមានប្រសាសន៍ថា៖«យើងត្រៀមរៀបចំថ្នាលបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ ក្នុងនោះយើងគ្រោងបង្កើត [សាងសង់] ចាប់ពីឆ្នាំហ្នឹងទៅ ហើយឆ្នាំក្រោយ យើងអាចមានការរៀបចំជារចនាសម្ព័ន្ធបណ្តើរៗ។ ការរៀបចំនេះគឺឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់យើង ដែលបានដាក់ចេញ ដែលយើងផ្តោតលើមុំស្អាត បៃតង និងចីរភាព»។
លោកបានបន្ថែមថា នាពេលបច្ចុប្បនេះ ក្រសួងបានសិក្សាទៅលើទីតាំង និងមានប្លង់រួចហើយ។ ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ថា គម្រោងនេះនឹងគ្រោងបញ្ចប់នៅពេលណា ហើយគ្រោងចំណាយថវិកាអស់ប៉ុន្មាននោះទេ។
កូនឈើគ្រប់ប្រភេទនឹងត្រូវបណ្តុះនៅថ្នាលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ យកទៅដាំជុំវិញផ្ទះ កន្លែងព្រៃសឹករិចរឹល នៅតាមសហគមន៍មូលដ្ឋាន ដូចជាវត្តអារាម សាលារៀន និងទីសាធារណមួយចំនួនទៀតក្នុងគោលដៅបង្កើនភាពបៃតង។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានចុះទៅពិនិត្យគម្រោងសាងសង់ស្ថានីយ៍បណ្តុះកូនឈើនេះផងដែរ កាលពីថ្ងៃទី៥ ខែឧសភានេះ។
ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិក្នុងទិសដៅប្រែក្លាយកម្ពុជា «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
បច្ចុប្បន្នកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៧៣ តំបន់គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេស។
ទាក់ទងទៅនឹងការអភិរក្សព្រៃឈើនេះដែរ ក្រសួងបរិស្ថាន បានប្រគល់ផែនទីបង្ហាញតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ២១ផ្ទាំងធំៗជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១ ដើម្បីយកទៅប្រើប្រាស់ជាគោលចម្បងនៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិទុកជាមរតកឱ្យអ្នកជំនាន់ក្រោយ។
តំបន់ការពារធម្មជាតិទាំងនោះមាន ៧៣ តំបន់ ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង ៧លានហិកតា ស្ថិតនៅក្នុងខេត្តចំនួន២១ និងស្រុកក្រុង ១១១។ នេះបើយោងតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី ៥ ខែឧសភា។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងក្នុងពិធីប្រគល់ផែនទីនោះថា៖«ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិគឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធិភាពស្របតាមវិធានការទាំង ៤ចំណុច ដែលរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនៅក្នុងដំណាក់កាលទីមួយ»។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការរួមសហការគ្នាកាន់តែជិតស្និត និងការចែករំលែកព័ត៌មានឱ្យគ្នា ជាទៀងទាត់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
រដ្ឋបាលខេត្តទាំង២១ នោះរួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ព្រៃវែង និងត្បូងឃ្មុំ។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ផែនទីនេះមានសារៈសំខាន់ណាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធិភាព។ ផែនទីនោះនឹងត្រូវធ្វើការផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ដឹងបន្ថែមទៀតពីតំបន់ទាំងនោះ ហើយមន្រ្តីគ្រប់គ្រងក៏បានដឹងពីព្រំប្រទល់នៃតំបន់ការពារច្បាស់លាស់ ហើយអាចសហការជាមួយនឹងភាគីពាក់ព័ន្ធដើម្បីបោះបង្គោលកំណត់ព្រំប្រទល់ផងដែរ។
លោកបញ្ជាក់ថា៖«ជាការពិត ផែនទីនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកការការពារធនធានធម្មជាតិរបស់យើង។ ផែនទីនេះមិនមែនទើបតែនឹកឃើញបង្កើតនៅពេលនេះទេ គឺមានការពិភាក្សាគ្នាច្រើនលើកច្រើនសារណាស់»៕