ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បដិសេធចំពោះការអត្ថាធិប្បាយ «ដោយបំភ័ន្ត» របស់មន្ត្រីសិទ្ធិមនុស្ស UN ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់របស់តុលាការកំពូលកម្ពុជាលើ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World)។
តំណាងកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៥ ខែឧសភា ថា៖ «ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុង ហ្សឺណែវ សូមបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence»។
ការបដិសេធនេះធ្វើឡើង បន្ទាប់ពីលោក Jeremy Laurence បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែឧសភា ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជាក្នុងការតម្កល់បទចោទប្រកាន់លើមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ក្រោមបទចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬរំខានដល់សណ្តាប់ធ្នាប់សង្គម ពាក់ព័ន្ធនឹងកូដកម្ម កាលពីឆ្នាំ២០២១ ជុំវិញការបញ្ឈប់ការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ យើងអំពាវនាវឱ្យដោះលែងលោកស្រីជាបន្ទាន់»។
លោកលើកឡើងថា កញ្ញា ឈឹម ស៊ីថរ និងមនុស្ស ៨នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០២៣។ កញ្ញា ឈឹម ស៊ីថរ គឺជាមនុស្សតែម្នាក់គត់ដែលជាប់ពន្ធនាគារ ខណៈអ្នកផ្សេងទៀតត្រូវបានព្យួរទោស ឬដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ «យើងអំពាវនាវដល់អាជ្ញាធរលុបចោលរាល់ការផ្តន្ទាទោសពួកគេ»។
លោក Jeremy Laurence បន្តថា ពួកគេត្រូវបានផ្តន្ទាទោស ដោយគ្រាន់តែអនុវត្តសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ ១៩៩២។
លោកលើកឡើងថា៖ «យើងជំរុញឱ្យកម្ពុជារក្សាឱ្យបានពេញលេញនូវការការពារសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ និងបង្កើតបរិយាកាសដែលប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ពួកគេដោយសេរី»។
ជុំវិញរឿងនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុង ហ្សឺណែវ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការអំពាវនាវឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ «ជាបន្ទាន់» ឬ «អាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់» គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។
តំណាងកម្ពុជាលើកឡើងថា សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យគឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាចជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោសនោះទេ។ ការសម្រេចបែបណានោះគឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង។
តំណាងកម្ពុជាលើកឡើងថា កញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេងទៀត «បានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
តំណាងកម្ពុជាលើកឡើងបន្តថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀតបន្ទាប់ពី «បានបំពានកាតព្វកិច្ចរបស់ខ្លួន» អនុលោមតាមបញ្ញតិ្ត មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
តំណាងកម្ពុជាលើកឡើងទៀតថា ផ្ទុយពីការចោទប្រកាន់របស់លោក Jeremy Laurence សមាជិកសហជីពត្រូវបានផ្តន្ទាទោសពីបទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែន ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម នោះទេ។ ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែរ។
តំណាងកម្ពុជាបញ្ជាក់បន្ថែមថា៖ «នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីពនោះទេ។ បទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ»។
តំណាងកម្ពុជាបញ្ជាក់បន្ថែមថា៖ «ប្រសិនបើបុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិនិងសេរីភាពរបស់អ្នកដ៏ទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»៕