ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CSJ) បានរៀបចំវគ្គបណ្តុះបណ្តាលឯកទេសមួយក្រោមប្រធានបទ «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្តាលរបស់ CBC នៅជាន់ទី ៩ នៃអគារវឌ្ឍនៈ និងមានការចូលរួមពីអ្នកសារព័ត៌មានចំនួន ២៧ នាក់ ដែលតំណាងឱ្យ ២៥ ស្ថាប័នផ្សេងៗគ្នា។
វាគ្មិនចូលរួមធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមាន លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការនៃ CBC លោក ផៃ សុផល នាយកសេវាអតិថិជន អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម និងអ្នកស្រី ស្រ៊ី បុប្ជារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ទទួលបាននូវចំណេះដឹងទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ។
ពួកគេទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងជាលើកទី ៣ និងត្រៀមរៀបចំម្ដងទៀតនៅចុងខែឧសភានេះ លោក ខុម ច័ន្ទតារា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងមានគោលបំណងផ្សព្វផ្សាយអំពីហិរញ្ញវត្ថុដែលផ្ដោតលើប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ជាពិសេស ការប្រើប្រាស់ពាក្យពេចន៍ «ខូច CBC» នៅតាមហាងលក់ផលិតផលបង់រំលស់»។
លោកបានបញ្ជាក់ថា ពាក្យ «ខូច CBC» មិនពាក់ព័ន្ធដល់ស្ថាប័ន CBC នោះទេ ដោយសារ CBC មិនបានផ្ដល់សេវាឥណទានដល់អតិថិជន ដោយគ្រាន់តែកត់ត្រា និងបញ្ចេញទិន្នន័យ។ ពាក្យ «ខូច» អាចទាក់ទងនឹងការបង់ប្រាក់យឺតយ៉ាវរបស់អតិថិជន។
លោកលើកឡើងថា ការផ្ដល់ព័ត៌មានរបស់ CBC ផ្ដោតលើឥណទានវិជ្ជមាន និងអវិជ្ជមាន ដែលភាពអវិជ្ជមានជាការយឺតយ៉ាវចាប់ពី ៩០ ថ្ងៃ ដែលអតិថិជនអត់មានលទ្ធភាពបង់សង។
ការបង្កើតវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងចង់ឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយបន្ដទៅដល់សាធារណជនកុំឱ្យមានការយល់ច្រឡំចំពោះការប្រើប្រាស់ពាក្យ «ខូច CBC»។
លោក ច័ន្ធតារា បាននិយាយថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលសហការជាមួយក្លិបអ្នកកាសែតកម្ពុជានេះ អាចដល់ឱ្យអ្នកសារព័ត៌មានប្រមាណ ១០០ នាក់ និងជិត ១០០ ស្ថាប័ន។
ក.អ.ក ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌ មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ។
អ្នកសារព័ត៌មាន ដែលបន្ដរាយការណ៍ទៅកាន់សាធារណជន បានដឹងអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
លោក រាជ សារ៉ាត់ អគ្គនាយកព័ត៌មាន រស្មីគោកធ្លក បានឱ្យដឹងពេលសម្រាកអំឡុងចន្លោះវគ្គសិក្សាថា លោកទទួលបានចំណេះដឹងក្នុងវិស័យឥណទាន ជាពិសេស ការប្រើប្រាស់ពាក្យពេចន៍ក្នុងសេចក្ដីរាយការណ៍ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបាននិយាយថា៖ «ដំបូងឡើយ ខ្ញុំក៏មានយល់ច្រឡំក្នុងការប្រើប្រាស់ពាក្យ «ខូច CBC» ដោយគិតថា អ្វីទៅជា CBC ហើយអ្វីមហាជនតែងតែនិយាយថា ខូច CBC»៕