ការធ្វើសមយុទ្ធរួមជាមួយបទេសមានផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ប៉ុន្តែអធិបតេយ្យភាព និងឯករាជ្យភាពត្រូវតែធានាឲ្យបាន។ នេះជាការលើកឡើងរបស់អ្នកវិភាគ ខណៈដែលសមុទ្ធរួមគ្នារវាងកម្ពុជានិងចិន នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។
«សមយុទ្ធនាគមាស២០២៤» លើកទី៦នឹងត្រូវចាប់ផ្ដើមនៅសប្ដាហ៍ក្រោយរហូតដល់ចុងខែឧសភានេះ នៅខេត្តព្រះសីហនុ និង នៅមជ្ឈមណ្ឌលហ្វឹកហ្វឹកយោធានៅភ្នំជុំរីករាយក្នុងខេត្តកំពង់ឆ្នាំង។ សមយុទ្ធនេះធ្វើឡើងក្រោមមូលបទ «ប្រតិបត្តិការរួមប្រឆាំងនឹងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌»។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងជាប្រធានគណៈកម្មការដឹកនាំលំហាត់និងធ្វើសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទជាមួយប្រទេសនានា បានចុះទៅរៀបចំត្រៀមធ្វើសមយុទ្ធនេះកាលពីសប្ដាហ៍មុន។ តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនបានឲ្យដឹងថា សមយុទ្ធនាគមាសនេះនឹងធ្វើឡើងពីថ្ងៃទី១៦ដែលថ្ងៃទី៣០ ខែឧសភា។
ក្រសួងការពារជាតិចិនបានចុះផ្សាយកាលពីថ្ងៃទី៦ ខែឧសភាថា៖ «នេះជាសមយុទ្ធយោធារួមលើកទី៦ រវាងចិននិងកម្ពុជា ឈ្មោះថា សមយុទ្ធនាគមាស ដែលធ្វើឡើងដើម្បីពង្រឹងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ធ្វើឲ្យប្រសើរឡើងដល់កម្រិតទំនាក់ទំនងយុទ្ធសាស្ត្ររវាងយោធាទាំងពីរ និងរួមគ្នាការពារសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
សមយុទ្ធនាគមាសរវាងកម្ពុជានឹងចិន បានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦។ កាលពីឆ្នាំមុន សមយុទ្ធបែបនេះត្រូវបានធ្វើឡើងពីថ្ងៃទី២០ ខែមីនាដល់ថ្ងៃទី៨ ខែមេសា នៅភ្នំជុំរីករាយ។
ខណៈដែលសមយុទ្ធរួមគ្នាជាមួយចិនបានបន្តធ្វើជាបន្តបន្ទាប់ សមយុទ្ធរួមជាមួយអាមេរិកឈ្មោះថា «សមយុទ្ធឆ្មាំអង្គរ» ត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧។ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានស្នើឲ្យមានការធ្វើសមយុទ្ធនេះឡើងវិញ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីភាគីកម្ពុជានៅឡើយ។
អ្នកវិភាគនយោបាយយល់ថា ការធ្វើសមយុទ្ធរួមគ្នាជាមួយបរទេស ជាពិសេសប្រទេសមហាអំណាច ឬប្រទេសដែលមានភាពរីកចម្រើនក្នុងវិស័យយោធា គឺជារឿងល្អសម្រាប់កម្ពុជា ព្រោះវាជាឱកាសដែលយោធាកម្ពុជាអាចរៀនសូត្រពីបទពិសោធន៍នានាដែលប្រទេសដៃគូមាន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការធ្វើសមយុទ្ធនាគមាសនេះបង្ហាញពីភាពស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងយោធារវាងកម្ពុជានឹងចិន។ វាគឺជាឱកាសសម្រាប់ភាគីកម្ពុជាក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសផ្នែកសង្គ្រោះមនុស្សធម៌ និងគ្រោះមហន្តរាយ ក៏ដូចជាការទទួលបានជំនួយយោធាពីដៃគូសមយុទ្ធ។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា៖ «ការធ្វើសមយុទ្ធយោធាគឺជាការចរន្តទ្វេរទិស មិនអាចតែពីកម្ពុជាតែឯង ឬពីប្រទេសណាមួយដែលចង់ធ្វើអាចធ្វើបាននោះទេ។ វាត្រូវតែមានចរន្តរួម ការប្ដេជ្ញាចិត្តរួមគ្នា។ ខ្ញុំគិតថា កម្ពុជាក៏គួរពង្រីកការធ្វើសមយុទ្ធយោធារួមគ្នានេះជាមួយប្រទេសផ្សេងទៀត ជាពិសេសប្រទេសមហាអំណាចធំៗ បើសិនជាមានឱកាស។ ប៉ុន្តែបើធ្វើក៏ត្រូវតែឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ហើយវាមិនមែនជាផ្នែកមួយបម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាចណានោះទេ»។
លោកបន្តថា៖ «បើអាចទទួលបានជំនួយផ្នែកយោធា វាក៏ត្រូវតែក្នុងគោលដៅធ្វើទំនើបកម្មដល់ប្រព័ន្ធសន្តិសុខ ការពារជាតិរបស់យើង ពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទរបស់យើង។ បើសិនជំនួយយោធាមិនធ្វើឲ្យយើងធ្លាក់ក្នុងអន្ទាក់នៃភូមិសាស្ត្រនយោបាយ យើងគួរតែទទួលយក»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ក៏លើកទឹកចិត្តឲ្យកម្ពុជាពង្រឹកការធ្វើសមយុទ្ធយោធារួមជាមួយប្រទេសផ្សេងៗ រួមានចិន អាមេរិក ប្រទេសនៅអឺរ៉ុប និង អូស្ត្រាលី ដែលមានសមត្ថភាពយោធាខ្ពស់ ដើម្បីបង្កើនសមត្ថភាពយោធារបស់កម្ពុជា។
លោកថា ការធ្វើសមយុទ្ធរួមគ្នានេះ យើងអាចរៀនពីបទពិសោធន៍ទៅវិញទៅមកដើម្បីបង្កើតសម្ថភាពយោធារៀងៗខ្លួន៕