សៀមរាបៈ ជន​ត្រូវ​ចោទ​ចំនួន ៣​នាក់​បន្ថែម​ទៀត ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ជាប់​ឃុំ​ខ្លួន​សរុប​ឡើង​ដល់ ៨នាក់ គិតត្រឹម​ថ្ងៃទី៩ ខែ​ឧសភា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រំលោភ​បូក​មានគ្នា​ជាង​១០នាក់​ទៅ​លើ​ក្មេង​ស្រី​អាយុ ១៥ឆ្នាំ កាល​ពី​ខែ​មេសា កន្លងមក​ក្នុង​ខេត្ត​សៀមរាប។  

មន្ត្រីនគរបាល​យុត្តិធម៌​បាន​នាំខ្លួន​ជន​ត្រូវចោទ​ចំនួន ៣​នាក់​បន្ថែម​ទៀត​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ​នាថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង សំណុំរឿង "រំលោភ​សេពសន្ថវៈមាន​ស្ថាន​ទម្ងន់​ទោស”នេះ។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ចុះ​ថ្ងៃទី៨ ខែ​ឧសភា។

តុលាការ​បាន​បញ្ជាក់​ថា៖ «ក្រោយ​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ទាំងបី​នាក់​រួចមក និង បាន​ពិនិត្យ​ភស្តុតាង​ក្នុង​សំណុំរឿង ព្រម​ទាំង​ពិចារណា​អង្គហេតុ និង អង្គច្បាប់ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាង​លើ​ជា​បណ្តោះ​អាសន្ន​និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​សៀមរាប ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់»។ 

សាលាដំបូង​ខេត្តសៀមរាប​នឹង​បន្ត​ចាត់ការ សំណុំ​រឿងនេះ​ឱ្យ​បាន​ឆាប់​រហ័ស និង ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ពាក់ព័ន្ធ​ទាំងអស់។ ទោះយ៉ាងណា​រហូត​មក​ដល់​នឹង​ថ្ងៃទី៩ ខែ​ឧសភា​នេះ មិនទាន់​មាន​ជនសង្ស័យ​បន្ថែម​ទៀត​ត្រូវ​បាន​ចោទប្រកាន់ រឺ​ឃុំខ្លួន​នោះទេ។ នេះ​បើ​យោង​តាម​លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប។

លោកបាន​បញ្ជាក់ថា៖​«ចៅក្រម​ស៊ើបសួរ​កំពុង​តែ​មាន​ចំណាត់​ការ​ជា​បន្តបន្ទាប់​ហើយ...បើ​មាន​អី​ថ្មី​បន្ថែម​ទៀត និង​មានសេចក្តី​ប្រកាស​ព័ត៌មាន​ថែម​ទៀតហើយ សូម​រងចាំទៅ»។ 

លោកក៏​បាន​បញ្ជាក់​ផងដែរថា តាមដីកា​សន្និដ្ឋាន​របស់​ព្រះ​រាជអាជ្ញា សំណុំ​រឿងនេះ​មាន​ជន​សង្ស័យ​ជាង ១០នាក់។ ប៉ុន្តែ​ភាគី​ខាង​ដើម​បណ្តឹង​បា​នអះអាង​ថា មាន​រហូត​ដល់​ទៅ ២០​នាក់​ឯនោះ។

ករណី​រំលោភ​សេពសន្ថវៈមាន​ស្ថាន​ទម្ងន់ទោស​នេះ​បាន​ប្រព្រឹត្ត​នៅ​ទី​កន្លែង ៣ផ្សេងៗ​គ្នា។

ក្នុង​នោះ​រួម​មាន​នៅ​ផ្ទះ​របស់ឈ្មោះ និត ស្ថិត​នៅ​ភូមិវត្តបូព៌ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃទី​១៥ ខែ​មេសា កន្លងមក និង​នៅ​ផ្ទះ​របស់ឈ្មោះ ត្រា ស្ថិត​នៅ​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​កាល​ពីថ្ងៃទី​១៦ ខែ​មេសា និង​ចុង​ក្រោយ​នៅ​ផ្ទះ​របស់ឈ្មោះ វណ្ណា នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាល​ពីថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤​នេះ។

ជន​សង្ស័យ​ចំនួន ១៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​សំណុំរឿង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​នេះ។ ក្រោយ​ពី​បានពិនិត្យ​សំណុំ​រឿង ចម្លើយ​ជន​សង្ស័យ ចម្លើយ​ជន​រងគ្រោះ ព្រម​ទាំង​បាន​ពិនិត្យ​ភស្តុតាង​នានា​រួច​មក តំណាង​អយ្យការបាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ចំនួន ១៤នាក់ តែ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៥នាក់។ 

ដោយឡែក ចំពោះ​ជនសង្ស័យ​ចំនួន​ម្នាក់​អាយុ ១៥ឆ្នាំ ដែល​រកឃើញ​ថា​មិនមាន​ភស្តុតាង ដើម្បី​ចោទ​ប្រកាន់​នោះ ត្រូវបាន​តំណាង​អយ្យការ​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅ​គេហឋាន​វិញ​ជា​បណ្ដោះអាសន្ន ទៅ​តាម​ពាក្យ​ស្នើសុំ​របស់​មេធាវី និងអាណា​ព្យាបាល​របស់ជននេះ។​

ឪពុក​ក្មេងស្រី​ក្នុង​បទល្មើស​រំលោភ​សេពសន្ថវៈ ឈ្មោះពេជ្រ សុវ័ន្ត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា ប្រ​ព្រឹត្ត​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី​១៩ ខែ​មេសា ក្រោយ​ពី​បាន​ប្រើ​អំពើ​ហិង្សា ដោយទាត់ លើ​ជន​សង្ស័យ​ដែល​រំលោភ​កូនគាត់ ឈ្មោះ ឡុង សេងឡាយ ១៥ឆ្នាំ​ចំ​ផ្ទៃ​មុខ​បណ្តាល​ឱ្យ​របួស​ត្រង់​ភ្នែក​ខាង​ស្តាំ និង​ហូរឈាម​ច្រមុះ នៅពេល​ដែល​មន្ត្រី​កងរាជ​អាវុធហត្ថ​កំពុង​រៀបចំ​បញ្ជូន​ឈ្មោះ ឡុង សេងឡាយ​ទៅ​សាលា​ដំបូងខេត្ត​សៀមរាប។

បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ម្តាយ​របស់​ឈ្មោះ ឡុង សេងឡាយ មន្ត្រី​កង​រាជអាវុធហត្ថ​បាន​កសាង​សំណុំ​រឿងបញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប។ ក្រោយ​ពី​ពិនិត្យ​សំណុំរឿង និងសួរ​ចម្លើយ​ជន​សង្ស័យ តំណាងអយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ពេជ្រ សុវ័ន្ត ពីបទ​ហិង្សា​ដោយ​ចេតនា រួច​បាន​បញ្ជូន​ទៅ​ចៅក្រមស៊ើបសួរ ហើយ​ចៅក្រម​បាន​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន។

ប៉ុន្តែ​ក្រោយពី ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី៣ ខែ​ឧសភា​បាន​ស្នើសុំ​ឱ្យ​សាលាដំបូង​ខេត្ត​ពិចារណា​ឡើងវិញ​លើ​ទិដ្ឋភាពច្បាប់ និង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​លើ​ករណី​ហិង្សានេះ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដោះលែង ជន​ត្រូវ​ចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ឱ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះអាសន្ន និង​បន្ត​ការ​ស៊ើបសួរ​លើ​សំណុំ​រឿងនេះ​តាម​នីតិវិធី​ច្បាប់។

ក្មេងស្រីរងគ្រោះ​ត្រូវ​បាន​អង្គការ​អាហ្វេស៊ីប​កម្ពុជា (AFESIP Cambodia) យក​ទៅ​ឱ្យ​ស្នាក់​នៅ និង ព្យាបាល៕