កណ្តាលៈ មន្ត្រី​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ​ពេល​បច្ចុប្បន្ន​នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករ​​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៧ ដែល​មាន​រយៈ​ពេល​ប្រមាណ​៣ឆ្នាំ​ទៀត​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​​ឱ្យ​នៅ​កម្រិត​ទាប​បំផុត។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយក​រង​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា ការ​ពង្រឹង​ការ​អប់រំ និង​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​សុខុមាលភាព ក៏ដូចជា​ការ​បង្ការ​ហានិភ័យ​ការងារ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព និង​សុខ​សុវត្ថិភាព​របស់​កម្មករ​និយោជិត​ក្នុង​ពេល​បំពេញ​ការងារ។

លោក​ថ្លែង​បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព និង​សុខ​សុវត្ថិភាព​របស់​កម្មករ​និយោជិត​ក្នុង​ពេល​បំពេញ​ការងារ ប.ស.ស. បាន​កំណត់​សកម្មភាព​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ពេល​ធ្វើដំណើរ និង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម ជាពិសេស​ការ​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករ​និយោជិត សំដៅ​លើក​កម្ពស់​កម្មវិធី​បង្ការ​ហានិភ័យ​ការងារ។

លោក ហេង សុផាន់ណារិទ្ធ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករ​និយោជិត ​នា​ថ្ងៃ​ទី​៩ ខែ​ឧសភា នៅ​រោងចក្រ Bowker Garment Factory (CAMBODIA) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។

លោក​ថ្លែង​ថា៖ «[ប.ស.ស.] ​ត្រូវ​ធ្វើ​បញ្ជី​បច្ចុប្បន្នភាព​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​និយោជិត​ជា​ប្រចាំ និង​ត្រូវ​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​អំពី​ជម្រើស​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់ប្ដូរ​រថយន្ត​ដឹកទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ​និយោជិត​ពេល​បច្ចុប្បន្ន​ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​បងប្អូន​កម្មករ​និយោជិត ដែល​អាច​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ឬ​អង្គភាព​ណា​មួយ​ច្បាស់លាស់​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៧»។

លោក​អគ្គនាយក​រង​បន្ត​ថា ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រថយន្ត​នេះ មាន​គោលបំណង​ «ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព និង​អាច​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​នៅ​កម្រិត​ទាប​បំផុត ដែល​អាច​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ​និយោជិត»។

ក្រសួង​ការងារ​បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឆ្នាំ២០២៤-២០២៨ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និងដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ​ឱ្យ​បាន​ជា​អតិបរមា។

នៅ​ក្នុង​ពិធី​នេះ លោក ចេវ ហាក់ អគ្គស្នងការ​រង​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ​បាន​អំពាវនាវ​ដល់​កម្មករ​និយោជិត​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ និង​ជំរុញ​ដល់​អ្នក​ធ្វើដំណើរ​ដោយ​ម៉ូតូ និង​​អ្នក​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ​និយោជិត​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់។

លោក​អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​និយោជិត​​​ត្រូវ​មាន​ស្មារតី​ទទួល​ខុសត្រូវ និង​យក​ចិត្ត​ទុកដាក់​រាល់​ពេល​បើកបរ ដោយ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ចៀសវាង​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង ព្រោះ​កម្មករ​និយោជិត​រាប់​សិប​នាក់​បាន​ផ្ញើ​ជីវិត​នៅ​លើ​រថយន្ត​របស់​អ្នកបើកបរ​តែ​ម្នាក់​គត់។

លោក ហាក់ សុខមករា អភិបាលរង​ខេត្ត​កណ្ដាល​ស្នើ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ទាំងអស់​ក្នុង​ទឹកដី​ខេត្ត​កណ្តាល​ត្រូវ​ជំរុញ ​លើកទឹកចិត្ត និង​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ​និយោជិត​ទាំងអស់​ដែល​កំពុង​បំពេញ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស របស់​ខ្លួន​ឱ្យ​ចូលរួម​ពិធី​អប់រំ​ផ្សព្វផ្សាយ​នានា​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូក​គោក៕