ទោះបីជា​រាជរដ្ឋាភិបាល​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នកចេះទើប​​ជាប់​ក្នុង​ការ​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​ក៏​ដោយ ក៏​អំពើ​ឆបោក​យក​ប្រាក់​ដើម្បី​ជា​ថ្នូរ​នឹង​ការ​​ទទួល​បាន​ក្របខណ្ឌ​នេះ​នៅតែ​បន្ត​កើតឡើង។

នៅ​ថ្ងៃទី៩​ ខែឧសភា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បញ្ជូន​ជន​សង្ស័យ​៣នាក់ រួមមាន​​គ្រូ​បង្រៀន​២នាក់ និង​មន្ត្រី​ថ្នាក់​ការិយាល័យ​​នៅ​ក្រសួង​ផែនការ​ម្នាក់​ទៅ​កាន់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​​ក្រោយ​ពេល​ត្រូវ​បាន​រក​ឃើញថា​​មាន​ពាក់​ព័ន្ធ​នឹង​ករណី​រត់​ការ​ចូលក្រប​ខណ្ឌ​គ្រូ​បង្រៀន និង​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ទៀត​។

បើតាម​គ្រុប​តេឡេក្រាម​របស់​ក្រសួង​យុត្តធម៌ ជន​សង្ស័យ​ទាំង ៣​រូប​មាន​ឈ្មោះ រុន ភេទប្រុស អាយុ​៣៨ឆ្នាំ ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​សុខ​អាន​ព្រៃសណ្តែក, ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ ៤៣ឆ្នាំ ជា​គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ធន់មន់ និង​ឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ​៣៥ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​នៃ​ក្រសួងផែនការ។

ព័ត៌មាន​ក្នុង​គ្រុបតេឡេក្រាម​បញ្ជាក់​ថា៖ «ជន​សង្ស័យ​ទាំង​ ៣​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​រក​ឃើញ​ថា បាន​សហការ​គ្នា​រត់​ការ​បញ្ចូល​ចូល​ក្របខណ្ឌ ដោយ​ខុសច្បាប់​តាំង​ពី​ឆ្នាំ ២០២៣ ដល់​ដើម​ខែ​ឧសភា ឆ្នាំ ២០២៤ ក្នុង​នោះ​មាន​សកម្មភាព​ដូចជា ការ​រត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ ការ​រត់ការ​ចូល​ក្រប​ខណ្ឌ​គ្រូបង្រៀន និង ក្របខណ្ឌ​ក្រសួង​ផ្សេងៗ​ទៀត ការ​ទទួល​ធ្វើ​សញ្ញាបត្រ​ក្លែង​គ្រប់​ប្រភេទ ដូចជា សញ្ញាបត្រ​បាក់ឌុប សញ្ញាបត្រ​បរិញ្ញាបត្រ និង​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម ក្នុង​តម្លៃ​ចាប់​ពី ៤៥០​ដុល្លារ​អាមេរិក ដល់ ១.៥០០​ដុល្លារ​អាមេរិក។ 

ប្រភព​ដដែល​បន្ត​ថា៖ «ចំពោះ​ការ​រត់​ការ​ចូល​ក្រប​ខណ្ឌរដ្ឋ​វិញ ក៏​យក​តម្លៃ​ចាប់​ពី ១១.០០០​ដុល្លារ​អាមេរិក ដល់ ១៦.០០០​ដុល្លារ​អាមេរិក តាម​ប្រភេទ​ក្របខណ្ឌ​ផ្សេងៗគ្នា»។

មិន​មាន​ការ​បញ្ជាក់​ថា ជន​សង្ស័យ​បាន​ប្រមូលប្រាក់​បាន​ប៉ុន្មាន​ ឬ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ផ្ដល់​ប្រាក់​ឲ្យ​ពួក​គេ ចាប់តាំង​ពី​ពួកគេ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នេះ៕