អង្គការ​តម្លាភាព​អន្តរជាតិ​​អូស្ត្រាលី​បាន​ចេញ​របាយការណ៍​មួយ​ ដោយ​សង្ស័យ​ពី​​ប្រភព​ប្រាក់​មាន​ប្រភព​ពី​កម្ពុជា​ដែល​​វិនិយោគ​​ទៅ​លើ​​វិស័យ​អចលនទ្រព្យ​ឬ​លំនៅដ្ឋាន​ ក្នុង​ប្រទេស​អូស្ត្រាលី ដោយ​ពួកគេ​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​សម្អាត​ប្រាក់ ឬ​អំពើ​ខុស​ច្បាប់​។ ប៉ុន្តែ​អ្នក​ជំនាញ​យល់​ថា ពលរដ្ឋ​កម្ពុជា​ខ្លះ​មាន​ធនធាន ហើយ​​គួរ​តែ​មាន​សិទ្ធិ​វិយោគ​នៅ​អូស្ត្រាលី​​ស្រប​ទៅតាម​ច្បាប់​វិនិយោគទុន​ពី​បរទេស។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​​ក្រុមហ៊ុន​ប្រឹក្សាយោបល់ KordaMentha និង​អង្គការ​តម្លា​ភាព​អន្តរជាតិ​អូស្ត្រាលី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា​ បង្ហាញ​ថា​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣ អចលនទ្រព្យ​ចំនួន ​១១៨​កន្លែង​​មាន​តម្លៃ​សរុប ​​១១០​លាន​ដុល្លារ​ អូស្ត្រាលី (៧២​លាន​ដុល្លារ​អាមេរិក​)​ ត្រូវបាន​ជួញដូរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​​ដោយ ​«ជន​មក​ពី​កម្ពុជា»។ 

នៅ​ឆ្នាំ​២០២០​ ទឹកប្រាក់​ជាង ៣៣៧លាន​ដុល្លារ​ត្រូវ​បាន​ផ្ទេរ​ចូល​ទៅ​ប្រទេស​អូស្ត្រាលី​ពី​កម្ពុជា។ ទោះយ៉ាងណា​ក៏​ដោយ​ក៏​របាយការណ៍​នេះ​ទទួល​ស្គាល់​ថា ភាគច្រើន​នៃ​ទំហំ​ទឹកប្រាក់​នេះ​ស្ថិត​នៅ​ក្នុង​​សកម្មភាព​ហិរញ្ញវត្ថុ ឬ​ការ​វិនិយោគ​ស្របច្បាប់។ ប៉ុន្តែ​ពួកគេ​បាន​ចោទ​សួរ​ទៅ​លើ​សមភាព​នៃទំ​ហំ​ទឹកប្រាក់​នេះ​ទៅ​នឹង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

របាយការណ៍​ដដែល​លើក​ឡើង​ថា៖ «នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ​ ២០២២-២០២៣ អចលនទ្រព្យ​​លំនៅដ្ឋាន​របស់​អូស្ត្រាលី​ដែល​មាន​តម្លៃ ៣៣,៤​លាន​ដុល្លារ​អូស្ត្រាលី ​(ជិត​​២២លាន​ដុល្លារ​អាមេរិក) ត្រូវ​បាន​ទិញ​ដោយ​ជន​បរទេស​មក​ពី​កម្ពុជា»។

របាយការណ៍​នេះ​អះអាង​ថា តួលេខ​នេះ​ត្រូវបាន​កត់ត្រា​តាម​ចរន្ត​ផ្ទេរ​ប្រាក់​ដែល​អាច​គ្រប់គ្រង​បាន។ 

របាយការណ៍​ដដែល​សរសេរ​ថា តាម​ការ​យល់​ឃើញ​របស់​ពួក​គេ​ យ៉ាងហោច​ណាស់​​មាន​ទឹកប្រាក់​មួយ​ភាគ​ដែល​ចេញ​​ពី​កម្ពុជា​​ចូល​ទៅ​អូស្ត្រាលី​​ចេញ​ពី​ប្រភព​មិន​ស្របច្បាប់។

កម្ពុជា​​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ស្ថាប័ន​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់​ FATF នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​​​ត្រូវ​បាន​ដក​ចេញ​វិញ​​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ បន្ទាប់​ពី​កម្ពុជា​បាន​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់​ និង​បាន​បំពេញ​​លក្ខខណ្ឌ​នានា​ដែល​ FATF បាន​ដាក់​ចេញ រួម​មាន​ទាំង​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​នីតិវិធី​ពាក់​ព័ន្ធ​ជាច្រើន​ទៀត។

ចំពោះ​របាយការណ៍​ចោទប្រកាន់​នេះ ភ្នំពេញប៉ុស្តិ៍​បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ ប៉ុន្តែមិន​ទទួល​បាន​ចម្លើយ​តបទេ​គិត​ត្រឹម​ថ្ងៃ​ទី៩ ខែឧសភា​នេះ។

លោក​ ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដក្ឋិច្ច​នៅ​រាជ្យបណ្ឌិត្យ​សភា​កម្ពុជា​និយាយ​ថា ជាទូទៅ​លំហូរ​សាច់ប្រាក់​ចូល​ទៅក្នុង​ប្រទេស​មួយ​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ។ 

លោកថា ប្រសិន​បើ​ភាគី​អូស្ត្រាលី​រក​ឃើញ​ថា​ប្រាក់​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​​ខុស​ច្បាប់ ពួកគេ​គួរ​តែ​ទប់ស្កាត់​មិន​ឲ្យ​ចូល​អូស្ត្រាលី​តាំង​ពី​ដំបូង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រជាពលរដ្ឋ​កម្ពុជា​យើង​ខ្លះ​ក៏អាច​វិនិយោគ​នៅ​អូស្ត្រាលី​បាន​ដែរ ប៉ុន្តែ​របាយការណ៍​នេះ​អះអាង​​ថា​ វា​ជា​លុយ​កខ្វក់ ជាប់​ពាក់​ព័ន្ធ​រឿង​ពុក​រលួយ ឬ​ជួញដូរ​គ្រឿង​ញៀន។ វា​ហាក់​បីដូច​ជា​ជះទឹក​កខ្វក់​មក​លើ​កម្ពុជា»។

លោក​ក៏បាន​ចោទសួរ​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ច្បាប់​ស្ដីពី​ការ​វិនិយោគទុន​ពីបរទេស​នៅ​អូស្ត្រាលី។

លោក​និយាយ​ថា៖ «បើអីចឹង តើ​គេ​អាច​ទៅ​វិនិយោគ​ក្នុង​ប្រទេស​នោះ​យ៉ាង​ម៉េច​បាន? ពលរដ្ឋ​កម្ពុជា​ក៏​មិន​ខុស​ពី​ប្រទេស​ផ្សេង​ដែរ គួរតែ​អាច​វិនិយោគ​នៅ​អូស្ត្រាលី​បាន។ យើង​មិន​អាច​ទៅ​ស្វែង​រក​ប្រភព​លុយ​គ្រប់​យ៉ាង​នោះ​ទេ»។

លោក​យល់​ថា ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ប្ដូរ​ទីលំនៅ​អចិន្ត្រៃយ៍​ទៅ​អូស្ត្រាលី ឬ​វិនិយោគ​នៅ​ទីនោះ ឬ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​ គួរ​តែ​អាច​ធ្វើបាន ព្រោះប្រាក់​របស់​ពួក​គេ​អាច​បាន​ពី​ប្រភព​ស្របច្បាប់​ផ្សេងៗ​ដូចជា​ការ​ធ្វើ​ជំនួញ​ជួញដូរ ឬ​លក់​ដី​ធ្លី​ជាដើម។

លោក​បន្ត​ថា៖ «ខ្ញុំជឿ​ថា គ្រួសារ​ខ្លះ​អាច​មាន​លុយ​១លាន​ដុល្លារ​ដើម្បី​ប្ដូរ​ទីលំនៅ ឬ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​អូស្ត្រាលី​បាន»។

យ៉ាងណា​ក៏ដោយ លោក​បញ្ជាក់​ថា លោក​មិន​និយាយ​ការពារ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ហើយ​យក​លុយ​ទៅវិនិយោគ​នៅ អូស្ត្រាលី​ទេ។ លោក​គ្រាន់តែចង់​ឃើញ​អូស្ត្រាលី​បែង​ចែក​ឲ្យ​បាន​ច្បាស់​ថា​លុយ​មក​ពី​ប្រភព​បែប​ណា​ដែល​មិន​អាច​យក​ទៅ​វិនិយោគ​នៅ​ទីនោះ បាន។ ប្រសិន​បើ​មាន​ការ​ចោទប្រកាន់​លើប្រភព​លុយ​ណា​មួយ ត្រូវ​តែ​មាន​ភស្តុតាង​ច្បាស់លាស់៕