ភ្នំពេញ៖ កីឡាករជើង​ខ្លាំងជា​ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​ ២០២៣ លន បញ្ញា បាន​ទទួល​ស្គាល់​ថា ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​ស្តេចគ្រុឌ​ជាមួយជើង​ខ្លាំង​លំដាប់ ​A របស់​ថៃ Petchdam Petchyindee ក្នុង​ព្រឹត្តិការណ៍ប្រចាំឆ្នាំ Krud Kun Khmer: Reign of Kings បាន​ក្លាយជា​ជាជំនួប​ដ៏​ធំ និង​មានការ​ពិបាក ដែល​រូបគេ​មិននឹកស្មាន​ថា សង្វៀន​ប្រដាល់​ទទក អាច​នាំ​យក​ជើង​ខ្លាំងៗ​​​មក​ប្រកួត​នៅ​កម្ពុជា​បាន ហើយ​រឹត​តែគិតមិនដល់​ថា ខ្លួនមានឱកាស​អាច​ប៉ះ Petchdam។

លន បញ្ញា ដែលជា​ជើង​ខ្លាំង​កម្រិត ​A ​របស់​កម្ពុជា ក្នុង​ប្រភេទ​ទម្ងន់​ ៦៥ ​គីឡូក្រាម បានដឹង​ច្បាស់​ថា Petchdam គឺជា​ជើង​ខ្លាំង ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​គ្រប់​សង្វៀន​ធំៗ ទាំង​នៅ​ក្រៅ​ស្រុក និងនៅ​ប្រទេស​ថៃ ហើយ​គេ​ម្នាក់​នេះ ក៏​ធ្លាប់​មានប្រវត្តិ​ឈ្នះ​កីឡាករ​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ស្រុក​ថៃ រតថាំង ផងដែរ។

តែទោះបីជា​យ៉ាង​ណា លន បញ្ញា ​បានចាត់​ទុក​ការ​ជួប​ជើង​ខ្លាំង Petchdam នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  នា​យប់​ថ្ងៃទី ​៣១ ខែមីនា​នេះ ថាជា​ឱកាស​ដ៏​ល្អ​មួយ ដែល​រូបគេ​អាច​នឹង​សាង​បាន​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បីល្បាញ បើ​សិនជា​​​អាច​យក​ឈ្នះ​អ្នក​ល្បី​របស់​ថៃ​ម្នាក់នេះ​បាន។

លន បញ្ញា បាន​និយាយ​ថា៖​ «​ដៃគូ​របស់​ខ្ញុំ​លើក​នេះ គាត់​ល្អ​ខ្លាំង ព្រោះជា​ជើង​ខ្លាំង ដែល​ធ្លាប់ប្រកួត​នៅ​សង្វៀន ONE និងសង្វៀន​ធំ​ៗ​នៅ​ស្រុក​ថៃ។ គាត់​​បាន​ស្គាល់​អស់​ហើយ សម្រាប់​​ការ​ប្រកួត​ធំៗ តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ខ្លាំង ដែល​បានជួបអ្នក​ខ្លាំង ព្រោះ​វា​អាច​ជា​ឱកាស​សាង​កេរ្តិ៍​ឈ្មោះ​​របស់​យើង​ដែរ ព្រោះ Petchdam ជា​ប្រភេទ​កីឡា​ករ​លំដាប់ខ្លាំង ជាន់​ផ្អៀង​នៅ​ស្រុក​ថៃ ហើយ​ខ្ញុំ​ក៏​មិននឹក​​ស្មានថា បានជួបគាត់នោះ​ដែរ»។

តាម​រយៈការ​សិក្សា និងស្វែង​យក​ពីបច្ចេក​ទេស​ប្រកួត​របស់ Petchdam មួយ​រយៈ​ពេលនេះ លន បញ្ញា បាន​ដឹង​ថា ជើង​ខ្លាំង​របស់​ថៃ​ម្នាក់​នេះ ជា​កីឡាករ​អាច​វាយ​ថយ​ក៏​បាន បុក​ក៏​បាន ហើយអ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ គឺ Petchdam ​​​ជាកីឡាករជំនាញ​ប្រើ​ឆ្វេង គឺ​ម៉ាត់​ឆ្វេង កែងឆ្វេង និង​ទាត់​ឆ្វេង ខណៈ​​អាវុធ​វាយ​ចេញ​​​របស់​គេ មាន​ទម្ងន់​​ធ្ងន់ ដែល​អាច​នឹង​មាន​ការ​លំបាក​ក្នុងការ​ទប់​ទល់។

តែទោះ​យ៉ាងណា លន បញ្ញា បានបញ្ជាក់​ថា៖ «ខ្ញុំរំពឹង​ត្រឹម​ ៥០ ​ភាគ​រយសិនបាន​ហើយ ព្រោះ​គាត់ជា​កីឡាករ​លំដាប់​ស្រុក​ថៃ ហើយ​គាត់​មក​វ៉ៃ​នេះ​ក៏មិនចង់​ចាញ់​នាំ​ឱ្យ​ខូច​ឈ្មោះ​ គឺ​គាត់​ចង់​ឈ្នះ​យើង ហើយ​យើង​ក៏​ចង់​ឈ្នះ​គាត់​ដូចគ្នា ដោយ​ខ្ញុំ​តាំង​ចិត្ត​ថា នឹង​ខំប្រឹង​ធ្វើ​ឱ្យ​បាន​ល្អ ហេតុនេះ​សូម​ពុក​​ម៉ែ​បងប្អូន​ចូលរួម​គាំ​ទ្រ​ឱ្យ​បាន​ច្រើន ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​គុនខ្មែរ​របស់​​យើង ហើយ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​ប្រកួត​ឱ្យ​អស់​ពី​​សមត្ថ​ភាព​ ដើម្បីដណ្តើម​យក​ជ័យ​ជម្នះ​ជូន​អ្នក​គាំ​ទ្រ​ឱ្យ​បាន»។

មិន​មែន​មានតែ លន បញ្ញា ម្នាក់នោះ​ទេ ដែល​ត្រូវបានដាក់​ឱ្យ​ប្រកួតដណ្តើមខ្សែ​ក្រវាត់​ស្តេចគ្រុឌ ក្នុង​កម្ម​វិធី Krud Kun Khmer: Reign of Kings នេះ ប៉ុន្តែ​សិស្ស​ច្បង​របស់​គេ ធន់ រិទ្ធី ក៏​ត្រូវប្រកួត​អំបោះ​ឆៅ​ដណ្តើម​ខ្សែ​ក្រវាត់ស្តេចគ្រុឌ ក្នុង​ទម្ងន​ ៧៣​ គីឡូក្រាម ​ជាមួយ​អ្នក​ប្រយុទ្ធ​មក​ពី​អ៊ីរ៉ង់ Ali Yousef ផងដែរ ហើយ ធន់ រិទ្ធី បានអះអាង​ថា រូបគេ​បាន​ត្រៀមខ្លួន​ ៥ សប្តាហ៍​ហើយ ដើម្បីជួប​របស់ពិត​ម្នាក់​នេះ។

ជាមួយគ្នា​ម្ចាស់​មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា និង ឡៅ ចិត្រា ត្រូវដាក់​ឱ្យ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​ស្តេច​គ្រុឌជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃដូចគ្នា ខណៈ គឹម វាសនា ត្រូវ​ប្រកួត​ម៉ារ៉ាតុងដណ្តើមខ្សែ​ក្រវាត់​ជាមួយ​កីឡាករ​អ៊ីរ៉ង់ ម៉ារ៉ុក និង​កីឡាករ​បារាំង ចំណែក​​ ឡៅ ចន្ទ្រា ត្រូវ​ប្រកួតសង​សឹក​ Sammy Banchamek រីឯ​ឡៅ សៃណាត ត្រូវ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រដណ្តើម​ខ្សែ​ក្រវាត់ជាមួយ ឡុង ពិសិដ្ឋ ហើយ​កីឡាករ​ជើង​ខ្លាំង​មួយ​ចំនួន​ទៀត ក៏​ត្រូវ​ដាក់​ប្រកួត​ក្នុង​​កម្ម​វិធី Krud Kun Khmer: Reign of Kings នា​ថ្ងៃទី​ ៣០ និង​ទី ​៣១ ខែមីនា​នេះ​ផងដែរ៕