Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គណៈកម្មការ​ទី​១​ នៃ​រដ្ឋសភា​គ្រោង​ជួប​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ចន្ទ

គណៈកម្មការទី​១​នៃ​រដ្ឋសភា​បាន​ជួប​​ជា​មួយ​ក្រុម​សង្គម​ស៊ី​វិល​ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ជូន​ប្រ​ជា​ពលរដ្ឋ​នៅ​ខេត្ត​កោះ​កុង​ដែល​មាន​ជម្លោះ​ជាមួយ​​ក្រុម​​ហ៊ុនចិន​។
គណៈកម្មការទី​១​នៃ​រដ្ឋសភា​បាន​ជួប​​ជា​មួយ​ក្រុម​សង្គម​ស៊ី​វិល​ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ជូន​ប្រ​ជា​ពលរដ្ឋ​នៅ​ខេត្ត​កោះ​កុង​ដែល​មាន​ជម្លោះ​ជាមួយ​​ក្រុម​​ហ៊ុនចិន​។ ហេង ជីវ័ន

គណៈកម្មការ​ទី​១​ នៃ​រដ្ឋសភា​គ្រោង​ជួប​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ចន្ទ

ភ្នំពេញៈ គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត បន្ទាប់ពី​បាន​រកឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​មាន​ប្រសាសន៍​នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី និង​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​មួយ​ចំនួន​រួច​មក គណៈកម្មការ​បាន​រកឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល។

ករណី​នេះ គណៈកម្មការ គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ខាង​មុខ​នេះ នៅ​ទីស្តីការ​ក្រសួង ដើម្បី​សួរនាំ និង​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ទាំងនេះ។

លោក​បាន​ថ្លែង​ថា៖ «គណៈកម្មការ​ទី​១ កំពុង​តែ​តាម​ឃ្លាំមើល យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ និង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី​»។

បើ​តាម​លិខិត​របស់​លោក អេង ឆៃអ៊ាង ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ នឹង​លើក​ឡើង​ពី​បញ្ហា​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​សង្កាត់ ព្រែកលៀប ជាមួយ​សាលាកសិកម្ម​ព្រែកលៀប រាជធានី​ភ្នំពេញ។ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​តាមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ ជាមួយ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេង និង​រយហ្វេង ព្រមទាំង​ករណី​ទំនាស់​ដីធ្លី​ជាច្រើន​ទៀត​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​កោះកុង។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ពុំ​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។ ប៉ុន្តែ លោក ឡោ រស្មី អគ្គលេខាធិការ​ក្រសួង​កសិកម្ម បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ទទួល​លិខិត​នោះ​ហើយ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​យ៉ាងណា​នៅ​ឡើយ ដោយសារ​នៅ​ថ្ងៃ​នោះ លោក​ជាប់​ប្រជុំ​ជាមួយ​វិស័យ​ឯកជន។

លោក​បាន​បញ្ជាក់​ថា៖ «ថ្ងៃ​នោះ​ឯកឧត្តមរដ្ឋមន្ត្រី​ជាប់​រវល់ ប៉ុន្តែ​ប្រហែល​ជា​លោក​អាច​ឆ្លៀត​ជួប​បាន យើង​នឹង​ជម្រាប​ជូន​តាម​ក្រោយ​ទៀត​»។

ដោយឡែក នៅក្នុង​ជំនួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ពាក់ព័ន្ធ​នឹង​ការ​រក​ដំណោះស្រាយ​រឿង​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ និង​បទុមសាគរ ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ចិនយូញៀន​វិញ លោក អេង ឆៃអ៊ាង បាន​ថ្លែង​ថា គណៈកម្មការ​នឹង​ប្រមូល​យក​ឯកសារ​ទាំងអស់ និង​ព័ត៌មាន​បច្ចុប្បន្នភាព​នៃ​ទំនាស់​នេះ ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​។

លោក​ថា៖«កន្លងមក យើង​ក៏​ធ្លាប់​ចុះ​ទៅ​ទីតាំង​នោះ​ដែរ ហើយ​យើង​ទទួល​ស្គាល់​ថា​បញ្ហា​នៅ​ស្រុក​ទាំង​ពីរ​ហ្នឹង អាជ្ញាធរ​មិន​បាន​អនុវត្ត​គោលការណ៍ ឬ​ក៏ សជណ របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ អ៊ីចឹង​យើង​នឹង​ពិនិត្យ​បន្ថែម ហើយ​បើ​ចាំបាច់ នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​មក​ឆ្លើយ​បំភ្លឺ​ទៀត​»។

ប្រធាន​​លេ​ខា​ធិការ​ដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក សួន ប៊ុន​ស័ក្កិ៍ បានមាន​ប្រសាសន៍​ថា ករណីជម្លោះដីធ្លី​នេះ​ បើ​ទោះជា​រាជ​រដ្ឋាភិបាល​​បាន​ចេញ ស.ជ.ណ ឲ្យ​ធ្វើ​ការ​ដោះស្រាយ​ដោយ​ សន្តិ​វិធី និង​ផ្អាកការ​ឈូស​ឆាយ និង​រុះរើ​លំនៅឋានពលរដ្ឋក៏​ដោយ​ ក៏​​ខាង​ក្រុម​ហ៊ុន​ចិន​យូញៀន នៅ​តែ​បន្ត​ប្រើ​ប្រាស់​កម្លាំង​សន្តិ​សុខ កម្មករ និង​គ្រឿង​​ចក្រ​ទៅ​រុះ​រើ និង​​ដុត​​កម្ទេច​លំនៅ​ឋាន​ រោង​ស្នាក់​នៅ​​ចាំ​​ស្រែចម្ការ​របស់​ប្រជា​ពលរដ្ឋដែរ។

លោក​ថ្លែ​ង​ថា «ប្រជា​ពលរដ្ឋ​នៅទីនោះជួប​​​បញ្ហា​ច្រើន​ណាស់ អាច​​ថា គាត់​​ទទួល​រង​ការ គំរាម​កំហែង​​បណ្តេញ​ចេញ​ពី​​លំនៅ​ដ្ឋានស្ទើរ​រាល់​ថ្ងៃ អ៊ីចឹង​យើ​ងស្នើ​ឲ្យ​គណៈ​កម្មការ​មាន​​​វិធានការ​ដោះស្រាយ​​ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ»។

ក្រុម​​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ចាត់​វិធានការ​ដោះ​ស្រាយ​​ដោយ​យុត្តិធម៌ និង​អនុវ​ត្ត​គោល​នយោ​បាយ​ឆ្វៀលដី​ជា​លក្ខណៈ​​ស្បែក​ខ្លាជូន​ប្រជា​ពលរដ្ឋ ដើម្បី​​អភិវឌ្ឍ​ជីវភាព និង​នីតិរដ្ឋ បញ្ឈប់​សកម្ម​ភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ធានាថា ជម្លោះដី​ធ្លី​ត្រូវ​បាន​ដោះស្រាយ​ស្រប​តាម​មាត្រដ្ឋាន​​អន្តរ​ជាតិ។

បើ​តាម​​លោក អុិន គង់​​ជិត អ្នកសម្រប​សម្រួល​​អង្គការ​​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង បាន​និយាយ​ថា ក្រុម​​ហ៊ុន​ចិន​យូ​ញៀន ឌីវេឡុបមេន បាន​ទទួល​ដី​សម្ប​ទាន​សេដ្ឋកិច្​ច​ព​ី​រាជ​រដ្ឋាភិបាល ដើម្បី​វិនិយោគ​ទីក្រុង​ក្បាល​នាគ​ ៧ នៅ​​ស្រុក​បទុម​សាគរ និង​ស្រុក​គិរីសាគរ​ លើ​ដី​ទំហំ ៣ ៦០០​ ហិកតា ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​​ពលរដ្ឋ​ចំនួន ១១៤៤​​គ្រួសារ​ក្នុងឃុំចំនួន​៥។ ប៉ុន្តែ​ បច្ចុប្បន្ន ​ប្រ​ជា​ពលរ​ដ្ឋ​មួយ​ចំនួន​បាន​យល់​ព្រម​ទទួល​យក​ប្រាក់​សំណង នៅ​សល់​តែ​ចំនួន​ ២៩៣​​​គ្រួសារ​ទៀតប៉ុណ្ណោះ​ ដែល​មិន​ទាន់​​ព្រម​ចាក​ចេញ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ