Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ម៉ាង ម៉ន កែប្រែ​វាសនា​ពី​អ្នក​ធ្វើ​ស្រែ និង​នេសាទ មក​ចាប់​អាជីព​ប្រដាល់​មួយ​ពូជ

Content image - Phnom Penh Post

លោក ម៉ាង ម៉ន កែប្រែ​វាសនា​ពី​អ្នក​ធ្វើ​ស្រែ និង​នេសាទ មក​ចាប់​អាជីព​ប្រដាល់​មួយ​ពូជ

លោក​ម៉ាង ម៉ន អតីត​អ្នកប្រដាល់​ក្រៅ​សង្វៀន និង​ជា​អ្នក​និយម​មុខរបរ​វាយតប់​តាម​មូលដ្ឋាន កាលពី​ទសវត្សរ៍​ ៦០ ដែល​ចាស់ៗ​ជំនាន់​មុន​និយម​ហៅថា ក្រុម​អ្នក​លេង​នោះ បច្ចុប្បន្ន​ជា​គ្រូ​ប្រដាល់​ល្បីល្បាញ​ម្នាក់ នៅ​ក្លិប​ព្រែកឯង ហើយ​ក្រោម​ការ​តស៊ូ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​១០​ឆ្នាំ ទើប​មាន​លទ្ធផល​ល្អ ដែល​ធ្វើឲ្យ​លោក និង​ក្រុម​គ្រួសារ ផ្តាច់​ខ្លួន​ពី​មុខរបរ​ជា​អ្នក​នេសាទ និង​ធ្វើ​ស្រូវប្រាំង មក​ចាប់​យក​ប្រដាល់​ទាំង​គ្រួសារ​តែ​ម្តង​។

នៅក្នុង​ក្លិប​ប្រដាល់​ជិត​ ១០០ ​នៅ​ទូទាំង​ប្រទេស ក្លិប​ប្រដាល់​ព្រែកឯង ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​របស់​លោក ម៉ាង ម៉ន និង​ប្រពន្ធ គឺ​មាន​កីឡាករ​លំដាប់​ខ្លាំង និង​មាន​ឈ្មោះ​បោះសំឡេង ព្រមទាំង​មាន​ការ​គាំទ្រ​ពី​សប្បុរសជន​ក្រៅប្រទេស ដែល​បាន​ផ្តល់​ថវិកា ​៥ ៥០០ ​ដុល្លារ ដើម្បី​ជួយ​កសាង​ទីតាំង​ហ្វឹកហាត់​របស់​ក្លិប​នេះ​ឲ្យ​បាន​សមរម្យ​ផង​ដែរ ប៉ុន្តែ ​ចំណុច​សំខាន់ ដែល​ជំរុញ​ឲ្យ​ក្លិប​ព្រែកឯង ស្ថិត​ក្នុង​លំដាប់​ជួរមុខ​នោះ ដោយសារ​មកពី​មាន​ការ​រួមចំណែក​ជួយ​ជ្រោមជ្រែង​ទាំង​ប្រពន្ធ កូន និង​កូនប្រសា​របស់​លោក ម៉ាង ម៉ន គឺ​មួយ​ពូជ​តែ​ម្តង​។

បើ​ទោះបី​ជា អ្នកប្រដាល់​ទាំង​ស្រី និង​ប្រុស ក្នុង​ក្លិប​ព្រែកឯង បាន​ប្រើ​ត្រកូល​ «ម៉ន» ស្ទើរ​ ៩០​ ភាគរយ ប៉ុន្តែ​តាមពិត​លោក ម៉ាង ម៉ន មាន​កូនបង្កើត​តែ​ ៦​ នាក់​ទេ (​ស្រី​ ២​ នាក់) ដែល​ពួកគេ​សុទ្ធតែ​ជា​អ្នកប្រដាល់​ទាំងអស់ ហើយ​សមត្ថភាព​ប្រកួត​របស់​ពួកគេ​សុទ្ធតែ​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ពេល​បច្ចុប្បន្ន។ បើ​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៤ កូនបង្កើត​ទាំង​ ៤ ​នាក់​របស់​លោក​ដណ្តើម​បាន​ខ្សែក្រវាត់​ផ្សេងៗ​ ពី​គ្នា​គឺ​មាន ម៉ន លីហួរ ម៉ន សាម៉េត ម៉ន វិរ័ត្ន និង រ៉េវ វិរៈ (ជា​កូន​ច្បង)​។

លោក ម៉ាង ម៉ន កាន់ស៊ីប​បង្ហាត់​កូនប្រុស​បង្កើត​របស់​លោក​នៅ​ក្លិប​ព្រែកឯង ។
លោក ម៉ាង ម៉ន កាន់ស៊ីប​បង្ហាត់​កូនប្រុស​បង្កើត​របស់​លោក​នៅ​ក្លិប​ព្រែកឯង ។ យឺន ពន្លក

លោក ម៉ាង ម៉ន មាន​អាយុ​ ៥៩ ​ឆ្នាំ មាន​កម្ពស់​ ១,៦០ ​ម៉ែត្រ ហើយ​បុរស​មាន​មាឌល្អិត ចិត្ត​ធំ សម្បុរខ្មៅ ម្នាក់​នេះ​ជា​អ្នក​និយម​ចូលចិត្ត​ការងារ​ប្រដាល់​ខ្លាំង​បំផុត ដែល​ជា​ហេតុ​នាំឲ្យ​លោក​សម្រេចចិត្ត​បោះបង់​ចោល​នូវ​មុខរបរ​រកស៊ី​មួយ​ចំនួន ព្រមទាំង​កៀរគរ​កូនក្មួយ​ឲ្យ​ងាក​មក​ហាត់​ប្រដាល់​ប្រកបរបរ​នេះ​ធ្វើ​ជា​ដើមទុន និង​អាជីព​តែ​ម្តង​។

នៅក្នុង​បទសម្ភាស​ផ្ទាល់ កាលពី​ចុងសប្តាហ៍​មុន លោក ម៉ាង ម៉ន បាន​ប្រាប់​ថា​៖ «​ពីដើម​ខ្ញុំ​ជា​ក្មេង​ម្នាក់ មិន​បាន​រៀនសូត្រ ឬ​ចូល​សាលារៀន​ទេ ដោយសារ​ជីតា​របស់​ខ្ញុំ ជា​គ្រូគុន​ម្នាក់​ល្បីល្បាញ​ (អ្នក​លេង​) ហេតុនេះ​ខ្ញុំ​បាន​ដើរ​តាម​គាត់ និង​បាន​ហាត់​ប្រដាល់ និង​បាន​ឡើង​ប្រដាល់​ម្តងម្កាល​តាម​ភូមិ ពេល​មាន​បុណ្យទាន​ផ្សេងៗ គឺ​គ្មាន​សង្វៀន​ដូច​បច្ចុប្បន្ន​ទេ»​។

លោក ម៉ន បន្ត​ថា​ក្រោយ​ឆ្នាំ ​១៩៩៦ លោក​មាន​មុខរបរ​ជា​អ្នក​ធ្វើ​ស្រែប្រាំង និង​ជា​អ្នកនេសាទ ដែល​ភាគច្រើន​មិន​សូវ​ស្គាល់​ផ្សារ ហើយ​ពេលវេលា​រស់នៅ​របស់​លោក​ភាគច្រើន​នៅឯ​ស្រែ និង​បឹង​ប៉ុណ្ណោះ ប៉ុន្តែ​ ក្រោយពេល​ដែល​ប្រដាល់​ចាប់ផ្តើម​មាន​សកម្មភាព​រីកចម្រើន មាន​ប្រកួត​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ នៅក្នុង​ឆ្នាំ ​១៩៩៧ ​នោះ លោក​បាន​ចាប់ផ្តើម​ប្រកបមុខរបរ​លែង​ចង់​កើត​ដោយ​ភាគច្រើន​បោះបង់​ការងារ​មក​មើល​ប្រដាល់ និង​បាន​ព្យាយាម​ស្វែងរក​អ្នកគាំទ្រ​បង្កើត​ក្លិប​ប្រដាល់​។

លោក ម៉ាង ម៉ន បញ្ជាក់​ថា៖​«នៅ​ឆ្នាំ​ ១៩៩៩ ​ក្តីប្រាថ្នា​របស់​ខ្ញុំ​បាន​សម្រេច ដោយ​ខ្ញុំ​បង្កើត​បាន​ក្លិប​មួយ​ឈ្មោះ​ថា កងទ័ព​វិស្វកម្ម​ទ័ពជើងគោក ដែល​គេ​និយម​ហៅថា ក្លិប​ព្រែកឯង​មក​ដល់​សព្វថ្ងៃ​។ ក្នុង​រយៈពេល​ពី​ឆ្នាំ​ ១៩៩៩ ដល់​ឆ្នាំ​ ២០១១ គឺ​ជាង​ ១០​ ឆ្នាំ ដែល​គ្រួសារ​របស់​ខ្ញុំ​ខិតខំ​ធ្វើការ​រកស៊ី​ផង និង​ហ្វឹកហាត់​ប្រដាល់​ផង ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០១២​ មក គ្រួសារ​ខ្ញុំ​ទាំង​មូល​បាន​បោះបង់​ការ​រកស៊ី​ទាំង​ស្រុង មក​ចាប់​យក​មុខរបរ​ប្រដាល់​តែ​មួយ​មុខ​ប៉ុណ្ណោះ គឺ​ហ្វឹកហាត់ និង​ស្វែងរក​ឡើង​ប្រកួត​រក​ប្រាក់​តែ​ម្តង គឺ​ទាំង​កូន​បង្កើត ក្មួយៗ និង​អ្នកភូមិ​ខ្លះ​ទៀត»​។

ការ​ថតរូប​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ ដែល​ជា​ប្រពន្ធ កូន កូនប្រសា និង​ក្មួយៗ ដែល​ជា​ពូជ​អ្នកប្រដាល់​ត្រកូល​«ម៉ន»។
ការ​ថតរូប​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ ដែល​ជា​ប្រពន្ធ កូន កូនប្រសា និង​ក្មួយៗ ដែល​ជា​ពូជ​អ្នកប្រដាល់​ត្រកូល​«ម៉ន»។ យឺន ពន្លក

ស្ថានភាព​នៃ​ជីវភាព​ការ​ហ្វឹកហាត់​ទាំង​ចំណូល​ពី​ការ​ប្រកួត និង​ការ​ទ្រទ្រង់​ការ​ហូបចុក​ស្នាក់នៅ​ត្រូវ​បាន​លោកស្រី សែន លៀងហ៊ីម ជា​ប្រពន្ធ​លោក ម៉ាង ម៉ន និយាយ​ថា សមរម្យ​អាច​រស់នៅ​បាន​ល្អ គឺ​គិត​តែ​ហាត់ និង​ឡើង​ប្រកួត​ប៉ុណ្ណោះ​។

អ្នកស្រី បាន​បន្ត​ថា ការងារ​របស់​លោកស្រី គឺ​ពេល​ព្រឹក​ម៉ោង​ ៧ ដើរដាស់​កូនៗ​ឲ្យ​ហាត់ និង​គ្រប់គ្រង​ផ្នែក​បាយទឹក​ប្រចាំ​ថ្ងៃ​ទាំង​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ហើយ​កីឡាករ​ណា ដែល​មិន​អនុវត្ត​បាន​ល្អ គឺ​ដាក់​ពិន័យ និង​ទទួល​រង​រំពាត់។

អ្នកស្រី បាន​រៀបរាប់​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ចំណាយ​សរុប​លើ​អ្នក​ហាត់​ទាំង ​១៥ ​នាក់​អស់​ថ្លៃ​ម្ហូប​ធម្មតា ​៦ ​ម៉ឺន​រៀល ប៉ុន្តែ​ថ្ងៃ​ប្រកួត​ចុងសប្តាហ៍​១០​ម៉ឺន​រៀល ហើយ​អង្ករ​អស់​ពី​ ៨​ ទៅ ​១០ គីឡូក្រាម​ហេតុនេះ​ក្នុង​មួយ​ខែ យើង​ចំណាយ​ថ្លៃ​ម្ហូប​អស់​៦០០​ដុល្លារ និង​អង្ករ​អស់​៣០០​គីឡូក្រាម​ប្រហែល ​៦ ​បាវ​។

ចំពោះ​ប្រាក់ចំណូល​ពី​ការ​ប្រកួត​វិញ លោកស្រី សែន លៀងហ៊ីម បាន​បញ្ជាក់​ថា៖​«ពេល​ឡើង​ប្រកួត​ម្នាក់ៗ យើង​បាន​ប្រាក់​ថ្លៃ​ក្លិប ដោយ​ក្នុង​ម្នាក់​បាន​១៥​ដុល្លារ​ទេ ឯ​ប្រាក់​តម្លៃ​ខ្លួន​ក្នុង​ការ​ប្រកួត គឺ​កីឡាករ កីឡាការិនី​យក​រៀងៗ​ខ្លួន ប៉ុន្តែ​ពួកគេ​ក៏​មាន​ឲ្យ​មក​យើង​តាម​ការ​ស្ម័គ្រចិត្ត​ដែរ គឺ​មាន​ពី​៥​ម៉ឺន​ទៅ​ ១០ ​ម៉ឺន​រៀល​ពេល​ប្រកួត​ម្តងៗ ហេតុនេះ​ជីវភាព គិត​ពី​ការ​ចំណាយ និង​ចំណូល​របស់​ក្លិប​គឺ​យើង​អាច​ទប់ទល់​បាន​ក្នុង​ជីវភាព​រស់​ដោយ​សាមញ្ញ ដូចគេ​ដូចឯង ដោយ​គ្មាន​មុខរបរ​អ្វី​បន្ថែម​ឡើយ»​។

ការ​ប្រឹងប្រែង​តស៊ូ ដោយ​ពឹងផ្អែក​តែ​លើ​ការ​ឡើង​ប្រដាល់ ដើម្បី​ទ្រទ្រង់​ជីវភាព​មួយ​ពូជ​នេះ​គឺ​មិន​សូវ​មាន​ច្រើន​នោះ​ទេ​ក្នុង​សម័យ​បច្ចុប្បន្ន ហើយ​ក៏​មិន​អាច​ធ្វើឲ្យ​ជីវភាព​បាន​ធូរធារ​នោះ​ដែរ​ប៉ុន្តែ​ជា​ចំណង់ចំណូល​ចិត្ត​របស់​គ្រួសារ​មួយ​នេះ​។ គិត​មក​ដល់​បច្ចុប្បន្ន​ ក្លិប​ព្រែកឯង ឬ​វិស្វកម្ម​ទ័ពជើងគោក មាន​ទីតាំង​ហាត់​យ៉ាង​សមរម្យ ខណៈ​កន្លែង​សម្រាក​របស់​កីឡាករ នៅ​មិន​ទាន់​បាន​សម​ភ្នែក​នៅ​ឡើយ​ទេ​។

អ្នកស្រី សែន លៀងហ៊ីម បាន​អះអាង​ថា​៖ «​ទីតាំង​ហ្វឹកហាត់​សព្វថ្ងៃ​ចំណាយ​អស់​ទឹកប្រាក់​៥៥០០​ដុល្លារ​បាន​មកពី​សប្បុរសជន​ទាំង​ស្រុង ដោយ​គ្មាន​បក្ខពួក​អ្វី​បន្តិច​ឡើយ​»។​

អ្នកស្រី​បន្ត​ថា​៖«​ពី​ដំបូង​កូនៗ​ខ្ញុំ​ហាត់​ក្នុង​ទឹក​ពេល​ខែ​ភ្លៀង ព្រោះ​ផ្ទះ​ខ្ញុំ​ក៏​លិច​ទឹក​ដែរ បន្ទាប់មក​មាន​អ្នក​មក​មើល​ខ្លះ​ឃើញ​ការ​លំបាក​ក៏​ថត​បង្ហោះ​ព័ត៌មាន ធ្វើឲ្យ​លោក មៀម ស៊ីសារ៉ា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​នៅ​ប្រទេស​បារាំង និង​លោក​អភិបាលក្រុង​នៅ​ស្រុក​បារាំង ជួយ​សាងសង់​ក្លិប​ឲ្យ​តែ​ម្តង»​។

កីឡាករ​ឆ្នើម​របស់​ក្លិប​ព្រែកឯង​មាន ម៉ន គឹមឡុង ម៉ន វិរ័ត្ន ម៉ន សាម៉េត ម៉ន លីហួរ ឈ្នះ​បាន​ខ្សែក្រវាត់ ឯ​លំដាប់​ខ្លាំង​ដែល​ក្លាយ​ជា​ជើងឯក​ប្រចាំ​ឆ្នាំ​មាន ម៉ន ភិរម្យ ម៉ន វិរៈ ម៉ន រដ្ឋា ម៉ន ព្រហ្មម៉ាញ ម៉ន ចាន់ដារ៉ា និង ម៉ន បារាំង​។

ក្រៅពី​តួនាទី​ជា​គ្រូបង្វឹក​នៅ​ក្លិប​ព្រែកឯង លោក ម៉ាង ម៉ន សព្វថ្ងៃ​នេះ​ក៏​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ចាត់​ឲ្យ​ធ្វើ​ជា​ចៅក្រម​អាជ្ញាកណ្តាល​ក្នុង​ការ​ប្រកួត​នៅ​តាម​សង្វៀន​ផង​ដែរ។

ប៉ុន្តែ​លោក និយាយ​ថា​៖​«ខ្ញុំ​គ្មាន​ចេះ​អក្សរ​អ្វី​មួយ​តួ គឺ​សូម្បី​តែ​សរសេរ ឬ​អាន​ឈ្មោះ​ខ្លួនឯង​ក៏​មិន​បាន​ផង​ហេតុនេះ​ខ្ញុំ​ត្រូវ​បាន​សហព័ន្ធ​ចាត់​ឲ្យ​រៀបចំ​ខ្លួន​ឲ្យ​កីឡាករ មុន​ពេល​ប្រកួត ហេតុនេះ​ខ្ញុំ​បាន​ជំរុញ​ឲ្យ​កូនៗ​ចូល​រៀន ដើម្បី​ឲ្យ​ពួកគេ​ចេះ​អាន និង​ចេះ​សរសេរ​បាន​ទាំងអស់​គ្នា​។ ចំពោះ​ខ្ញុំ​ផ្ទាល់ គឺ​សម្រាប់​មុខរបរ​ប្រដាល់​ប៉ុណ្ណឹង ខ្ញុំ​ពេញចិត្ត​ហើយ ព្រោះ​អាច​រក​ប្រាក់ចំណូល​តាម​បែប​សុច្ចរិត ដើម្បី​ជួយ​ជ្រោមជ្រែង​ក្រុម គ្រួសារ​អាច​រស់នៅ​ដោយ​ជីវភាព​សាមញ្ញ​ដូចគេឯង​ពេល​នេះ»៕

0

Comments

Please, login or register to post a comment