Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​សាងសង់​ទោះបី​អគារ​ប៊ុលឌីង​ប្រេះ

អគារ​ប៊ុលឌីង​បាន​ប្រេះ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​នឹង​រត់​ចោល​ផ្ទះ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​មួយ​ចាប់ផ្តើម​បុកគ្រឹះ​ធ្វើ​សំណង់​របស់​ខ្លួន។
អគារ​ប៊ុលឌីង​បាន​ប្រេះ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​នឹង​រត់​ចោល​ផ្ទះ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​មួយ​ចាប់ផ្តើម​បុកគ្រឹះ​ធ្វើ​សំណង់​របស់​ខ្លួន។ ហុង មិនា

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​សាងសង់​ទោះបី​អគារ​ប៊ុលឌីង​ប្រេះ

ភ្នំពេញៈ «ការ​ព្យួរ​បណ្តោះអាសន្ន​»​នៃ​ការ​សាងសង់​សំណង់​មួយ​នៅ​ជិត​អគារ ប៊ុលឌីង​ដែល​គេ​ជឿ​ថា​បាន​ធ្វើឲ្យ​ប្រេះស្រាំ​អគារ​ប៊ុលឌីង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ដដែល​នៃ​ការ​ប្រកាស​អំពី​ការ​ព្យួរ​នេះ​។ នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​មួយ​។

ការ​ប្រេះ​ធំ​បាន​កើតមាន​ឡើង​នៅ​ផ្នែក​ខាង​ត្បូង​នៃ​អគារ​ប៊ុលឌីង​កាល​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​បាន​ធ្វើឲ្យ​អ្នក​រស់នៅ​អគារ​ប៊ុលឌីង​ភ័យខ្លាច​នាំគ្នា​រត់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​។ នៅ​ថ្ងៃ​បន្ទាប់ មន្រ្តី​អាជ្ញាធរ​បាន​ប្រកាស​ផ្អាក​ការ​សាងសង់​សំណង់​សណ្ឋាគារ​១១​ជាន់​ជិត​នោះ ដោយ​ត្រូវ​រង់ចាំ​ការ​ស៊ើបអង្កេត​ទៅលើ​ការ​ខូចខាត​នោះ​ជា​មុន​សិន។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ថ្លែង​កាល​ពេល​នោះ​ថា​៖ «​យើង​ត្រូវ​រង់ចាំ​អាជ្ញាធរ និង​អ្នកជំនាញ​ពិនិត្យ​ការ​ប្រេះស្រាំ​នោះ​»។

ប៉ុន្តែ​លិខិត​ជូន​ដំណឹង​មួយ​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ដដែល​ដោយ លោក ជា ស្រ៊ុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ភ្នំពេញ និង​ដែល​បាន​ឃើញ​ដោយ​ភ្នំពេញប៉ុស្តិ៍​កាល​ថ្ងៃ​ព្រហស្បតិ៍ បាន​ផ្តល់​ភ្លើងខៀវ​ដល់​អ្នក​អភិវឌ្ឍន៍ រិទ្ធី សំណាង និង តូ ឈានលីន បន្ត​ការ​សាងសង់។

ពលរដ្ឋ​រស់នៅ​ប៊ុលឌីង​ឈរ​សម្លឹង​មើល​ក្រុមហ៊ុន​បុកគ្រឹះ​។
ពលរដ្ឋ​រស់នៅ​ប៊ុលឌីង​ឈរ​សម្លឹង​មើល​ក្រុមហ៊ុន​បុកគ្រឹះ​។ ហុង មិនា

ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ុលឌីង បាន​ថ្លែង​ថា លិខិត​ជូន​ដំណឹង​នេះ​បាន​បិទ​នៅលើ​ជញ្ជាំង​នៃ​កន្លែង​សាងសង់​កាលពី​ល្ងាច​ថ្ងៃ​ពុធ។

នៅ​អគារ​ប៊ុលឌីង កាល​ព្រឹក​ម្សិលមិញ លិខិត​ជូន​ដំណឹង​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ខឹងសម្បា​និង​ការ​ងឿងឆ្ងល់​។

លោក នាង ថា ដែល​ជា​ប្រជាពលរដ្ឋ​នៅ​ប៊ុលឌីង បាន​ថ្លែង​បន្ត​ថា​៖ «​វា​ទើប​តែ​កើតឡើង អគារ​បាន​ប្រេះ ហើយ​ការ​សាងសង់​ត្រូវ​បាន​ព្យួរ ដូច្នេះ​ហេតុអ្វី​បាន​ជា​លិខិត​នេះ​អនុញ្ញាត​ឲ្យ​ពួកគេ​ចាប់ផ្តើម​ការ​សាងសង់​ឡើង​វិញ​? តើ​ឯណា​ទៅ ការ​ពិនិត្យ​អំពី​ការ​ប្រេះស្រាំ?» ប្រជាពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ស្រី បាន​គំរាម​ថា​នឹង​ធ្វើការ​តវ៉ា​ប្រសិន​បើ​ការ​សាងសង់​នេះ​ចាប់ផ្តើម​ទៀត​។

អ្នកនាង​បាន​ថ្លែង​បន្ត​ថា​៖ «​ចាប់ពី​ពេល​នេះ​ទៅ យើង​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ពួកគេ​។ ប្រសិន​បើ​ពួកគេ​ហ៊ាន​ធ្វើការងារ​សាងសង់​ណា​មួយ យើង​នឹង​តវ៉ា​បញ្ឈប់​ពួកគេ ពីព្រោះ​អាជ្ញាធរ​និង​ក្រុមហ៊ុន​មិន​បាន​ពន្យល់​ថា​តើ​ការ​ប្រេះស្រាំ​នេះ​បណ្តាល​មកពី​អ្វី​ទេ ប៉ុន្តែ​យើង​គិត​ថា វា​បណ្តាល​មកពី​ការដ្ឋាន​សាងសង់​នោះ​»។

កម្មករ​សំណង់​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី Biaxis បាន​បដិសេធ​មិន​និយាយ​ជាមួយ​ភ្នំពេញប៉ុស្តិ៍​កាល​ព្រឹក​ម្សិលមិញ ដោយ​បង្វែរ​សំណួរ​ទៅ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន។

ពួកគេ​មិន​បាន​ប្រាប់​អំពី​ព័ត៌មាន​សម្រាប់​ទាក់ទង​មេ​របស់​ពួកគេ​ទេ ហើយ​ការិយាល័យ​ក្រុមហ៊ុន Biaxis នៅ​ម៉ាឡេស៊ី​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន។

អ្នកនាំពាក្យ​សាលារាជធានី លោក ឡុង ឌីម៉ង់ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លិខិត​ជូន​ដំណឹង​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​លិខិត​នេះ​គឺ​មកពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដូច្នេះ​សូម​សួរ​ពួកគេ​»។

ការ​ព្យាយាម​ទាក់ទង លោក​ជា ស្រ៊ុន ប្រធានមន្ទីរ មិន​ទទួល​បាន​ជោគជ័យ​។

លោក អ៊ី សារុំ នាយកប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត បាន​ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​នឹង​លិខិត​ជូន​ដំណឹង​នេះ ហើយ​លោក​បាន​ថ្លែង​ថា លិខិត​ជូន​ដំណឹង​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ប៊ុលឌីង​ស្ថិត​ក្នុង​ហានិភ័យ​។

លោក សារុំ បន្ថែម​ថា លោក​ជឿ​ថា ការ​សាងសង់​នេះ​កំពុង​ប្រើ​ជា​«​លេស​»​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ប៊ុលឌីង​និង​បំផ្លាញ​ប៊ុលឌីង​។

លោក​អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែង​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៥​ម៉ឺន​គ្រួសារ​ត្រូវ​បាន​បណ្ដេញ ចេញ​ពី​លំនៅឋាន នឹង​រំលោភ​យក​ដីធ្លី ចាប់​តាំងពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

លោក អំ សំអាត បាន​និយាយ​ថា៖​«រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បាន​គោរព​គោលការណ៍​សិទ្ធិ​មាន​លំនៅឋាន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ