Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ធានា​តារា​ទៅ​អាមេរិក​ក្រើន​រំឭក​សិល្បករ​ឲ្យ​រៀន​ច្រៀង​បទ​ពី​ដើម

អ្នក​នាង ខាត់ សុឃីម ដែល​ចេះ​ច្រៀង​ទាំង​បទ​បុរាណ និង​សម័យ។
អ្នក​នាង ខាត់ សុឃីម ដែល​ចេះ​ច្រៀង​ទាំង​បទ​បុរាណ និង​សម័យ។ រូបថត ស៊ូ វុទ្ធី

អ្នក​ធានា​តារា​ទៅ​អាមេរិក​ក្រើន​រំឭក​សិល្បករ​ឲ្យ​រៀន​ច្រៀង​បទ​ពី​ដើម

ដំណើរ​ចេញ​ច្រៀង​រាំ​ក្រៅ​ប្រទេស​បាន​ក្លាយ​ជា​ក្ដី​ប្រាថ្នា​តោង​ជាប់​ចិត្ត​សិល្បករ​ខ្មែរ ដែល​ម្នាក់ៗ​រំពឹង​ថា នឹង​មាន​ឱកាស​រក​ប្រាក់​បាន​ច្រើន។

បើ​ទោះ​ជា​មិន​ទាន់​បាត់​ឈឺ​ក្បាល​ព្រោះ​តារា​ចម្រៀង​ពីរ​រូប​នាង ហង្ស ពិសី និង​នាង ស៊ិន សុម៉ាលី គេច​មិន​វិល​ត្រឡប់​មក​វិញ​តាម​កាល​កំណត់​នោះ​ក្តី ក៏​សមាគម ASALEC ដែល​ជា​សមាគម​ធំ ប្រចាំ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ជំហរ​ផ្តល់​ឱកាស ច្រើន​ដល់​តារា​ចម្រៀង មិន​ថា​អ្នក​មិន​សូវ​ល្បី​នោះ​ទេ ពោល​គឺ​ឲ្យ​តែ​ចេះ​ច្រៀង​បទ​ពី​ដើម​ច្រើន​នោះ​សមាគម​នឹង​អាច​ធានា​ទៅ​ច្រៀង​ក្រៅ​ប្រទេស​បាន។

ការ​សម្ដែង​នៅ​បរទេស​ពិសេស ទឹក​ដី​មហា​អំណាច​សហរដ្ឋ​អាមេរិក ក្រៅ​ពី​ជា​ឆ្នាំង​បាយ​ដ៏​សំខាន់​របស់​សិល្បករ​ខ្មែរ ក៏​ជា​ឱកាស​ទទួល​ការ​រាប់អាន​អ្នក​រស់​នៅ​ទាំង​នោះ រហូត​ដល់​អ្នក​សិល្បៈ​ខ្លះ​បាន​បណ្ដុះ​ពន្លក​ស្នេហ៍​លើ​ថ្នាល​ឯ​ទឹក​ដី​ជឿន​លឿន​ថែម​ទៀត​ផង។

ប៉ុន្តែ​ មាន​អ្នក​សិល្បៈ​មួយ​ចំនួន ត្រូវ​បាន​គេ​លើក​ឡើង ថា​ជា​ក្រុម​ស៊ី​បាយ​បោក​ឆ្នាំង ដូច​ករណី​តារា​ចម្រៀង​ពីរ​រូប អ្នក​នាង ហង្ស ពិសី និង ស៊ិន សុម៉ាលី ដែល​ឆ្លៀត​ឱកាស​នោះ រក​ប្តី​រស់​នៅ​ទី​នោះ ដោយ​មិន​ខ្វល់​កិច្ចសន្យា និង​ផល​ប៉ះពាល់​ដល់​សិល្បៈ និង​អ្នក​ជំនាន់​ក្រោយ។

លោក រឿន សេងហាប់ ប្រធាន​សមាគម​នាំ​អ្នក​សិល្បៈ​ខ្មែរ​ទៅ​សម្ដែង និង​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក (ASALEC) ប្រចាំ​សហរដ្ឋ​អាមេរិក ដែល​រង​ការ​ខក​ចិត្ត​ដោយ​តារា​ចម្រៀង​ពីរ​រូប​ខាង​លើ​នេះ អះអាង​ថា៖ «ដើម្បី​ចៀសវាង​ការ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ខាង​លើ​សមាគម ASALEC ប្រចាំ​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​សមាគម​សិល្បករ​ខ្មែរ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា សិល្បករ​ដែល​ចេញ​ទៅ​ពិត​ជា​មាន​សមត្ថភាព ទេពកោសល្យ និង​មាន​ការ​ធានា​ពី​សំណាក់​ក្រុម​គ្រួសារ ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា សិល្បករ​ចេញ​ទៅ​នឹង​គោរព​ទៅ​តាម​កិច្ចសន្យា ពិសេស​គឺ​ការ​វិល​វិញ​តាម​កាល​កំណត់»។

សិល្បករ​ខ្មែរ​ប្រុស​ស្រី។
សិល្បករ​ខ្មែរ​ប្រុស​ស្រី។ រូបថត ស៊ូ វុទ្ធី

លោក​បាន​លើក​ឧទាហរណ៍​អវិជ្ជមាន​កន្លង​មក​ដោយ​ដៅ​ឈ្មោះ​ចំៗ​លើ​តារា​ចម្រៀង​ពីរ​រូប នាង ហង្ស ពិសី និង​នាង ស៊ិន សុម៉ាលី ដែល​មិន​ត្រឹម​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​សិល្បករ​ដទៃ​នោះ​ទេ វា​ថែម​ទាំង​ជា​ករណី​ការ​រំលោភ​ទំនុក​ចិត្ត​របស់​ជាតិ​សាសន៍ ព្រោះ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ។

នៅ​ចំពោះ​មុខ​អ្នក​សិល្បៈ ប្រុស​ស្រី​ជាច្រើន​រូប និង​មាន​វត្តមាន លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផង​នោះ លោក រឿន សេង​ហាប់ ប្រធាន​សមាគម ASALEC បញ្ជាក់​ថា៖ «ករណី​តារា​ចម្រៀង​ទាំង​ពីរ​នាក់​ខាង​លើ​លោក​បាន​បញ្ជូន​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ទៅ​កាន់​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រួច​ហើយ។ នាទី​បន្ទាប់​យ៉ាង​ណា​គឺ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​សន្តិសុខ​សហរដ្ឋ​អាមេរិក អ្នក​ចាត់​ការ»។

ទោះ​បី​ជា​ជួប​នឹង​បញ្ហា​ទាំង​នេះ​ក្តី ក៏​សមាគម​លោក​នៅ​តែ​បន្ត​ធ្វើ​ការ​ធានា​សិល្បករ​ខ្មែរ​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ដែរ។ ការ​ធានា​នោះ​ទៀត​សោត​ក៏​មិន​សម្លឹង​ឃើញ​តែ​អ្នក​សិល្បៈ​ល្បី​នៅ​ស្រុក​ខ្មែរ​ឡើយ សំខាន់​ឲ្យ​តែ​ចេះ​ច្រៀង​បទ​ពីដើម។

លោក​បញ្ជាក់​ថា៖ «ខ្មែរ​នៅ​អាមេរិក​ខុស​ពី​ខ្មែរ​នៅ​ស្រុក​ខ្មែរ»។

ពន្យល់​ពី​ភាព​ខុស​គ្នា​នោះ ប្រធាន​សមាគម​នាំ​អ្នក​សិល្បៈ​ទៅ​សម្ដែង​នៅ​អាមេរិក​រូប​នេះ​បាន​និយាយ​ថា៖ «បង​ប្អូន​ខ្មែរ​នៅ​ទីនោះ មិន​ចូល​ចិត្ត មិន​ចង់​ស្ដាប់​ឡើយ​បទ​ចម្រៀង​បែប​យុវវ័យ ដែល​ខ្មែរ​នៅ​នេះ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ។ ខ្មែរ​នៅ​ក្រៅ​ប្រទេស ពិសេស​អ្នក​នៅ​អាមេរិក មាន​តែ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍។ ពួកគេ​បាន​ជុំ​គ្នា​ស្ដាប់​ភ្លេង​រាំ​កម្សាន្ត ពួកគេ​ចង់​រាំ​ច្រើន មាន​ន័យ​ថា បើ​បាន​អ្នក​ចម្រៀង​ចេះ​ច្រៀង​បទ​ពី​ដើម​ច្រើន នោះ​ពួក​គាត់​នឹង​ចូល​រាំ​លេង​បាន​សប្បាយ​ជាមួយ​គ្នា»។

លោក​ក៏​ជំរុញ​ដល់​អ្នក​សិល្បៈ​ដែល​ចង់​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ថា គប្បី​រៀន​ច្រៀង​បទ​ពី​ដើម​ឲ្យ​បាន​ច្រើន។

​អ្នកតំណាង​សមាគម​។
​អ្នកតំណាង​សមាគម​។​ រូប​ថត ស៊ូ វុទ្ធី​

លោក រឿន សេង​ហាប់ អះអាង​ថា៖ «នោះ​សមាគម​ណា​ក៏​មិន​ខ្លាច​នឹង​ធានា​ទៅ​សម្តែង​ទេ តែ​បើ​ល្បី​យ៉ាង​ណា​បើ​មិន​ចេះ​បទ​ពី​ដើម​ទេ សមាគម​មិន​ដឹង​ធានា​យក​ទៅ​ធ្វើ​អី​នោះ​ទេ»។

យ៉ាង​ណា​ប្រធាន​សមាគម មិន​បង្ហាញ​ឈ្មោះ​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ស្រុក និង​មាន​អ្នក​គាំទ្រ​ពី​យុវវ័យ​ភ្លូក​ទឹក​ភ្លូក​ដី តែ​មិន​ធ្លាប់​មាន​ដំណឹង​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ចំៗ​នោះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា៖ «មិន​ខ្វះ​ទេ តារា​ចម្រៀង​ល្បីៗ មាន​រូប​សម្រស់​ស្រស់​ស្អាត គួរ​ទាក់​ទាញ​ហើយ​ធ្លាប់​បាន​ទំនាក់​ទំនង​ទៅ​សមាគម​សុំ​ឲ្យ​ធានា​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​សមាគម​ជួយ​គាត់​មិន​បាន»។

លោក​បញ្ជាក់​ថា៖ «បើ​ជួយ​គាត់​ម៉េច បើ​យក​ទៅ​គាត់​មិន​ចេះ​បទ​ពី​ដើម ទៅ​ឲ្យ​ច្រៀង​បទ​ថ្មី​ហ្នឹង មាន​តែ​ងាប់ មាន​តែ​គ្រោះថ្នាក់ ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​នៅ​ទី​នោះ​បាន​សប្បាយ​ទៅ!»។

ជាមួយ​គ្នា​នោះ លោក រឿន សេង​ហាប់ ក៏​បាន​ផ្តាំ​ទៀត​ថា៖ «សមាគម​មិន​រើស​អើង​ទេ អ្នក​មិន​ល្បី​សោះ​ក៏​សមាគម​ធានា​ដែរ​ឲ្យ​តែ​អ្នក​នោះ​ស្មោះត្រង់​និង​ចេះ​បទ​ចម្រៀង​ពី​ដើម​បាន​ច្រើន»៕

0

Comments

Please, login or register to post a comment