ភ្នំពេញៈ ក្រុម​កណ្តុរស​អេហ្វស៊ី ដែល​ទើប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង នៃ​ការ​ប្រកួត​កីឡា​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ស្ពនស័រ ឆ្នាំ ២០១៧ (Sponsor Futsal Cup) បាន​អះអាង​ថា ពួកគេ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​ប្រជែង​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ ពិសេស​ជាមួយ​ក្រុម​ខ្លាំង​ទាំង ២ ប្រចាំ​នៅ​មណ្ឌល​ភ្នំពេញ ដោយសារ​តែ​ក្រុម​កណ្តុរ​ស ក៏មាន​មូលដ្ឋាន​នៅ​ភ្នំពេញ ដែរ។

លោក អ៊ូ រតនា ប្រធាន​ក្លិប​កណ្តុរស​អេហ្វស៊ី បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ សម្រាប់​ការ​ឈ្នះ​កៅអី​ប្រចាំ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង គឺ​យើង​ប៊ិះ​នឹង​ធ្លាក់​របស់​គេ​ដែរ ដោយសារ​តែ​ក្រុម​ចូលរួម​នៅ​មណ្ឌល​នេះ​មាន​កម្រិត​លេង​ខ្លាំង​ប្រមាណ ៨ ទៅ ១០ ក្រុម​ដែរ ប៉ុន្តែ​យើង​មាន​សំណាង និង​សមត្ថភាព​របស់​យើង​ដែរ ទើប​យើង​ទទួល​បាន​លេខ ១»។

តាមរយៈ​ការ​ប្រកួត ២ ថ្ងៃ​ពេញ នៅ​លើ​ទីលាន​ក្នុង​ក្លិប​កីឡា​សុកញ្ញា (អ្នក​លឿង) កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ក្រុម​កណ្តុរស​អេហ្វស៊ី បាន​ឈ្នះ​ការ​ប្រកួត​ទាំងអស់ គឺ​ឈ្នះ​ក្រុម​ស្ទាំង​សបវេល ៥-១ ឈ្នះ​ក្រុម​សេនា​ព្រះរាម ១០-១ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល រួច​បាន​បន្ត​ឈ្នះ​ក្រុម Banana FT ៦-២ ក្នុង​វគ្គ ៨ ក្រុម ឈ្នះ​ក្រុម​ការិយាល័យ​ស្រុក​ព្រះស្តេច ៧-៥ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​ចុង​ក្រោយ កណ្តុរ​ស បាន​ឈ្នះ​ក្រុម Panda FC ៩-២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ជាមួយ​លទ្ធផល​នេះ ក្រុម​កណ្តុរស​អេហ្វស៊ី ទទួល​បាន​ប្រាក់​រង្វាន់ ២ លាន​រៀល ឯ​ក្រុម​លេខ ២ Panda FC បាន ១,៦ លាន​រៀល ហើយ​ក្រុម​ទាំង ២ នេះ គឺជា​បេក្ខភាព​តំណាង​ឲ្យ​មណ្ឌល​ខេត្ត​ព្រៃវែង ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម Rolling FC ក្រុម Home Sport FC មក​ពី​មណ្ឌល​ភ្នំពេញ ក្រុម Sisophon FC ក្រុម Family FC របស់​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ក្រុម Garuda FC និង​ក្រុម Next Step FC មក​ពី​មណ្ឌល​ខេត្ត​សៀមរាប និង​ក្រុម​ខ្លាំង ២ ទៀត មក​ពី​មណ្ឌល​ខេត្ត​ព្រះសីហនុ ដែល​មិន​ទាន់​រក​ឃើញ​ទេ។

ទាក់ទង​នឹង​ការ​ត្រៀម​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នេះ លោក អ៊ូ រតនា បាន​បញ្ជាក់​ថា៖ «យើង​ពិបាក​ថា​ដែរ ព្រោះ​យើង​មិន​ធ្លាប់​ឃើញ​ពី​ទម្រង់​លេង​របស់​ក្រុម​មក​ពី​មណ្ឌល​ឆ្ងាយៗ​នោះ​ទេ​ ប៉ុន្តែ​យើង​បាន​ដឹង​ពី​កម្រិត​លេង​របស់​ក្រុម​ទាំង ២ នៅ​មណ្ឌល​ភ្នំពេញ ហើយ​បើ​ធ្វើការ​ប្រៀប​ធៀប​ពី​បច្ចេកទេស​លេង គឺ​ពួក​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន ឯ​លទ្ធផល​ចុង​ក្រោយ វា​អាច​ស៊ីសង​ទៅ​នឹង​សំណាង»។

ចំណែកឯ លោក សឹម សាន​ត្រាន តំណាង​ភេសជ្ជៈ​ស្ពនស័រ និង​ជាអ្នក​គ្រប់គ្រង​ការ​ប្រកួត​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ស្ពនស័រ​នេះ ក៏បាន​សរសើរ​ពី​កម្រិត​លេង​របស់​ក្រុម​កណ្តុរស​អេហ្វស៊ី និង​ក្រុម Panda FC ផងដែរ បើ​ទោះបី​ជា​មណ្ឌល​ខេត្ត​ព្រៃវែង​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ជាក់​ស្តែង​ត្រឹម ១៨ ក៏ដោយ។

លោក សឹម សាន​ត្រាន បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «បើ​ទោះបី​ជា​មណ្ឌល​ខេត្ត​ព្រៃវែង មាន​ចំនួន​ក្រុម​ចូល​តិច​ជាង​មណ្ឌល​ផ្សេងៗ​ទៀត ដោយសារ​ការ​ប្រកួត​មណ្ឌល​នេះ វា​ជាន់​ទៅ​នឹង​ការ​ប្រកួត​បាល់ទាត់​អបអរ​ថ្ងៃ ៧ មករា ប៉ុន្តែ​ការ​ប្រកួត​មាន​ភាព​ស្វិត​ស្វាញ និង​មាន​អ្នក​គាំទ្រ​ច្រើន មិន​ចាញ់​មណ្ឌល​ផ្សេងៗ​នោះ​ទេ​។ រីឯ​កម្រិត​លេង​របស់​ក្រុម​កណ្តុរស​អេហ្វស៊ី និង Panda FC តំណាង​ឲ្យ​មណ្ឌល​នេះ គឺ​ខ្លាំង អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​មក​ពី​មណ្ឌល​ផ្សេង​ទៀត ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​បាន»៕