Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ត្រៀម​រួចរាល់​សម្រាប់ការ​ទៅ​ស៊ីហ្គេម

Content image - Phnom Penh Post
គ្រូ​បង្វឹក និង​អត្ដពលិក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ចូល​រួមពិធី​បិទ​សិក្ខាសាលា​​ ពី​ម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន

កម្ពុជា ត្រៀម​រួចរាល់​សម្រាប់ការ​ទៅ​ស៊ីហ្គេម

ភ្នំពេញៈ អ្នកជំនាញ​កីឡា បាន​លើក​ឡើង​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ៣០ ខែ​សីហា ខាងមុខ​នេះ បាន​រៀបចំ​ខ្លួន​រួចរាល់​អស់​ហើយ​គឺ​នៅ​សល់​តែ​ឆន្ទៈ និងការ​ប្តេជ្ញាចិត្ត​របស់​អត្តពលិក​ក្នុងការ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​ថ្លែង​ថា៖ «អ្វីៗ​ទាំងអស់ យើង​បាន​រៀបចំ​រួច​ជាស្រេច សម្រាប់​ការត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​របស់​យើង ហើយការ​ត្រៀម​នេះ​យើង​មានការ​ទទួល​ខុសត្រូវ​រួមគ្នា ដោយ​មាន​ស្ថាប័ន ក្រសួង​អប់រំ NOCC និង​សហព័ន្ធ​កីឡា​ជាតិ ហើយ​នៅ​ក្នុង​នោះ​ក៏មាន​គ្រូបង្វឹក និង​អត្តពលិក ដែល​បាន​ខិតខំ​ប្រែង​ប្រែង ព្រម​ទាំង​មាន​រាជរដ្ឋាភិបាល បាន​ផ្តល់​គ្រប់​យ៉ាង ទាំង​ប្រាក់​ហោប៉ៅ ការហូបចុក ស្នាក់​នៅ សំបុត្រ​យន្តហោះ គឺ​យើង​បាន​ត្រៀម​រួចរាល់​អស់​ហើយ»។

លោក​បញ្ជាក់​ថា៖ «យើង​បាន​រៀបចំ​រួចរាល់​អស់​ហើយ គឺ​នៅសល់​តែ​ឆន្ទៈ​ប្រកួត​របស់​ប្អូនៗ​ជា​កីឡាករ កីឡាការិនី​ជម្រើសជាតិ​យើង ក៏​ដូចជា​គ្រូបង្វឹក ដែល​ត្រូវ​ត្រៀម​ខ្លួន​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ ហេតុនេះ​ខ្ញុំសូម​ជូនពរ​ប្រតិភូ​កីឡា​កម្ពុជា មាន​សុខភាព​ល្អ ធ្វើ​ដំណើរ​មាន​សុវត្ថិភាព ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ»។

ប្រសាសន៍​របស់​លោក សិទ្ធិ​ជាតិ ត្រូវបាន​ធ្វើ​ឡើង នៅ​ពេល​លោក​បាន​ចូលរួម​ជា​អធិបតីភាព​នៅក្នុង​សិក្ខាសាលា​ស្តីពី​វិន័យ និង​ក្រម​សីលធម៌ របស់​គ្រូបង្វឹក និង​អត្តពលិក​នៃ​ក្រុម​ជម្រើសជាតិ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​រូប​លោក រួម​ទាំង​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក កែវ សារ៉េត នាយក​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី និង​លោក​វេជ្ជបណ្ឌិត ស្តើង ជា ប្រធាន​អនុគណៈកម្មការ​វេជ្ជសាស្ត្រ​អម NOCC ជាអ្នក​ធ្វើបទ​បង្ហាញ​ដល់​សិក្ខាកាម​ចូលរួម ជា​គ្រូបង្វឹក និង​អត្តពលិក​ចំនួន ១៩៦ នាក់ ក្នុង​សិក្ខាសាលា​នេះ។

បើតាម​របាយការណ៍​សង្ខេប​របស់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជាតិ និង​កីឡា បាន​ឲ្យដឹង​ថា នៅ​ក្នុង​សិក្ខាសាលា ២ ថ្ងៃ​នេះ គ្រូឧទ្ទេស​ទាំង ៤ បាន​បង្ហាញ​ដល់​សិក្ខាកាម​ដូចជា ការ​ត្រៀម​ធ្វើដំណើរ ដោយ​រួម​បញ្ចូល​ទាំង​ការរៀបចំ​សម្ភារ​ផ្ទាល់​ខ្លួន លិខិត​ឆ្លងដែន សំបុត្រ​យន្តហោះ ការបំពេញ​ឯកសារ និងការ​សម្រាក​ដើម្បី​ថែទាំ​សុខភាព។

បន្ថែម​លើនេះ​គ្រូឧទ្ទេស បាន​ប្រាប់​ពី​អ្វីដែល​ប្រតិភូ​កីឡា​កម្ពុជា ត្រូវធ្វើ នៅ​ពេល​ស្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​អំឡុង​ពេល​ប្រកួត ដោយ​រួមមាន​ការហាត់​កម្តៅ​សាច់ដុំ ការ​ស្លៀកពាក់ ការយល់​ដឹង​អំពី​ដូពីង និង​សង្រ្គោះ​​បឋម ការគ្រប់គ្រង​លទ្ធផល ការហូប​ចុក ការនិយាយ​ស្តី វិន័យ​បទបញ្ជា Fair Play បច្ចេកទេស​នៃការ​ប្រកួត ការគ្រប់គ្រង ស្រ្ដេស អនាម័យ​កីឡា និង​ស្មារតី​នៃ​ឆន្ទៈ​ការប្រកួត។

លោក អ៊ុក សិទ្ធិ​ជាតិ បាន​បញ្ជាក់​ថា៖ «អ្វីៗ​គ្រប់​យ៉ាង ដែល​គ្រូឧទ្ទេស​បាន​ប្រាប់​ទៅ​ដល់​អត្តពលិក និង​គ្រូបង្វឹក ក្នុង​សិក្ខាសាលា​នេះ រួមទាំង​ការ​ជំរុញ​ឲ្យ​មាន​កម្មវិធី​ហ្វឹកហាត់​រយៈពេល ២ ឆ្នាំ​នេះ មាន​គោល​បំណង​តែមួយ​គត់ គឺការ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម ខាងមុខ​នេះ»៕

0

Comments

Please, login or register to post a comment