ភ្នំពេញៈ ស្ថាប័នជំនាញផ្នែកកីឡារបស់កម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិងកំពុងដាក់ផែនការក្នុងការពង្រឹងទៅលើប្រភេទកីឡាជាអត្តសញ្ញាណជាតិ និងជាព្រលឹងជាតិ គឺកីឡាគុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ ដើម្បីដាក់ប្រភេទកីឡាទាំងនេះចូលទៅក្នុងការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
មន្រ្តីជំនាញ និងថ្នាក់ដឹកនាំអាណត្តិថ្មីទី ៧ ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ របស់ NOCC បានចាត់ទុកការដាក់ប្រភេទកីឡាជាអត្តសញ្ញាណជាតិ និងជាព្រលឹងជាតិ ទាំង ៣ នេះថា ជាយុទ្ធសាស្រ្តអាទិភាព ១ ក្នុងការជំរុញឲ្យការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ទទួលបានជោគជ័យ ទាំងការដណ្តើមយកមេដាយ និងការទទួលបានការគាំទ្រពីប្រជាជនកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានថ្លែងប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «សម្រាប់ប្រភេទកីឡាអត្តសញ្ញាណជាតិនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានដាក់ការយកចិត្តទុកដាក់ថា យើងធ្វើស៊ីហ្គេម យើងធ្វើដើម្បីជាតិយើង អ៊ីចឹងវប្បធម៌ជាតិ កីឡាជាអត្តសញ្ញាណព្រលឹងជាតិ គឺត្រូវតែលើកកម្ពស់»។
លោកបានបន្តថា៖ «ដូច្នេះយើងបានដាក់ចេញជាអាទិភាពមួយដែរ គឺកីឡាគុនខ្មែរ និងគុនល្បុក្កតោ បូកជាមួយកីឡាអុកចត្រង្គរបស់យើង ដែលយើងបានត្រៀមនៅក្នុងផែនការមេ រួចរាល់ហើយនោះ គឺយើងត្រូវពង្រឹងរៀបចំរចនាសម្ព័ន្ធ ការផ្សព្វផ្សាយទៅក្រៅប្រទេស រៀបចំឲ្យប្រទេសមួយចំនួនទទួលយកកីឡាទាំងនេះ ទើបឈានដល់ការអភិវឌ្ឍបច្ចេកទេស និងត្រូវការដាក់ទុនក្នុង ការធ្វើការងារអភិវឌ្ឍន៍»។
ជាមួយទិសដៅ និងផែនការដាក់កីឡាអត្តសញ្ញាណព្រលឹងជាតិ ចូលទៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នេះ លោក វ៉ាត់ ចំរើន ដែលជាអ្នកគ្រប់គ្រងលើផែនការមេរបស់ស៊ីហ្គេម បានមើលឃើញថា អាចដំណើរការទៅរួច ព្រោះមកដល់ពេលនេះ មានប្រទេស ៣ ហើយ បានគាំទ្រ និងទទួលយកប្រភេទកីឡា អត្តសញ្ញាណជាតិរបស់យើង ពិសេសកីឡាគុនខ្មែរ និងគុនល្បុក្កតោ ដែលត្រូវដាក់បញ្ចូលគ្នាតែមួយ ហើយហៅកាត់ថា «កីឡាគុន»។
នៅត្រង់ចំណុចនេះ លោក ចំរើន ថ្លែងថា៖«ឥឡូវនេះ យើងមានលក្ខណៈជាផែនការ។ ផែនការទី ១ គុនខ្មែរយើង មានបង្កើតជាសហព័ន្ធអន្តរជាតិហើយ និងបានធ្វើការងារយ៉ាងរលូន ទី ២ ល្បុក្កតោរបស់យើង បានពង្រីកខ្លួនទៅក្រៅប្រទេសជាបណ្តើរៗហើយនិងមានប្រទេសចំនួន ៣ បានទទួលយកនូវការរៀបចំ ល្បុក្កតោ និង គុនខ្មែររបស់យើង ក្នុងប្រទេសរបស់គេ ក្នុងនោះមានឡាវ មីយ៉ាន់ម៉ា វៀតណាម និងយើងមួយទៀត មាន ៤ ប្រទេស»។
លោកបានសង្កត់ធ្ងន់ថា៖ «នៅក្នុងបទប្បញ្ញត្តិរបស់ស៊ីហ្គេម ឲ្យតែមាន ៤ ប្រទេសគ្រប់គ្រាន់អាចធ្វើបានហើយ អ៊ីចឹងល្បុក្កតោ និងគុនខ្មែរ ដែលយើងបញ្ចូលគ្នាតែមួយហៅថា «កីឡាគុន» នោះ គឺអត់មានបញ្ហាអ្វីត្រូវរាំងស្ទះ ក្នុងការបញ្ចូលទៅក្នុងស៊ីហ្គេម នោះទេ ដោយយើងបានរៀបចំយុទ្ធសាស្រ្ត និងពេលវេលាច្បាស់លាស់ ក្នុងការចេញទៅធ្វើការងារនឹងប្រទេសជិតខាង»។
ចំណែកកីឡាអុកចត្រង្គ ត្រូវបានអ្នកជំនាញកីឡារូបនេះ ប្រាប់ថា កំពុងតែសម្របសម្រួលផ្នែកផ្ទៃក្នុងឲ្យបានល្អ នៅឆ្នាំ ២០១៨នេះ ដើម្បីឈានទៅដល់ការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាពង្រឹងសមត្ថភាពអុកចត្រង្គ ហើយមានប្រទេស ៤ ដែរ ដែលលេងអុកចត្រង្គ គ្រាន់តែមានលក្ខណវិនិច្ឆ័យខុសគ្នាបន្តិចបន្តួច ឯរបៀបលេងជាមូលដ្ឋានដូចគ្នា ក្នុងនោះមាន មីយ៉ាន់ម៉ា ឡាវ ថៃ និងកម្ពុជា គឺគ្រប់ ៤ ប្រទេសដែរ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងអុកចត្រង្គ កំពុងតែរៀបចំបន្ស៊ីបទបញ្ជាការប្រកួតរបស់យើង ឲ្យស៊ីគ្នាទៅនឹងអុកចត្រង្គរបស់ឡាវ ថៃ និងមីយ៉ាន់ម៉ា ព្រោះយើងមានការខុសគ្នាបន្តិចៗទេ គឺអត់មានកំហុសអីធំ ដែលថា ជជែកគ្នាមិនបាននោះទេ។ ដូច្នេះរឿងទាំងអស់នេះ អាចសម្របសម្រួលគ្នាបាន អ៊ីចឹងវិធានការរបស់យើង គឺចាប់ពីឆ្នាំ ២០១៩ ទៅ គឺទាំងគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ត្រូវរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ឲ្យបានរៀងរាល់ឆ្នាំ អាចនៅកម្ពុជា និងនៅប្រទេសជាសមាជិករបស់យើង ដើម្បីពង្រឹងសមត្ថភាពរបស់យើងផង និងឲ្យគេចេះលេង និងហ្វឹកហាត់ដូចយើងដែរ»។
ទោះយ៉ាងណាក៏ដោយ មុននឹងបើកឲ្យមានការប្រកួតអន្តរជាតិនេះ ល្បុក្កតោ នឹងចាប់ផ្តើមបញ្ជូនគ្រូ ទៅបង្វឹកដល់ប្រទេសមួយចំនួន ពិសេសប្រទេស ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានយល់ព្រមទទួលយកកីឡានេះហើយ ចាប់ពីចុងឆ្នាំ ២០១៨ នេះ រហូតដល់ឆ្នាំ ២០១៩ ហើយប្រទេស ហ្វីលីពីន ក៏នឹងគាំទ្រល្បុក្កតោ របស់កម្ពុជាដែរ។
នៅពេលសួរបញ្ជាក់ពីផលប្រយោជន៍ ក្នុងការដាក់កីឡាអត្តសញ្ញាណព្រលឹងជាតិ របស់ខ្លួន ទៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នោះ លោក វ៉ាត់ ចំរើន បានឆ្លើយតបថា៖ «យើងធ្វើជាម្ចាស់ផ្ទះ គឺយើងត្រូវបំពេញចិត្តប្រជាជនរបស់យើង មានន័យថា យើងត្រូវកកាយលើកយកកីឡាវប្បធម៌ជាតិ កីឡាព្រលឹងជាតិ យកមកលេង យកមកពង្រីកឥទ្ធិពល និងផ្សព្វផ្សាយ អប់រំបន្ថែម ទៅដល់ប្រជាពលរដ្ឋរបស់យើង»។
លោកបានបន្ថែមថា៖ «បន្ទាប់មក ប្រជាពលរដ្ឋរបស់យើង នឹងចាប់អារម្មណ៍ និងគាំទ្រ ១០០ ភាគរយ ព្រោះវាជាកីឡាព្រលឹងជាតិ ហើយប្រជាពលរដ្ឋ នឹងកោតសរសើរ អបអរការរៀបចំនេះ ដោយសារយើងធ្វើនេះ ដើម្បីឲ្យពួកគាត់ដឹងថា កីឡាជាអត្តសញ្ញាណជាតិរបស់យើង យើងត្រូវតែមានលក្ខណៈពូកែ មានឥទ្ធិពល និងមានសក្តានុពលជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងពេលប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣»៕