Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការដាក់​ឲ្យ អ៊ុំ ចំរើន ជួប Chhouk Chhai រងការ​រិះគន់

Content image - Phnom Penh Post
អ៊ុំ ចំរើន (ឆ្វេង) នឹង​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង Chhouk Chhai។ ស្រេង ម៉េងស្រ៊ុន

ការដាក់​ឲ្យ អ៊ុំ ចំរើន ជួប Chhouk Chhai រងការ​រិះគន់

ភ្នំពេញ: អ្នកលេង​កណ្តាប់ដៃ អ៊ុំ ចំរើន ត្រូវ​ដាក់​ឲ្យ​ជួប​ជើង​ខ្លាំង​របស់​ថៃ Chhouk Chhai ដែល​ពូកែ​ខាង​ជង្គង់ និង​ធ្លាប់​ផ្តួល​ជើង​ខ្លាំង​កម្ពុជា​ច្រើន​នាក់​ហើយ ហើយ​ការផ្គូផ្គង​មាន​លក្ខណៈ​ទាប​ខ្ពស់​និង​កម្រិត​វិជ្ជាគុន​ឃ្លាត​ឆ្ងាយ​ពីគ្នា​នេះ​នាំ​ឲ្យមាន​ការ​រិះគន់ និង​ចោទ​សួរថា តើ អ៊ុំ ចំរើន អាច​ទប់ទល់​ជាមួយ Chhouk Chhai បានទេ? ចំណែក ឃីម បូរ៉ា ក៏ត្រូវ​ជួប​ថៃ Fa Mechhay នៅ​សង្វៀន SEATV ល្ងាច​ថ្ងៃ​សុក្រ​នោះ​ដែរ។

ទោះបី អ៊ុំ ចំរើន ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ ៣ ស្ថាប័ន​កន្លង​មក និង​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង Chhouk Chhai រហូតដល់ ៣០ លើក ប៉ុន្តែ​តាមរយៈ​សមត្ថភាព​ក្បាច់គុន ដែល​ធ្លាប់​ប្រកួត​កន្លង​មក គេ​មើលឃើញ​ថា Chhouk Chhai មាន​ប្រៀប​លើ ចំរើន ឆ្ងាយ​ណាស់ ទាំង​កម្ពស់​និង​ស្នៀត​ឱប​ឡើង​ជង្គង់ ពិសេស Chhouk Chhai ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ពី​កម្ពុជា និង​ធ្លាប់​ឈ្នះ ផាន់ គ្រាន់,កន ចន្ថា,ឡុង សុភី, ឡុង សុវណ្ណឌឿន និង​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​មួយ​ចំនួន​ទៀត​ប្រហែល​ជាង ១០ នាក់​ឯណោះ។

អ្នកទស្សនា​ភាគច្រើន​លើសលប់ មាន​ជំនឿ​ជឿជាក់ និង​ហ៊ាន​វាយ​តម្លៃ​ថា អ៊ុំ ចំរើន មិនអាច​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង Chhouk Chhai បាន​ឡើយ ហើយ​ការផ្គូផ្គង ដែល​គេ​មើល​ឃើញ​ពីលក្ខណៈ​កីឡាករ​ថៃ​មាន​ប្រៀប​ជាង​បែបនេះ គឺជា​បញ្ហា​មួយ​នៅលើ​សង្វៀន SEATV នេះ ដែល​កីឡាករ​កម្ពុជា មាន​លទ្ធផល​ចាញ់​កីឡាករ​ថៃ ច្រើន​ជាង​សង្វៀន​ដទៃ។

ជុំវិញ​បញ្ហា​ការរិះគន់​នេះ លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន SEATV បាន​បកស្រាយ​ថា៖ «ក្រុម​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​គុនខ្មែរ និង​ខាង​ស្ថានីយ៍​គឺមាន​ការ​ឯកភាព​គ្នា ក្នុងការ​ផ្គូផ្គង ប៉ុន្តែ​ករណី​ដាក់​ឲ្យ​កីឡាករ អ៊ុំ ចំរើន ប៉ះ Chhouk Chhai នេះ​គឺ ចំរើន សុំ​ប្រកួត​ដោយ​ខ្លួនឯង ហើយ​គណៈកម្មការ​ផ្គូផ្គង​ក៏ពិនិត្យ​ឃើញ​ថា អ៊ុំ ចំរើន មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ចិត្តធំ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ ៣ ស្ថាប័ន ចំណែក Chhouk Chhai មាន​ខ្សែក្រវាត់​តែមួយ​ស្ថាប័ន​ប៉ុណ្ណោះ»។

លោក​អះអាង​ថា៖ «តាមការ​វាយតម្លៃ​ពីក្រុម​គណៈកម្មការ​ផ្គូផ្គង​ថា ទោះបីជា ChhoukChhai ឈ្នះ អ៊ុំ ចំរើន ក៏​មិនមែន​ងាយស្រួល​ដែរ គឺត្រូវ​ឆ្លងកាត់​ឧបសគ្គ​ធំ ព្រោះ​យើង​ពិនិត្យ​ពីបច្ចេកទេស​ម្យ៉ាង​ម្នាក់​ទេ គឺ Chhouk Chhai អាច​ឈ្នះ​ដោយ​ការចាប់​ឱប​ឡើង​ជង្គង់ ប៉ុន្តែ​បើ​វ៉ៃ​ប្រយោល អ៊ុំ ចំរើន មាន​ប្រៀប​ជាង​ដោយ​ក្បាច់​ទាត់​ឆ្ងាយ និង​វាយ​កណ្តាប់ដៃ​គឺមាន​ប្រៀប​វិញ»។

ទាក់ទង​ការប្រកួត​នេះ អ៊ុំ ចំរើន និយាយ​ថា៖ «រឿង​ឡើង​សង្វៀន​ដឹង​តែវ៉ៃ ហើយ​ចាញ់​ឬឈ្នះ​មិនទាន់​ហ៊ាន​និយាយ​ទេ ប៉ុន្តែ​បើ​យើង​ខ្លាច​គេធ្វើ​អ្នក​ប្រដាល់​ម៉េច​បាន។ តាម​ខ្ញុំធ្លាប់​ឃើញ​ការប្រកួត​របស់គេ គឺល្អ​ជង្គង់ និង​ចាប់ឱប ក្រៅ​ពីនេះ​គ្មានអ្វី​គួរ​ឲ្យខ្លាច​ឡើយ ហេតុនេះ​ខ្ញុំមាន​សង្ឃឹម​ឈ្នះ ៧០ ភាគរយ​ដែរ ព្រោះ​យុទ្ធសាស្ត្រ​ប្រកួត​ម្យ៉ាង​ម្នាក់»។

ចំណែក​លោក ថៃ អ៊ូ អ្នកគ្រប់គ្រង​កីឡាករ​ថៃ បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា អ៊ុំ ចំរើន ក្រៅពី​កណ្តាប់ដៃ​គ្មានអ្វី​អាច​ឈ្នះ Chhouk Chhai បានទេ ប៉ុន្តែ​ខ្ញុំមិន​ហ៊ាន​ទស្សន៍ទាយ​លទ្ធផល​មុន​ប្រកួត​ទេ វា​ច្រើន​តែខុស»៕

0

Comments

Please, login or register to post a comment