ភ្នំពេញ: ការ​ប្រកួត​លីក​កីឡា​បាល់ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ​រដូវកាល​ថ្មី​ឆ្នាំ ២០១៧- ២០១៨ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA បាន​ឈាន​ដល់​សប្តាហ៍​ទី ៦ ហើយ បន្ទាប់​ពី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មក​ម្ល៉េះ។

លោក​ភី វឌ្ឍនា ដែល​ជា​មន្ត្រី​សម្រប​សម្រួល​ព័ត៌មាន​នៃ​អង្គការ​ផ្កាយ​សមុទ្រ បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​នេះ​ជា​ឆ្នាំ​ទី ១ ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈ្មោះ AIA បាន​ឧបត្ថម្ភ​លីក​កីឡា​បាល់ទាត់​នេះ​ទាំង​ស្រុង​ដល់​អង្គការ​ផ្កាយ​សមុទ្រ បន្ទាប់​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​ឧបត្ថម្ភ​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា​រហូត​ដល់​ឆ្នាំ ២០១៩»។

លោក​បាន​បន្ថែម​ថា៖ «កម្មវិធី​ប្រកួត​ឆ្នាំ ២០១៨ នេះ​មាន​ក្រុម​ចួលរួម​ចំនួន ១០១ ក្រុម មក​ពី​អង្គការ​សាលារៀន និង​ព្រមទាំង​សហគមន៍​ដែល​ជា​ដៃគូ​របស់​អង្គការ​ផ្កាយ​សមុទ្រ។ នៅ​ក្នុង​នោះ​ដែរ កម្មវិធី​ប្រកួត​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ នៅ​ទីលាន​អង្គការ​ផ្កាយ​សមុទ្រ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល»។

បើ​យោងតាម​កម្មវិធី​ប្រកួត យុទ្ធនាការ​នេះ​ត្រូវបាន​បែង​ចែក​ចេញ​ជា ៦ ប្រភេទ​អាយុ ដែល​នៅ​ក្នុង​នោះ​មាន កុមារា​អាយុ​ក្រោម ១៨ ឆ្នាំ មាន ២១ ក្រុម។ កុមារា​អាយុ​ក្រោម ១៤ ឆ្នាំ មាន ១៦ ក្រុម កុមារី​អាយុ​ក្រោម ១៤ ឆ្នាំ មាន ១៩ ក្រុម។

កុមារា​អាយុ​ក្រោម ១០ ឆ្នាំ មាន ១៩ ក្រុម កុមារី​អាយុ​ក្រោម ១៨ ឆ្នាំ។ គម្រោង​កម្មវិធី​ប្រកួត​នេះ​ត្រូវ​បាន​កំណត់​នឹង​បញ្ចប់​នៅ​ចុង​ខែ​ឧសភា ឆ្នាំ ២០១៨ ខាងមុខ។

កញ្ញា ​ជួប វិច្ឆិកា នាយិកា​អង្គការ​ផ្កាយ​សមុទ្រ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ «អង្គការ​ផ្កាយ​សមុទ្រ​បាន​ចាប់ផ្តើម​មាន​វត្តមាន​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០៦ ដែល​មាន​គោល​បំណង និង​ទស្សនវិស័យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្មេង ដែល​គ្មាន​លទ្ធភាព​ចូល​សាលារៀន និង​គ្មាន​ឱកាស​បាន​លេង​កីឡា​ឲ្យ​មក​ប្រមូល​ផ្តុំ»។

កញ្ញា​បាន​ប្រាប់​បន្តថា៖ «ការ​ប្រមូល​ផ្តុំ​នេះ ធ្វើឡើង​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ទទួល​ខុសត្រូវ​ពី​អង្គការ ដោយ​រ៉ាប់រង​លើ​ការ​អប់រំ​បណ្តុះ​បណ្តាល និង​លេង​កីឡា​បាល់ទាត់ ក្នុង​ការ​តម្រង់​ទិស និង​ឧបនិស្ស័យ​ដល់​ពួកគេ​សម្រាប់​ជា​អាជីព​ក្នុង​ពេល​អនាគត»។

នាយិកា​រូបនេះ​បាន​បន្ថែម​ទៀត៖ «រយៈពេល​ជាង ១០ ឆ្នាំ​មក​នេះ អង្គការ​គ្រប់គ្រង និង​បណ្តុះ​បណ្តាល​លើ​កុមារ​គ្មាន​ទីពឹង កុមារ​គ្មាន​លទ្ធភាព​ចូល​សាលារៀន និង​លេង​កីឡា និង​ក្មេង​គថ្លង់​សរុប ៦៨០ នាក់ ក្នុង​នោះ​បាន​បណ្តុះ​បណ្តាល​ឲ្យ​ហ្វឹកហាត់​កីឡា​បាល់ទាត់​បាន​ចំនួន ៣៨០០ នាក់»៕