Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការឲ្យ សុវណ្ណឌឿន ចាញ់​ឡាវ រងការ​រិះគន់​ខ្លាំង

Content image - Phnom Penh Post
លោក តែម ម៉ឺន បាន​សម្លឹង​មើល​ទឹកមុខ​ដ៏ស្រងូត​ស្រងាត់​របស់ ឡុង សុវណ្ណឌឿន ក្នុង​ពេល​ប្រគល់​រង្វាន់ និងបំពាក់​ខ្សែ​ក្រវាត់។ យឺន ពន្លក

ការឲ្យ សុវណ្ណឌឿន ចាញ់​ឡាវ រងការ​រិះគន់​ខ្លាំង

ភ្នំពេញៈ កីឡាករ ឡុង សុវណ្ណឌឿន ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​ឡាវ Thav Uolan ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់ ៦៩ គីឡូក្រាម នៅ​សង្វៀន SEATV កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​ក្រោយ​ប្រកាស​ឲ្យចាញ់​នោះ​សុវណ្ណឌឿន បាន​ទៅ​ឈរ​មើល​ពិន្ទុ​ជិត​ពិធីករ ឈឹម ផា រួចបាន​ផ្តួលខ្លួន​ដេក​ននៀល​លើ​កម្រាល​សង្វៀន បង្ហាញ​ការ​ខកចិត្ត​ខ្លាំង​ទៅលើ​លទ្ធផល​នេះ។

ចំណែក​អ្នកទស្សនា​ប្រមាណ ៩៥ ភាគរយ បាន​ធ្វើការ​រិះគន់​ខ្លាំង​ទៅលើ​ការ​សម្រេច​ឲ្យ ឡុង សុវណ្ណ​ឌឿន ចាញ់​ការប្រកួត​នេះ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​គុនខ្មែរ រួមទាំង​លោក​ប្រធាន តែម ម៉ឺន ផង​ដែល​តែងតែ​កាន់ជើង​ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​នោះ បាន​ឯកភាព​ទៅលើ​ចៅក្រម ដែល​បានដាក់​ពិន្ទុ​ឲ្យឡាវ​ឈ្នះ សុវណ្ណ​ឌឿន ៣ ទល់នឹង ២។

លោក ឡុង សាលវ័ន្ត ជាគ្រូ​បង្វឹក បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «ឡុង សុវណ្ណឌឿន​មាន​ប្រៀប​ឈ្នះ​ពិន្ទុ ៣ ទឹកដាច់ គឺពី​ទឹកទី ១ ដល់​ទឹកទី ៣ ដោយ​ដេញ​វាយ​សម្រុក​ដោយ​កណ្តាប់​ដៃ ចូល​គោលដៅ​បានល្អ ដូច្នេះ​ការផ្តល់​ពិន្ទុ​នេះ មិន​យុត្តិធម៌​ទេ។ ខ្ញុំទទួល​ស្គាល់​ថា នៅ​ទឹកទី ៥ គឺចាញ់​គេមែន ប៉ុន្តែ​បើ​សរុប​តាម​ទឹក សុវណ្ណ​ឌឿន ត្រូវតែ​ឈ្នះ»។

យ៉ាងណា​ក៏ដោយ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ថ្លែងថា៖ «លទ្ធផល​នេះមាន​តម្លា​ភាពល្អ ព្រោះ​បើគិត​តាម​បច្ចេកទេស ឡុង សុវណ្ណឌឿន​មាន​ប្រៀប​នៅ ២ ទឹក​ដំបូង ឯ​ទឹកទី ៣ អាច​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​នៅ ២ ទឹក​ចុងក្រោយ​គឺចាញ់​គេដាច់​តែម្តង ពិសេស​ទឹកទី ៥ គ្រាន់តែ​កីឡាករ​ឡាវ​កាច់​ឲ្យដួល​ចំនួន ៤ លើក សឹងតែ​ងើប​មិន​រួចហើយ​ស្ថានភាព​បែបនេះ​ធ្វើម្តេច​នឹងមាន​ពិន្ទុ​ឈ្នះគេ​បាន»។

លោក​បន្ថែមថា៖ «ខ្ញុំមាន​ការ​សោកស្តាយ​ចំពោះ​កាយវិការ សុវណ្ណឌឿន ដែល​ក្នុងនាម​កីឡាករ​ឆ្នើម​ម្នាក់ មាន​ការ​ចេះដឹង​ខ្ពស់​ជាងគេ បែរជា​សម្តែង​កាយវិការ​ដេកដួល​លើសង្វៀន​នោះ​ជារឿង​អសីលធម៌​មួយ មិន​ទទួល​ស្គាល់​លទ្ធផល​ជា​ផ្លូវការ ដែល​គណៈកម្មការ​សម្រេច និង​ជារឿង​ផ្ទុយ​ពីច្បាប់​កីឡា។ ចំណុច​បែបនេះ​ជារឿង​មិនល្អ»។

ចំណែក​លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV និយាយថា៖ «ក្រោយ​ប្រកាស​លទ្ធផល​ភ្លាមៗ និង​មានការ​រិះគន់​មួយ​ចំនួន​ខ្ញុំបាន​ចាក់​កាសែត​ប្រកួត​នោះ​ឡើង​វិញ​ភ្លាម​ជាមួយ​អ្នកបច្ចេកទេស​សហព័ន្ធ ដើម្បី​វាយ​តម្លៃ​លើ​លទ្ធផល​របស់​ចៅក្រម ហើយ​បាន​ឃើញ​ថា ឡុង សុវណ្ណឌឿន ចាញ់គេ​ដាច់​ចំនួន ២ ទឹក​ចុងក្រោយ និងបាន​ដួល​ច្រើន​លើក​ណាស់​មិនអាច​យឹតយោង​ឲ្យឈ្នះ​បាន​ទេ ព្រោះ​ជាការ​ប្រកួត​ឈ្នះ​ចាញ់​តាម​សមត្ថភាព មិនមែន​ចេះតែ​ឲ្យខ្មែរ​ឈ្នះ​ទាំង​ងងឹត​ងងុល​ទេ»។

ទោះជា​យ៉ាង​ណា នៅតាម​បណ្តាញ​ហ្វេសប៊ុក និងអ្នក​តាម​តូប​កាហ្វេ​ភាគច្រើន បាន​នាំគ្នា​និយាយ​រិះគន់ថា ចៅក្រម​នៅ​សង្វៀន SEATV ដែល​ផ្តល់​ពិន្ទុ​ឲ្យកីឡាករ​ឡាវ​ឈ្នះ​ថា ជា​ចៅក្រម​មាន​ក្បាល​អត់ខួរ​ជាជាតិ​ខ្មែរ ជួយ​កីឡាករ​បរទេស ហើយ​បាន​បំបាក់​ទឹកចិត្ត​កីឡាករ​ខ្មែរ ហើយ​លោក តែម ម៉ឺន ដែល​តែងតែ​ដង្ហែ​តាមការ​កាត់​សេចក្តី​របស់​ចៅក្រម ក្រោម​ឱវាទ​របស់​ខ្លួន​នោះ ក៏​ទទួលរង​ការរិះគន់​ដែរ។

ជាមួយ​គ្នា​នោះ ឡុង សុវណ្ណឌឿន ក៏បាន​បង្ហោះ​សារ​បែប​រិះគន់​ដល់​ចៅក្រម នៅ​សង្វៀន SEATV មួយ​ចំនួន​ដែរ​ថា៖ «បើខ្មែរ​មិន​គិតពី​ខ្មែរ តើអ្វី​ទៅ​ការលើក​ស្ទួយគុន​ខ្មែរ ធ្លាប់​ជួបម្តង​ហើយ មានអី​ត្រូវ​ស្តាយ ប៉ុន្តែ​លើស​ហើយ​លោក​គណៈកម្មការ ឈប់​បាន​ឈប់​ទៅ គេដើរ​ដល់​ណា​ហើយ ចង់​ឲ្យខ្មែរ​ជាកង្កែប​ដល់​ណា​ទៀត?»។

តាមរយៈ​លទ្ធផល​នេះ​ម្ចាស់​ខ្សែ​ក្រវាត់ Thav Uolan ទទួល​បាន​ទឹកប្រាក់ ២០ លានរៀល ឯ ឡុង សុវណ្ណ​ឌឿន បាន ១២ លាន​រៀល ហើយ​នៅ​ថ្ងៃសៅរ៍​នោះ​ដែរ ជើង​ខ្លាំង ឃីម ឌីម៉ា បាន​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Khun Krongthap ឲ្យសន្លប់​ធំ​នៅ​ចុង​ទឹកទី ៥ បន្ទាប់​ពីបាន​វាយ​កែង​ឲ្យ​អាជ្ញាកណ្តាល​រាប់ ១ លើក​នៅ​ទឹកទី ៣ ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួមជាតិ ផល សោភ័ណ្ឌ ដែល​បាន​សន្លប់​ក្រោម​ស្នាដៃ Khun Krongthap កាល​ពីពេល​ថ្មីៗ កន្លង​មក​នេះ៕

0

Comments

Please, login or register to post a comment