ភ្នំពេញៈ ការប្រកួតប្រដាល់គុនខ្មែរ ទម្ងន់ ៦៥ គីឡូក្រាម ដណ្តើមខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ រដូវកាលទី ៥ នៅលើសង្វៀន SEATV នឹងចាប់ផ្តើមដំណើរការ នាល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយកីឡាករកម្ពុជា បានសម្រិតសម្រាំងជ្រើសរើសយកកីឡាករ ៤ នាក់ ដើម្បីផ្គូផ្គងឲ្យប្រកួតសន្សំពិន្ទុជាមួយកីឡាករថៃ ដែលគេសង្កេតឃើញថា មានវិជ្ជាគុនខ្លាំងៗគួរកត់សម្គាល់។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសក្នុងសន្និសីទកាសែត ស្តីពីការប្រកួតខ្សែក្រវាត់នេះថា កីឡាករកម្ពុជា ៤ រូប និងថៃ ៤ រូប នឹងដាក់ឲ្យប្រកួតគ្នាចាប់ពីថ្ងៃសៅរ៍ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៨ តទៅដោយប្រកួតជម្រុះសន្សំពិន្ទុ រហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី ២៨ ខែមេសា ឆ្នាំ ២០១៨ ក្រោយចូលឆ្នាំប្រពៃណីខ្មែរ។
លោកបានបន្តថា៖ «រូបមន្តប្រកួតនៅវគ្គជម្រុះសន្សំពិន្ទុ គឺខ្មែរម្នាក់ៗ ប៉ះជាមួយកីឡាករថៃទាំង ៤ នាក់ ហើយសរុបពិន្ទុរកអ្នកឈ្នះ មានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមកីឡាករខ្មែរ ៤ នាក់ និងកីឡាករថៃ ៤ នាក់ យកតែម្នាក់ក្នុងមួយពូល ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់តែម្តង ដោយ អ្នកឈ្នះចំណាត់ថ្នាក់លេខ ១ បានទឹកប្រាក់ ៥០០០ ដុល្លារ លេខ ២ បានពាន ១ អមដោយទឹកប្រាក់ ៣០០០ ដុល្លារ»។
សមាសភាពអ្នកប្រដាល់ពូលកម្ពុជាទាំង ៤ នាក់ ដែលត្រៀមដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់នេះ មាន មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ផង់ សុភាព របស់ក្លិបប្រដាល់តាឡីដំរីមានរិទ្ធ គឹម វាសនា ក្លិបកងទ័ពឆត្រយោង ៩១១ និងកីឡាករ ង៉ែត្រ រដ្ឋា របស់ក្លិបតាព្រហ្មមានជ័យ។
ចំណែកកីឡាករថៃទាំង ៤ នាក់វិញ ត្រូវបានជ្រើសរើសសុទ្ធតែកីឡាករលំដាប់ល្អដែលមានសមត្ថភាព មានប្រៀបលើកីឡាកររបស់កម្ពុជាផងដែរ ហើយពួកគេធ្លាប់មានបទពិសោធប្រកួតនៅស្រុកខ្មែរញឹកញាប់ ដោយទទួលបានលទ្ធផលឈ្នះភាគច្រើន ក្នុងនោះមានកីឡាករ Kongkang Van, Phic Nam Ek, Sen Khun និងកីឡាករ Kreng Kray។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំសង្វៀនអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា៖ «សម្រាប់ថ្ងៃ ប្រកួតសប្តាហ៍ដំបូងមឿន សុខហ៊ុច ត្រូវប៉ះជាមួយថៃ Kongkang Van ហើយ ផង់ សុភាព ត្រូវជួប Phic Nam Ek ដើម្បីស្វែងរកការឈ្នះបាន ៣ ពិន្ទុដូចគ្នា»។
នៅក្នុងពូលកម្ពុជា កីឡាករមានសមត្ថភាពល្អលេចធ្លោជាងគេ មាន មឿន សុខហ៊ុច និង ផង់ សុភាព ឯកីឡាករថៃ Sen Khun និង Kreng Kray ជាអ្នកមានសមត្ថភាពខ្ពស់ ខាងពូលថៃ។
តាមការវាតតម្លៃក្រៅផ្លូវការ មុនពេលប្រកួត ពីសំណាក់អ្នកនិយមទស្សនាប្រដាល់ជាប្រចាំ គេហ៊ានទស្សន៍ទាយថា សប្តាហ៍នេះកីឡាករកម្ពុជា អាចនឹងឈ្នះបាន ៣ ពិន្ទុ នៅថ្ងៃបើកឆាកដូចគ្នា ហើយតាមប្រវត្តិប្រកួត សុខហ៊ុច ធ្លាប់ប្រកួតឈ្នះ ១០៩ ចាញ់ ២៣ និងស្មើ ៤ ដងគឺច្រើនជាង Kongkang Van ដែលធ្លាប់ប្រកួតឈ្នះ ៦៦ និងចាញ់ ១៦ និងស្មើ ១ ដង។
ចំណែក ផង់ សុភាព ធ្លាប់ប្រកួតឈ្នះ ៧០ ដង ចាញ់ ១៦ និងស្មើ ៣ ដង ខណៈ Phic Nam Ek ធ្លាប់ប្រកួតឈ្នះ ៧២ ដង ចាញ់ ១៥ និងស្មើ ២ ដង។
លោក ណន រិទ្ធ គ្រូបង្វឹក មឿន សុខហ៊ុច និយាយថា៖ «ជំនួបប្រកួតលើកនេះ សុខហ៊ុច មានសង្ឃឹមឈ្នះលើថៃ Kongkang Van ដើម្បីបាន ៣ ពិន្ទុ ហើយតាមការវាយតម្លៃរបស់ខ្ញុំ ជាគ្រូបង្វឹក គឺខ្ញុំមានទំនុកចិត្តឈ្នះរហូតដល់ទៅ ៩៥ ភាគរយឯណោះ ព្រោះ សុខហ៊ុចមានប្រៀបស្នៀតទាត់ និងក្បាច់ឡើងជង្គង់ បានល្អជាង ហើយក៏ធ្លាប់ ប្រកួតឈ្នះថៃរូបនេះម្តងហើយដែរ»។
ចំណែកកីឡាករ ផង់ សុភាព បាននិយាយថា៖ «សម្រាប់ជំនួបជាមួយកីឡាករ Phic Nam Ek លើកនេះ ខ្ញុំតាំងចិត្តយកឈ្នះឲ្យបាន ហើយខ្ញុំមានទំនុកចិត្តឈ្នះរហូតដល់ ១០០ ភាគរយ ដើម្បីទទួលបាន ៣ ពិន្ទុ នៅក្នុងការប្រកួតថ្ងៃបើកឆាក»៕