ភ្នំពេញៈ ស្ថាប័នជំនាញផ្នែកកីឡារបស់កម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិចំនួន ២៧ ទៀត បានគ្រោងស្នើសុំភ្លើងអាទិទេព ពីព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ដើម្បីយកមកដុតបំភ្លឺ ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ ដែលត្រូវធ្វើនៅថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៦ ខែមិថុនា ខាងមុខ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ចំពោះភ្លើងគប់នេះគឺឯកឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជា សម្តេចឧបនាយកផ្សេងៗទៀត លោកបានពិភាក្សាគ្នាថា យើង ត្រូវសុំភ្លើងអាទិទេព ពីព្រះករុណា គឺសុំឲ្យព្រះអង្គប្រទានភ្លើង ហើយយើងរត់បណ្តាក់គ្នាយកភ្លើងនោះមកប្រគល់ជូនសម្តេចតេជោ នៅក្នុងពិធីបើកកីឡាជាតិ លើកទី ២ នេះ។ បន្ទាប់មក សម្តេចនឹងដុតភ្លើងនោះ ពីកន្លែងអង្គុយរបស់លោក តាមខ្សែកាំជ្រួចមួយ ហើយកាំជ្រួច នឹងបាញ់ភ្លើងនោះឆ្វាចទៅកាន់ផើងដុតភ្លើងគប់របស់យើង រួចឆេះក្នុងពេលនោះតែម្តង»។
លោកបានបន្ថែមថា៖ «អ៊ីចឹងនៅក្នុងពិធីបើកកីឡាជាតិ លើកនេះ យើងនឹងធ្វើឲ្យមានចំណុចពិសេសជាងគេដែលត្រៀមនឹងឆ្លងថ្នាក់ដឹកនាំ គឺយើងនឹងសុំ ការប្រទាននូវភ្លើងអាទិទេព ពីព្រះករុណា តែចំណុចទាំងអស់នេះយើងកំពុងធ្វើសេចក្តីព្រាងនៅឡើយ ដើម្បីស្នើសុំសម្តេចតេជោ ផ្តល់ជាអានុសាសន៍ណែនាំបន្ថែមនៃការធ្វើកម្មវិធី រត់ភ្លើងគប់ ដែលមានលក្ខណសម្បត្តិនេះ»។
លោក ចំរើន បានបញ្ជាក់ថា៖ «ប្រវត្តិនៃកីឡាអូឡាំពិក គឺគេយកភ្លើងមកពីការដុតភ្លើងគប់ ជាភ្លើងអាទិទេព ដែលគេធ្វើនៅប្រទេសក្រិក។ គេធ្វើពិធីទេវរាជ យកភ្លើងអាទិទេព តាមរយៈការធ្វើឲ្យមានចំណាំងប្លាតពីព្រះអាទិត្យមក ហើយភ្លើងដែលទទួលបាននោះ គេហៅថា ភ្លើងអាទិទេព សម្រាប់យកទៅដុតនៅពេលប្រកួតកីឡាអូឡាំពិក។ ដោយឡែក នៅស្រុកយើង គឺយើងនឹងធ្វើឲ្យមានលំនាំនៅក្នុងនេះ អ៊ីចឹងយើងនឹងធ្វើឲ្យពិធីបើករបស់យើងនេះ មានការទាក់ទាញខ្លាំង កាន់តែរំភើប កាន់តែមានលក្ខណៈសប្បាយរីករាយ និងអស្ចារ្យ ជាងលើកទី ១»។
ការគ្រោងសុំភ្លើងអាទិទេពពីព្រះមហាក្សត្រនេះ ត្រូវបានលោក វ៉ាត់ ចំរើន បង្ហាញនៅក្នុងកិច្ចប្រជុំមួយរវាង NOCC ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងតំណាងរបស់សហព័ន្ធកីឡាជាតិទាំង ២៧ នៅទីស្នាក់ការក្រសួងអប់រំ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ហើយ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានឯកភាពទៅលើគម្រោងនេះផងដែរ។
លោកស្រី គឹម សេដ្ឋានី បានថ្លែងថា៖ «ទាក់ទងនឹងភ្លើងគប់នេះ ខ្ញុំឯកភាព ព្រោះខ្ញុំចង់ឲ្យមានរូបភាពប្លែក ហើយយើងក៏ចង់យកតួនាទី និងតម្លៃព្រះមហាក្សត្រ មកផ្សារភ្ជាប់ជាមួយវិស័យកីឡារបស់យើងដែរ ប៉ុន្តែខ្ញុំស្នើសុំឲ្យធ្វើកម្មវិធីបើក និងបិទឲ្យបានលម្អិត ដើម្បីសុំឲ្យមាន ការឯកភាពពីសម្តេចជាមុនសិន ទើបយើងអាចធ្វើលិខិតទៅព្រះបរមរាជវាំង ដើម្បីសុំកិច្ចសហការលើការងារនេះ»។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ ត្រូវបានកំណត់រៀបចំឡើងក្នុងរយៈពេល ២ ឆ្នាំម្តង ហើយ គោលបំណងធំនៃការប្រកួតនេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងអត្តពលិក គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស នៅតាមសហព័ន្ធនីមួយៗ និងអ្នកពាក់ព័ន្ធ ឲ្យមានបទពិសោធ ដើម្បីត្រៀមទៅកាន់ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ខណៈការប្រកួតកីឡាជាតិ លើកទី ២ នេះ មាន ២៧ ប្រភេទកីឡា ត្រូវចូលរួមប្រកួត និងត្រូវចំណាយថវិកាជាតិប្រមាណ ៦០០០ លានរៀល (ស្មើនឹង ១៥០ ម៉ឺនដុល្លារអាមេរិក)៕