ភ្នំពេញ: លោក​ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រគល់​ប្រាក់​ចំនួន ១ ៧៤២ ៩០០ ០០០ រៀល ដល់​កីឡា​ចំនួន ៥ ប្រភេទ​ដែល​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​កន្លង​មក​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួង កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ និង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ផ្នែក​អប់រំ​កីឡា។

លោក​ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «អ្នក​ឈ្នះ​មេដាយ​ចំនួន ៥ ប្រភេទ​កីឡា បាន​ទទួល​ថវិកា​តាម​ប្រកាស​របស់​អន្តរ​ក្រសួង​ក្រោម​វត្តមាន​របស់​ឯកឧត្តម​ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា»។

លោក​បាន​លម្អិត​ថា៖ «កីឡា​ទាំង ៥ ប្រភេទ​នោះ​មាន​ដូចជា​ជយលាភី​នៃ​ការ​ប្រកួត​កីឡា ​ហ្សូរិន​ជីកាំប៉ូ ជើងឯក​ពិភពលោក​នៅ​សហរដ្ឋអាមេរិក ទទួល​បាន​រង្វាន់​ទឹក​ប្រាក់​ចំនួន ១២៨ ០០០ ០០០ រៀល។ ទី ២ ជយលាភី​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នោះ មាន​ប្រាក់​រង្វាន់​ចំនួន ២៥៤ ៩០០ ០០០ រៀល។ ទី៣ ជយលាភី​ប្រកួត​កីឡា​តេក្វាន់ដូ ITF (International Taekwondo Federation) ជើងឯក​ពិភពលោក នៅ​ប្រទេស​កូរ៉េខាងជើង មាន​ប្រាក់​រង្វាន់​ចំនួន ៨៤៤ ០០០ ០០០ រៀល»។

លោក​ប៉ុន សុខ បាន​ប្រាប់​បន្តថា៖ «ទី ៤ ជយលាភី​ប្រកួត​កីឡា​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង នៅ​ប្រទេស​កូតឌីវ័រ (ហ្វ្រង់កូហ្វូន) ដែល​មាន​ប្រាក់​រង្វាន់​ចំនួន ១២៨ ០០០ ០០០ រៀល និង​ទី ៥ ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម (Body Building) ជើងឯក​ពិភពលោក នៅ​ប្រទេស​ម៉ុងហ្គោលី​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣៨៤ ០០០ ០០០ រៀល»។

លោក​តឹក ប៊ុនវី អាយុ ៤២ ឆ្នាំ​មាន​ទម្ងន់ ៨០ គីឡូក្រាម កម្ពស់ ១,៧៩ ម៉ែត្រ ដែល​ឈ្នះ​មេដាយ​ប្រាក់​កីឡា​កាយ​វប្បកម្ម បាន​ឲ្យ​ដឹង​ថា៖ «នេះ​ជា​ថ្ងៃ​ទទួល​បាន​ប្រាក់​រង្វាន់​ដែល​ខ្ញុំ​បាន​ព្យាយាម​ហ្វឹកហាត់ និង​ឆ្លង​កាត់​ការ​ប្រកួត​រយៈពេល​ជិត ១០ ឆ្នាំ»។

អ្វីដែល​អស្ចារ្យ​សម្រាប់​ជីវិត​របស់​លោក​តឹក ប៊ុនវី គឺថា ក្តី​ស្រមៃ​របស់​លោក​បាន​ក្លាយ​ទៅ​ជា​ការ​ពិត ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០១៧ នោះ​ឯង ខណៈ​ដែល​លោក​បាន​ចូលរួម​ការ​ប្រកួត​កម្រិត​ពិភពលោក​នៅ​ប្រទេស​ម៉ុងហ្គោលី ដោយ​មាន​ជាង ៤០ ប្រទេស​ចូលរួម។

លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ មេដាយ​ប្រាក់ ខណៈ​មិត្ត​រួម​ឈាម​ខ្មែរ​របស់​លោក​គឺ​កីឡាករ​សំបូរ ណាន និង​កីឡាករ​ណុំ សុបិន្ត បាន​ឈ្នះ​មេដាយ​មាស៕