Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កីឡា​នៅ​បុណ្យ​សមុទ្រ នឹង​ជួយ​ផ្សព្វផ្សាយ​ឆ្នេរ​ស្អាត​របស់​កម្ពុជា

Content image - Phnom Penh Post
សកម្មភាព​ប្រកួត​ចំបាប់​ឆ្នេរ​ខ្សាច់ ដែល​ត្រូវបាន​រៀបចំ​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ កាល​ពី​ឆ្នាំ ២០១៦។ ស្រេង ម៉េងស្រ៊ុន

កីឡា​នៅ​បុណ្យ​សមុទ្រ នឹង​ជួយ​ផ្សព្វផ្សាយ​ឆ្នេរ​ស្អាត​របស់​កម្ពុជា

ភ្នំពេញៈ ពិធីបុណ្យ​សមុទ្រ ឆ្នាំ ២០១៧ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ខេត្ត​កែប នា​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ខាងមុខ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ចាត់​ទុក​ថា ជា​យុទ្ធនាការ​ដ៏សំខាន់ ក្នុងការ​ធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​នៅ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ហើយ​ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួត និង សម្តែង​នូវ​ប្រភេទ​កីឡា​ចំនួន ១០ ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី សម្រាប់​ជំរុញ​ទិសដៅ​នេះ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន NOCC បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា យើង​ធ្វើ​បុណ្យ​សមុទ្រ​ជា​រៀងរាល់​ឆ្នាំ ដោយសារ​យើង​ជា​សមាជិក​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​នៅ​លើ​សកលលោក ហើយ​ការ​វិល​មក​ធ្វើ​នៅ​ខេត្ត​កែប​លើក​នេះ ក្រោម​ប្រធានបទ «ឆ្នេរ​សមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន និង​ក្រោម​ពាក្យ​ស្លោក និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ»។

ជាមួយនឹង​ការ​រៀបចំ​ឲ្យ​មាន​នូវ​ពិធីបុណ្យ​សមុទ្រ​នេះ រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​ធ្វើ​ផ្លាស់​វេន​គ្នា​រវាង​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​កំពត និង​ខេត្ត​កែប ហើយ​នេះ​ជា​លើក​ទី ២ ហើយ ដែល​បុណ្យ​សមុទ្រ ត្រូវ​ធ្វើ​នៅ​ខេត្ត​កែប ព្រោះ ខេត្ត​នេះ​ធ្លាប់​ធ្វើ​ម្តង កាល​ឆ្នាំ ២០១៣។

លោក ថោង ខុន បញ្ជាក់​ថា៖ «អនាគត គឺ​បច្ចុប្បន្ន មានន័យ​ថា អ្វីៗ​ទាំងអស់ ត្រូវ​ចាប់ផ្តើម​ពី​បច្ចុប្បន្ន​នេះ​ទៅ ពិសេស​សុខសន្តិភាព គឺ​ត្រូវ​ខិតខំ​ពង្រឹង​ឲ្យ​បាន ព្រោះ​អ្វីៗ​ដែល​យើង​ធ្វើ គឺ​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ អ៊ីចឹង​នៅ​សមុទ្រ​នេះ ទាល់​តែ​មាន​ការ​រួម​គិត រួម​ធ្វើ រួម​ទទួល​ខុសត្រូវ គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រក្សា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ គឺ​បញ្ហា​នេះ​សំខាន់​ណាស់ មិន​អាច​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​ក្រៅ​ឆាក បាន​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «តាមរយៈ​ព្រឹត្តិការណ៍​នេះ ជា​ឱកាស​មួយ​ក្នុង​ការ​ពង្រីក​ការ​អភិវឌ្ឍ​រចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​តំបន់​ឆ្នេរ និង​ជា ឱកាស​មួយ​ក្នុងការ​អប់រំ​ប្រជាពលរដ្ឋ​យើង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​យល់​ដឹង​ពី​បញ្ហា​ថែរក្សា និង​ការពារ​ធនធាន​សមុទ្រ​របស់​យើង ដើម្បី​ទាក់​ទាញ​ទេសចរ ហើយ​វា​ក៏ជា​ឱកាស​ក្នុងការ​ពង្រឹង​គុណភាព​សេវាកម្ម​នៅ​តំបន់​សមុទ្រ និង​គោលដៅ​ទេសចរ​ទាំងអស់ គឺ​សេវាកម្ម​ទាំង​អស់ ត្រូវ​ប្រកប​ដោយ​គុណភាព»។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេវាកម្ម​របស់​យើង ប្រកប​ដោយ​គុណភាព និង​ចាប់ផ្តើម​ប្រឡង​ប្រណាំង​ឲ្យ​បាន​ល្អ ហើយ​បុណ្យ​សមុទ្រ​នេះ គឺ​ខ្ញុំ​នឹង​ឲ្យ​គ្រប់​ភោជនីយដ្ឋាន​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​បោះ​ចោល​ក្រដាស​នៅ​ក្រោម​តុ ព្រោះ​នេះ​ជា​យុទ្ធនាការ​ដ៏ល្អ និង​សុំ​ឲ្យ​មាន​ការ​ចូលរួម ដោយ​ប្រើ​កន្សែង​ត្រជាក់​ជំនួស​ក្រដាស​វិញ។ យើង​ចង់​ផ្តើម​ពី​ខេត្ត​កែប​នេះ ជា​គំរូ​ទូទាំង​ប្រទេស គឺ​សុំ​ឲ្យ​ប្រទេស​យើង​ស្អាត និង​បៃតង ដោយ​យើង​ឈប់​ប្រើ​ក្រដាស​នៅ​លើ​តុ»។

ជាមួយ​ទិសដៅ​នេះ NOCC និង​ក្រសួង​ទេសចរណ៍ ក៏បាន​ដាក់​ឲ្យ​មាន​ការ​ប្រកួត និង​សម្តែង លើ​ប្រភេទ​កីឡា​រត់​ប្រណាំង​កម្សាន្ត ៣-៤ គ.ម ទូកក្តោង ទ្រីយ៉ាត្លុង បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កីឡា​រាំ​អន្តរជាតិ ស្គី​ទឹកកក ប្រណាំង​កង់ ៤១ គីឡូម៉ែត្រ ប្រដាល់​យុទ្ធគុន​ចម្រុះ (MMA) ចំបាប់​ឆ្នេរ ខ្សាច់ និង​កីឡា​ថាស​ហោះ ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ កាន់​តែ​មាន​ភាព​ទាក់ទាញ។

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ប្រាប់​ថា៖ «ការដាក់​ឲ្យ​មាន​ការ​ប្រកួត និង​សម្តែង​កីឡា ក្នុង​ពិធីបុណ្យ សមុទ្រ​នេះ គឺ​វា​មាន​សារៈ​សំខាន់ ណាស់ ក្នុងការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​តំបន់​ឆ្នេរ​សមុទ្រ នៅ​កម្ពុជា ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ព្រោះ​កីឡា​កម្សាន្ត​បែប​ទេសចរណ៍ វាជា​ផលិតផល​ទេសចរណ៍​ថ្មី នៅ​ក្នុង​ពិភពលោក ដែល​ស្ថិត​នៅ​ក្នុង គំនិត ច្នៃ​ប្រឌិត​ថ្មី»។

លោក​បញ្ជាក់​ថា៖ «កីឡា កម្សាន្ត​បែប​ទេសចរណ៍ គេ​លេង​នៅ​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​កីឡា ព្រោះ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ អ្នកណា​ក៏គេ​ចង់​លេង​កីឡា​ដែរ អ៊ីចឹង​ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​នេះ គឺជា​រសជាតិ​ថ្មី ដែល​អ្នក​ទេសចរ​ចង់​បាន ហើយ​ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​កីឡា ក្នុង​ពិធី​បុណ្យ​សមុទ្រ​កន្លង​មក បាន​ស្រូប​យក​មហាជន​ឲ្យ​ចូលរួម​ផង បង្កើត​ភាព​សប្បាយ​តាមរយៈ​ការ​ប្រកួត​ផង និង​ធ្វើ​ឲ្យ​ពិធី​នេះ​កាន់​តែ​គគ្រឹក​គគ្រេង​ផង»។

គួរ​បញ្ជាក់ថា សម្រាប់​ពិធីបុណ្យ​សមុទ្រ​កន្លង​មក NOCC និង​ក្រសួង​ទេសចរណ៍ តែង​តែ​ដាក់​បញ្ចូល​ឲ្យ​មាន​ការ​ប្រកួត និង​សម្តែង​កីឡា ដែល​មាន​ប្រជាប្រិយ មិន​ដែល​ខាន​ឡើយ ហើយ​ការ​ប្រកួត​កីឡា​ទាំង​នោះ តែង​តែ​ទទួល​បាន ការគាំទ្រ​ខ្លាំង​ពី​មហាជន និង​ភ្ញៀវទេសចរ។

ដោយឡែក លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារលិខិត​មួយ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​សមុទ្រ នៅ​ខេត្ត​កែប ខាង​មុខ​នេះ ហើយ​ក្នុង​សារ​លិខិត​នេះ លោក បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បងប្អួន​ជន​រួមជាតិ​ទាំងអស់ និង​វិស័យ​ឯកជន ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ធ្វើ​ឲ្យ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ​ប្រកប​ដោយ​ជោគជ័យ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្វ​ពិធីបុណ្យ​សមុទ្រ នឹង​ជា​កាលានុ​វត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ដែល​ជា​កត្តា​ចូលរួម​ចំណែក​ក្នុងការ​បង្កើន​ការងារ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ការពារ​បរិស្ថាន​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ឆ្នេរ ពិសេស​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ របស់​អង្គការ​សហប្រជាជាតិ ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ មាតុភូមិ សាមគ្គីភាព និង​មិត្តភាព​ផងដែរ»៕

0

Comments

Please, login or register to post a comment