ភ្នំពេញៈ ក្រុម​កីឡា​ប៉េតង់ វ៉ូវីណាម និង​កាយ​សម្ព័ន្ធ សុទ្ធ​តែ​បាន​បង្កើត​កំណត់ត្រា​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៧ ព្រោះ​ប្រភេទ​កីឡា​ទាំង ៣ នេះ សុទ្ធ​តែ​ដណ្តើម​បាន​មេដាយ​មាស​កម្រិត​ពិភពលោក ខណៈ​កីឡា​គុន​ខ្មែរ បាន​ឈ្នះ​មេដាយ​មាស នៅ​ស៊ីហ្គេម ជា​ប្រវត្តិសាស្ត្រ ហើយ​តេ​ក្វាន់ដូ WTF បាន​វិល​មក​រក​ការ​ឈ្នះ​បាន​មេដាយ​មាស​ជាថ្មី ក្នុង​ស៊ីហ្គេម នោះ​ដែរ ស្រប​ពេល​កម្ពុជា ឈ្នះ​បាន​មេដាយ​មាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ១២។

កីឡា​ប៉េតង់ នៅតែ​លេច​ធ្លោ ខ្លាំង​លើ​ការ​ឈ្នះ​មេដាយមាស

ក្រុម​អត្តពលិក​កីឡា​ប៉េតង់ នៅ​តែ​បង្ហាញ​ពី​ស្នាដៃ​យ៉ាង​មាន​មោទនភាព​ជូន​ជាតិ ជាង​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត ព្រោះ​នៅ​ឆ្នាំ ២០១៧ ក្រុម​ប៉េតង់ បាន​ឈ្នះ​មេដាយមាស​ទាំង​កម្រិត​ពិភពលោក កម្រិត​អាស៊ី និង​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី។

តាមរយៈ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​ចំនួន ២ លើក ដែល​ធ្វើ​ក្នុង​ឆ្នាំ ២០១៧ វីរនារី កែ ឡេង បាន​ឈ្នះ​មេដាយ​មាស ជើងឯក​ពិភពលោក នៅ​ប្រទេស​ចិន ខណៈ​កីឡាការិនី ស្រ៊ាង សុរ៉ាឃីម បាន​មេដាយ​សំរឹទ្ធ ហើយ​វា​ក៏ជា​ពេល​ដែល អ្នកស្រី បាន​បំបែក​កំណត់ត្រា​ពិសេស​មួយ គឺការ​ឈ្នះ​បាន​មេដាយ​មាស ៣ ជំនាន់​ជាប់ៗ​គ្នា លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ កម្រិត​ពិភពលោក ផងដែរ។

ចំណែក​វីរនារី អ៊ុក ស្រីមុំ បាន​ឈ្នះ​មេដាយមាស​ពិភពលោក នៅ​ប្រទេស​បែលហ្សិក លើ​វិញ្ញាសា ១ ទល់ ១ នាក់ ខណៈ​កីឡាករ ញ៉ែម បូរ៉ា និង ស្រ៊ាង សុរ៉ាឃីម ឈ្នះ​មេដាយ​ប្រាក់ ១ លើ​ការ​ប្រកួត​ជាគូ។

ចំណែក​ការ​ប្រកួត​ជើងឯក​អាស៊ី នៅ​ថៃ​ក្រុម​ប៉េតង់​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស ៣ លើ​វិញ្ញាសា​ជា​ក្រុម​បុរស ក្រុម​យុវជន និង​វាយ​យក​ពិន្ទុ​យុវជន​របស់ ឃួន លីហ័រ រួមទាំង​មេដាយ​សំរឹទ្ធ ២ ទៀត។

ចំពោះ​ការ​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី ឆ្នាំ ២០១៧ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បាន រួមគ្នា​ឈ្នះ​មេដាយ​មាស លើ​ការ​វាយ​គូ​នារី​ឲ្យ​កម្ពុជា បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ​ចំនួន ៣ ផ្សេង​ទៀត លើ​ប្រភេទ​កីឡា​ប៉េតង់​នេះ។

ក្រុម​វ៉ូវីណាម ទទួលបាន​ប្រាក់រង្វាន់​ចូល ១ លាន​ដុល្លារ

យ៉ាងណាមិញ ក្រុម​កីឡា​វ៉ូវីណាម​កម្ពុជា ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត ក្នុង​ឆ្នាំ ២០១៧ ដោយ​ដណ្តើម​បាន​មេដាយ​មាស ៤ ប្រាក់ ៩ និង​សំរឹទ្ធ ៨ ពី​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើងឯក​ពិភពលោក នៅ​ឥណ្ឌា ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​នេះ បាន​រង្វាន់​ពី​រាជរដ្ឋាភិបាល​ច្រើន​ជាង​គេ ក្នុង​ឆ្នាំ ២០១៧ គឺ​រហូត​ដល់ ១ លាន​ដុល្លារ។

កីឡា​កាយ​វប្បកម្ម​កម្ពុជា ឈ្នះ​មេដាយមាស​ពិភពលោក ជា​ប្រវត្តិសាស្ត្រ លើក​ទី ១

ដោយ​ឡែក ក្រុម​លេង​សាច់ដុំ​នៃ​ប្រភេទ​កីឡា​កាយ​វប្បកម្ម គឺ​បាន​បង្កើត​ស្នាដៃ​ដ៏ធំ​របស់​ខ្លួន ក្នុង​ឆ្នាំ ២០១៧ ដោយ​ពួកគេ​បាន​ឈ្នះ​មេដាយ​មាស​ពីការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ម៉ុងហ្គាលី ជា​លើក​ដំបូង ក្រោយ​តស៊ូ​លើ​វិថី​មួយ​នេះ​អស់​រយៈពេល​ជាង ១០ ឆ្នាំ ក្នុង​នោះ​កីឡាករ សំបូរ ណាន ឈ្នះ​បាន​មេដាយ​មាស កីឡាករ តឹក ប៊ុនរី បាន​ឈ្នះ​មេដាយ​ប្រាក់ ហើយ​កីឡាករ ណុំ សុបិន្ត ឈ្នះ​បាន​មេដាយ​សំរឹទ្ធ។

ក្រុម​វ៉ូវីណាម ពេល​ទៅ​ទទួល​រង្វាន់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​​។ ស្រេង ម៉េងស្រ៊ុន

២.កីឡា​តេ​ក្វាន់​ដូ នៅ​តែ​មាន​សក្តានុពល ឈ្នះ​បាន​មេដាយ

ក្រុម​កីឡា​តេក្វាន់ដូ (WTF) នៅ​តែ​បន្ត​សាង​បាន​ស្នាដៃ​ល្អ​លើ​ឆាក​អន្តរជាតិ ដោយ​ក្នុង​នោះ​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី និង​ជា​អ្នក​ឈ្នះ​កៅអី​ទៅ​ប្រកួត​អូឡាំពិក​ដោយ​ពេញ​សិទ្ធិ ស៊ន សៀវម៉ី បាន​ឈ្នះ​មេដាយ​មាស ការ​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ ២ ផ្សេង​ទៀត។

លើស​ពីនេះ ខេមរៈ​សហព័ន្ធ​កីឡា​តេក្វាន់ដូ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​កម្រិត​អាស៊ី Asia Kukkiwon Taewondo Hanmadang ជា​លើក​ដំបូង នៅ​ប្រទេស​កម្ពុជា ដោយ​ឈ្នះ​បាន​មេដាយ​សរុប​រហូតដល់ ១៣៥ គ្រឿង ក្នុង​នោះ​មាន​មាស ៣៦ ប្រាក់ ៣៥ និង​មេដាយ​សំរឹទ្ធ ៦៤ ដើម្បី​ឈរ​នៅ​លេខ ១ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ចំនួន ៧។

កីឡា​គុន​ខ្មែរ ឈ្នះ​មេដាយមាស នៅ​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ

សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​ចាត់​ទុក ២០១៧ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ ដែល​សហព័ន្ធ​នេះ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC ដាក់​ឲ្យ​ប្រភេទ​កីឡា​គុន​ខ្មែរ ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី ហើយ​ជា​លទ្ធផល ឃីម ឌីម៉ា បាន​ឈ្នះ​មេដាយ​មាស ម៉ឺន សុភា បាន​ឈ្នះ​មេដាយ​ប្រាក់ ហើយ កីឡាករ ឡៅ ចន្ទ្រា និង វ៉ាន វឿន បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ដូចគ្នា។

ការ​ឈ្នះ​មេដាយ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រភេទ​កីឡា​គុនខ្មែរ នៅ​ស៊ីហ្គេម​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រដាល់​នៅ​តាម​ប៉ុស្តិ៍​ផ្សេងៗ​នៅ​កម្ពុជា កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ហើយ​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ធំ​ចំនួន ២ គឺ​ការ​ប្រកួត Khmer Thai Fighter និង​ការ​ប្រកួត​គុនខ្មែរ​អន្តរជាតិ ក៏ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន ជា​លើក​ដំបូង នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៧ ដែរ រួម​ជាមួយ​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ បែប​ឯកជន ជា​ច្រើន​ទៀត។

ផ្ទុយ​ពីនេះ​កីឡា​បាល់ទាត់ ដែល​ធ្លាប់​មាន​អ្នក​គាំទ្រ​ខ្លាំង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ប្រជា​ប្រិយភាព នៅ​ឆ្នាំ ២០១៧ ហើយ​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​អ្នកទស្សនា​នេះ មក​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ជួប​ការ​បរាជ័យ​ច្រើន​ពេក ពិសេស​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី គឺ​ក្រុម​កម្ពុជា ចាញ់​ទាំង ៥ ប្រកួត។

យ៉ាងណា​ក៏ដោយ ក្នុង​ឆ្នាំ ២០១៧ សហព័ន្ធ​កីឡា​បាល់​កម្ពុជា បាន​បង្កើត​សាលា​ទម្រង់​ទិស​បាល់ទាត់ ២៥ ខេត្ត-ក្រុង ដើម្បី​តម្រង់​ទិស​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា៕