ក្រុងសេអ៊ូល: ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​អនុម័ត​គម្រោង​ថវិកា​ចំនួន ២,៦ លាន​ដុល្លារ​អាមេរិក ដើម្បី​រ៉ាប់រង​ទៅ​លើ​ការ​ចំណាយ​ផ្សេង​ទៀត​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​អត្តពលិក​កូរ៉េខាងជើង ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា ទីក្រុង Pyeongchang ក្រោយ​ពី​មេ​ដឹកនាំ​កូរ៉េខាងជើង កោត​សរសើរ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​របស់​កូរ៉េខាងត្បូង។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល។

គម្រោង​សាច់ប្រាក់​ចំនួន ២,៨៦ ពាន់​លាន​វ៉ុន​នេះ នឹងត្រូវ​រ៉ាប់រង​ទៅ​លើ​ការ​ដឹក​ជញ្ជូន សណ្ឋាគារ អាហារ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​សម្រាប់​អត្តពលិក​ចំនួន ២២៩ នាក់ ក្រុម​បង្ហាញ​ក្បាច់​តេក្វាន់ដូ ១ ក្រុម និង​អ្នក​សម្តែង​សិល្បៈ ១៤០ នាក់។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​បង្រួប​បង្រួម​ជាតិ​របស់​កូរ៉េខាងត្បូង។

មន្ត្រី​ក្រួសួង​បាន​ឲ្យ​ដឹង​ថា សាច់​ប្រាក់​សម្រាប់​អត្តពលិក​កូរ៉េខាងជើង ២២ នាក់​ដែល​ចូលរួម​ក្នុង​អូឡាំពិក​រដូវរងា នឹង​ត្រូវ​រ៉ាប់​រង​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ។

ទីក្រុង​សេអ៊ូល មានការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ក្នុងការ​ធានា​ឲ្យ​បាន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​កូរ៉េខាងជើង មិន​នាំ​ឲ្យ​មានការ​ប្រព្រឹត្ត​ល្មើស​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជាច្រើន​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ពួកគេ។ ទឹក​ប្រាក់​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ប្រគល់​ដោយ​ផ្ទាល់​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ដោយ​ធ្វើ​តាមរយៈ​មន្ត្រី​របស់​កូរ៉េខាងជើង​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​បង្រួប​បង្រួម​ជាតិ​លោក Cho Myounggyon ប្រធាន​ក្រុម​ប្រឹក្សា​ផ្សព្វ​ផ្សាយ​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​ផ្លាស់ប្តូរ​គ្នា​រវាង​កូរ៉េខាងត្បូង និង​ខាងជើង​របស់​ក្រសួង​នេះ ដែល​បាន​ផ្តល់​មូលនិធិ​ទាំង​នេះ បាន​គូស​បញ្ជាក់​ថា វត្តមាន​របស់​កូរ៉េខាងជើង ក្នុង​ទីក្រុង Pyeongchang កំពុង​តែ​បង្កើត​ឲ្យ​មាន «កម្លាំង​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​អន្តរ​កូរ៉េ​កាន់​តែ​ល្អ​ប្រសើរ និង​បង្កើន​សុខ​សន្តិភាព​នៅ​ក្នុងឧបទ្វីប​កូរ៉េ»៕