ភ្នំពេញ: ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាម​លក្ខណៈ​អន្តរជាតិ​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ នឹង​ឈាន​ចូល​សប្តាហ៍​ទី ៣ ជុំ​ទី ២ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ខណៈ ២ សប្តាហ៍​កន្លង​មក កីឡាករ​កម្ពុជា​ចាញ់​ប្រៀប​កីឡាករ​ថៃ ដោយ​ក្នុង​ចំណោម ៤ គូ ថៃ​ឈ្នះ ៣ គូ ខ្មែ​ឈ្នះ​តែ ១ គូ​បុណ្ណោះ។

សប្តាហ៍​នេះ​វ៉េង សុភ័ក្ត្រ ត្រូវ​ប៉ះ​ថៃ Den Phic-hhith ហើយ​ឌុម កែវដា ត្រូវ​ជួប​ជាមួយ​ជើង​ខ្លាំង​ថៃ​កីឡាករ Loom Leng ដែល​គេ​មើល​ឃើញ​ថា ជា​ការ​ប្រកួត​មួយ​ដ៏​តឹង​តែង និង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កីឡាករ​ថៃ​ក្នុងអំឡុង​ប្រកួត​ខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាម​លើក​នេះ សុទ្ធ​តែ​មាន​សមត្ថភាព​ល្អ​បច្ចេកទេស​និង​កម្លាំង​រឹងមាំ ដែល​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​លំបាក​ស្វែងរក​ជ័យជម្នះ​បាន ៣ ពិន្ទុ​ណាស់។ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ចំនួន ៤ នាក់ មាន​តែ​ផាន់ គ្រាន់ ម្នាក់​គត់​ឈ្នះ​បាន ៣ ពិន្ទុ ខណៈ​កីឡាករ​កម្ពុជា ៣ នាក់​ទៀត មាន ឌុម កែវដា, មាស ច័ន្ទមាន និង​វ៉េង សុភ័ក្ត្រ សុទ្ធ​តែ​ចាញ់​ថៃ​ទាំង​អស់ មាន​តែ ១ ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ។

តាម​ប្រវត្តិ​ប្រកួត​កន្លងមក​រវាង​ឌុម កែវ​ដា ជាមួយ​ជើង​ខ្លាំង​ថៃ Loom Leng ធ្លាប់​ប៉ះគ្នា​ចំនួន ៣ លើក​ក្នុង​នោះ Loom Leng ធ្លាប់​ផ្តួល​ឌុម កែវដា ឲ្យ​សន្លប់ ក្នុង​ទឹក​ទី ២ មួយ​លើក ប៉ុន្តែ​ឌុម កែវដា ធ្លាប់​សង​សឹក​ឈ្នះ​វិញ​ចំនួន ២ លើក ប៉ុន្តែ Loom Leng ជា​ម្ចាស់​ខ្សែក្រវាត់ ១ ប្រចាំ​អាស៊ី​អាគ្នេយ៍​នេះ​តែម្តង។ ហេតុ​នេះ ការ​ប្រកួត​លើក​នេះ គឺជា​ការ​ជួប​គ្នា​ជា​លើក​ទី ៤។

ឌុ​ម កែវ​ដា មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ ហ្វឹកហាត់ និង​ត្រៀម​ប្រកួត​បាន​ល្អ តាំង​ចិត្ត​ប្រកួត​ខ្ពស់ ប៉ុន្តែ​មិន​ហ៊ាន​អះអាង​ថា អាច​បន្ត​ឈ្នះ​ទៅ​លើ​កីឡាករ​ថៃ Loom Leng នោះទេ​ពីព្រោះ​ហាក់បី​ដូច​ខ្លាច​ញ​ញើត​ដៃគូ។

កីឡាករ​រូបនេះ​បាន​និយាយ​ថា៖ «កីឡាករ​ថៃ Loom Leng រឹងមាំ​មិន​ងាយ​ផ្តួល​បាន​ទេ ហើយ​ខ្ញុំ​ប្រឹង​ប្រកួត​អស់​ពី​លទ្ធភាព​ក៏​មិន​អាច​ផ្តួល​គេ​ឲ្យ​សន្លប់​បាន​ឡើយ គឺ​យ៉ាង​ច្រើន​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។

កែវ​ដា បាន​បន្ថែម​ថា៖ «ក្នុងការ​ប្រកួត​លើក​នេះ ខ្ញុំ​មាន​ទំនុក​ចិត្ត​ត្រឹម ៦០ ភាគរយ​ប៉ុណ្ណោះ ព្រម​ទាំង​មាន​ក្តីបារម្ភ​ផង ពី​ព្រោះ កីឡាករ​ថៃ Loom Leng ជា​ម្ចាស់​ខ្សែក្រវាត់​ម្នាក់​នៅ​អាស៊ី​អាគ្នេយ៍​នេះ ហើយ​កីឡាករ​កម្ពុជា​មួយ​ចំនួន​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ចាញ់»។

លោក​ឈិន ក្វាន់​ចៃ គ្រូបង្វឹក បាន​និយាយ​ថា៖ «ឌុ​ម កែវដា មាន​តែ​ស្នៀត​កែង និង​ជង្គង់​ប៉ុណ្ណោះ ដែល​អាច​យក​ឈ្នះ​កីឡាករ​ថៃ Loom Leng បាន ក្រៅ​ពី​នេះ Loom Leng មាន​ស្នៀត​ទាត់​ល្អ វាយ​ឆ្ងាយ​ល្អ និង​ឱប​ឡើង​ជង្គង់​ក៏​ល្អ​ជាង​ផង​ដែរ។ ប៉ុន្តែ កែវ​ដា អាច​នឹង​ឈ្នះ​ដោយ​ប្រើ​ប្រាស់​កែង»។

វ៉េង សុភ័ក្ត្រ មកពី​ក្លិប​កងទ័ព​ឆ័ត្រ​យោង ៩១១ ត្រូវ​ប៉ះ​ជាមួយ​ថៃ Den Phichhith ខណៈ​ដែល​កីឡាករ​ថៃ​រូប​នេះ កាល​ពី​ជុំ​ទី ១ បាន​ប្រកួត​ឈ្នះ​ឌុម កែវដា ដោយ​ពិន្ទុ។

រវាង​វ៉េង សុភ័ក្ត្រ និង Den Phichhith មិន​ធ្លាប់​ជួប​ប្រ-កួត​គ្នា​ទេ ប៉ុន្តែ​សមត្ថភាព និង​វិជ្ជា​គុន​វិញ​ល្អ​ម្យ៉ាង​ម្នាក់ ហើយ​ទឹកចិត្ត​ប្រកួត​ខ្លាំង​មោះ​មុត​ដូច​គ្នា។ លោក​ហង្ស សឿន គ្រូបង្វឹក​របស់ វ៉េង សុភ័ក្ត្រ មិន​ហ៊ាន​ទស្សន៍​ទាយ​ឬ ព្យាករ​លទ្ធផល​មុន​ប្រកួត​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​តិចតួច​ទេ ពីព្រោះ​កីឡាករ​ថៃ​គេ​ល្អ​ដែរ»។

ទោះ​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា៖ «ការ​ប្រកួត​រឿង​ចាញ់ ឬ​ឈ្នះ​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​កូន​សិស្ស​ខ្ញុំ​ទាំង​អស់​ដែល​ឡើង​ប្រកួត​ធានា​ថា វាយ​អស់​ពី​សមត្ថភាព​គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ វាយ​មិន​អស់​ពី​សមត្ថភាព​នោះ​ឡើយ។

វ៉េង សុភ័ក្ត្រ ជា​កីឡាករ​វ័យក្មេង ទឹកចិត្ត​ប្រកួត​ខ្លាំង វាយ​មិនចេះ​ដកថយ ដោយ​កាល​ពី​ជុំ​ទី ១ គេ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Loom Leng ក្រោម​ពាក្យ​រិះគន់​ថា កាត់ក្តី​អយុត្តិធម៌​នាំ​ឲ្យ​រូបគេ​មាន​តែ ១ ពិន្ទុ៕