Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កែវ​ សុខផេង បញ្ចេញ​ប្រតិកម្ម ក្រោយ​ចាញ់​ក្រុម​វៀតណាម ៥-០

Content image - Phnom Penh Post
កែវ សុខផេង របស់​កម្ពុជា បាន​ស៊ុត​បាល់​កាត់​មុខ​កីឡាករ​វៀតណាម ក្នុងការ​ប្រកួត​ជើង​ទី ១។ ស្រេង ម៉េងស្រ៊ុន

កែវ​ សុខផេង បញ្ចេញ​ប្រតិកម្ម ក្រោយ​ចាញ់​ក្រុម​វៀតណាម ៥-០

ភ្នំពេញៈ ខ្សែប្រយុទ្ធ​ដ៏មាន​ប្រជាប្រិយ​មក​ពី​ក្លិប​ភ្នំពេញក្រោន កែវ សុខផេង បាន​បញ្ចេញ​ប្រតិកម្ម​ជាមួយ​សារ​ដ៏គួរ​ចាប់អារម្មណ៍​មួយ ដែល​ហាក់​បង្ហាញ​ឲ្យ​ឃើញ​ពីការ​មិន​ពេញចិត្ត​ទៅ​លើ​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បន្ទាប់​ពី​ក្រុម​មួយ​នេះ បាន​បន្ត​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម រហូតដល់ ៥-០ ក្នុងការ​ប្រកួត​ជម្រុះ​ជើង​ទី ២ ប្រចាំ​ពូល C នៃ​ពានរង្វាន់ AFC Asian Cup 2019 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​យប់​ថ្ងៃ​អង្គារ។

អមដោយ​រូបថត​របស់​ខ្លួន​មួយ​សន្លឹក កែវ សុខផេង បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន បន្ទាប់​ពី​រូបគេ និង​ក្រុម​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​ថា៖ «លេង ១០ ឆ្នាំ​ទៀត ក៏​នៅ​តែ​មិន​ឈ្នះ​អាណា​ដែរ បើ​នៅ​តែ​ហួសចិត្ត​នៅ​ពេល​ដឹង អ្នកខំ​នៅ​តែខំ»។

ជាមួយ​សារ​បែប​បង្កប់ន័យ មួយ​ឃ្លា​នេះ ត្រូវ​បាន​គេ​ឃើញ​ពី​ភាព​អាក់អន់​ស្រពន់​ចិត្ត​របស់ កែវ សុខផេង ទៅ​លើ​មិត្ត​រួម​ក្រុម​មួយ​ចំនួន ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មិនសូវ​យកចិត្ត​ទុកដាក់​លេង ទើប​បង្កើត​ឲ្យ​មាន​ចន្លោះ​ប្រហោង នាំ​ឲ្យ​ក្រុម​កម្ពុជា ចាញ់​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ៥-០ បន្ថែម​ទៅ​លើ​ការ​ចាញ់ ២-១ ក្នុងការ​ប្រកួត​នៅ​លើ​ទឹកដី​ខ្លួនឯង កាល​ពីថ្ងៃ​ទី ៥ ខែ​កញ្ញា។ ប៉ុន្តែ​ដោយសារ​មាន​ប្រតិកម្ម​តប​ខ្លាំង​ជាមួយ​សារ​នេះ បាន​ធ្វើ​ឲ្យ កែវ សុខផេង សម្រេច​លប់​វា​ចោល​វិញ បន្ទាប់​ពី​រូបគេ​បង្ហោះ​បាន​ជាង ១ ម៉ោង។

សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន My Dinh National Stadium ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្រោម​តំណក់​ទឹកភ្លៀង កាល​ពី​យប់​ថ្ងៃ​អង្គារ​នោះ ក្រុម​ម្ចាស់ផ្ទះ​វៀតណាម បាន​ធ្វើការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​កម្ពុជា ជា​បន្តបន្ទាប់ ខណៈ​ការព្យាយាម​វាយបក​របស់​កម្ពុជា បាន​ជាប់គាំង​នៅ​ត្រឹម​តំបន់​ការពារ​របស់​ពួកគេ​នោះ។

បើទោះ​បី​ជា បញ្ហា​ទីលាន​មាន​ទឹក និង​មាន​ភ្លៀង ធ្វើ​ឲ្យ​ពួកគេ​រក​បាន​ត្រឹម ១ គ្រាប់ នៅ​ក្នុង​តង់​ទី ១ ដែល​រក​បាន​ដោយ​កីឡាករ Dinh Thanh Trung នៅ​នាទី​ទី ១៣ ប៉ុន្តែ​សម្រាប់​ការប្រកួត​នៅ​តង់ទី ២ ក្រុម​វៀតណាម បាន​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​កម្ពុជា បាន ៤ គ្រាប់​ទៀត ដែល​រក​បាន​ដោយ Nguyen Van Quyet នៅ​នាទី​ទី ៥៦ Nguyen Anh Duc នាទី​ទី ៦០ Nguyen Cong Phuong នាទី​ទី ៧៦ និង Mac Hong Quan នៅ​នាទី​ទី​បន្ថែម ៩០+២។

ចំណែក​ក្រុម​ហ្ស៊កដានី បាន​វាយ​បក​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​អាហ្វហ្គានីស្ថាន ៣-៣ នៅ​នាទី​ទី ៨៦ កាល​ពី​ថ្ងៃ​អង្គារ​នោះ​ដែរ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​ប្រចាំ​ពូល C នេះ បើ​ទោះបី​ជា​ពួកគេ​មាន ៨ ពិន្ទុ ស្មើ​ក្រុម​វៀតណាម ក៏ដោយ ព្រោះ​ហ្ស៊កដានី មាន​គ្រាប់បាល់​ចំណេញ​ច្រើន​ជាង​វៀតណាម ចំនួន ៤ គ្រាប់។ រីឯ​ក្រុម​កម្ពុជា បន្ត​ឈរ​នៅ​លេខ​រៀង​ទី ៣ ដោយ​មាន ៣ ពិន្ទុ ខណៈ​ក្រុម​អាហ្វហ្គានីស្ថាន មាន២ ពិន្ទុ។

ការចាញ់​ក្រុម​វៀតណាម ៥-០ នៅ​ក្រៅ​ទឹកដី​នេះ ក៏​បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​លីក​កំពូល​កម្ពុជា មួយ​ចំនួន រិះគន់​ទៅ​ដល់ការ​ដឹកនាំ​របស់​គ្រូបង្គោល​លោក Leonardo Vitorino ផងដែរ ព្រោះ​ក្រោមការ​ដឹកនាំ​របស់​គ្រូបង្វឹក​រូបនេះ ក្រុម​កម្ពុជា បាន​ចាញ់​ជាប់ៗគ្នា ក្នុងការ​ប្រកួត​ផ្លូវការ។

យ៉ាងណា​ក៏ដោយ លោក Leonardo បាន​និយាយ​ក្នុង​សន្និសីទ​កាសែត ក្រោយ​ការប្រកួត​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ពីភាព​ខុសគ្នា​រវាង​កម្រិត​បាល់ទាត់​នៃ​ប្រទេស​ទាំងពីរ ហើយ បន្ទាប់​ពីការ​ប្រកួត​នេះ​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​កីឡាករ​របស់​ខ្ញុំ​ពី​ភាព​ខ្សោយ​ផ្នែក​កាយសម្បទា និង​សហព័ន្ធ លើការ​ហ្វឹកហាត់​កីឡាករ និង​គុណភាព​លីក​ម្តង​ទៀត»៕

0

Comments

Please, login or register to post a comment