ភ្នំពេញៈ ការប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក TV5 Boxing Knock-Out Series វគ្គ​ទី ១ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ នឹង​ចាប់​ការ​ប្រកួត​ជម្រុះ​រវាង​អ្នក​ឈ្នះ​ទាំង ១៦ នាក់ នៅ​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ហើយ​អ្នក​ទាំង​នេះ​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​ជុំ​ទី ១ ដែល​មាន​កីឡាករ​ចំនួន ៣២ នាក់។

ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង ៣២ នាក់ ទម្ងន់ ៥៧ គ.ក្រ​ដូចគ្នា​នោះ រូបមន្ត​ប្រកួត​របស់​សង្វៀន​នេះ មិន​គិត​តាម​កម្រិត​សមត្ថភាព​របស់​កីឡាករ​ចាស់ ថ្មី ខ្លាំង ឬ​ខ្សោយ​នោះ​ទេ ដោយ​កីឡាករ​ទាំង​អស់​អាច​មក​ប្រកួត​គ្នា​បាន​ទាំង​អស់។

ការអនុវត្ត​រូបមន្ត​ខុសគ្នា​បែប​នេះ​ហើយ បានជា​អ្នកខ្លាំង​ឈ្នះ​កីឡាករ​ខ្សោយៗ ឬ​ជើង​ថ្មីថ្មោង​យ៉ាង​ងាយ ដែល​នាំ​ឲ្យ​ការ​ប្រកួត​បាន​ក្លាយ​ទៅ​ជា​ខ្សត់​អ្នក​ទស្សនា​ជាង​នៅ​សង្វៀន​ដទៃ។សម្រាប់​ជុំ​ទី ២ នេះ អ្នក​ខ្លាំង​ចំនួន ១៦ រូប នឹង​ត្រូវ​ជម្រុះ​យក ៨ រូប​ចេញ ហើយ​បន្ត​ទុក ៤ នាក់​ទៀត ទៅ​ប្រកួត​ជុំ​ទី ៣ មុន​នឹង​បន្ត​ទៀត​ឆ្ពោះ​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

សម្រាប់​ថ្ងៃ​សៅរ៍​នេះ ការ​ប្រកួត​ជម្រុះ​មាន​ចំនួន ២ គូ​នោះ​គឺ​កីឡាករ​ប្រដាល់ ម៉ន រដ្ឋា ក្លិប​មកពី​ក្លិប​ព្រែក​ឯង​កីឡា ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់ អ៊ឹង បូរ៉ា ក្លិប​មក​ពី​ក្លិប​កុល​បុត្រ​គុន​ខ្មែរ។ លីញ ភារម្យ ក្លិប​ភារម្យ​គុន​ខ្មែរ ត្រូវ​ជួប​អ្នក​ប្រដាល់​ធន់ មករា សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។ កីឡាករ​ទាំង ៤ រូបនេះ​អាច​ចាត់​ទុក​ថា​ជើង​ខ្លាំង​មាន​សមត្ថភាព​ដូចគ្នា បន្ទាប់​ពី​គេ​ឈ្នះ​អ្នក​ខ្សោយៗ​ជើង​ថ្មីៗ​កាល​ពី​ជុំ​ទី ១។

សម្រាប់​ការប្រកួត​ជុំ​ទី ១ កន្លងមក ម៉ន រដ្ឋា បានឈ្នះ​សំណាង សម្បត្តិ ក្លិប​កង​ចក្រ​រាជសីហ៍ នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៤ ខណៈ អ៊ឹង បូរ៉ា ឈ្នះ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​ដារិ​ទ្ធ​ពោធិ៍​សែនជ័យ​នៅ​ទឹក​ទី ១ ប៉ុណ្ណោះ ដោយ​ក្បាច់​ទាត់​ផ្កាប់​ចាន។ ទោះ​ជា​យ៉ាង​ណា បូរ៉ា មាន​ឈ្មោះ​ល្បី​ល្បាញ និង​មាន​បទ​ពិសោធ​ច្រើន​ជាង រដ្ឋា។

លោក ម៉ាង ម៉ន គ្រូបង្វឹក​និយាយថា៖ «ម៉ន រដ្ឋា ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ប៉ុន្តែ​វា​ពិតជា​លំបាក​ឈ្នះ អ៊ឹង បូរ៉ា មែន ពី​ព្រោះ​គេ​ល្អ​ជាង ជា​ជើង​ចាស់ ល្អ​ទាត់​ផ្នែក​លើ និង​ជង្គង់​ផង​ដែរ។ លោក​បន្ត​ថា៖ «ម៉ន រដ្ឋា ទោះបី​ចាញ់ ឬ​ឈ្នះ​គឺ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​ព្រោះ​យើង​ហ្វឹក​ហាត់ និង​ត្រៀម​ល្អ»។

ចំពោះ​ការជួបគ្នា​រវាង ជើង​លីញ ភារ​ម្យ និង ធន់ មករា ត្រូវគេ​មើល​ឃើញ​ថា ធន់ មករា មាន​ប្រៀប​ជាង​បន្តិច​ដោយ​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផង​ដែរ។ មករា ជា​អ្នក​ប្រដាល់​វ័យ​ក្មេង ដែល​មាន​កំណត់ត្រា​ប្រកួត​ល្អ​ប្រសើរ​ជាង។

កាល​ជុំទី ១ មករា បានឈ្នះ​អ្នក​ប្រដាល់​ចាស់​វស្សា លាភ សំណាង ក្លិប​កង​ពល​តូច​លេខ ៧០ នៅ​ទឹក​ទី ២។ រីឯ ភារម្យ ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ ដោយ​ក្នុង​ជុំ​ទី ១ គេ​បាន​យក​ឈ្នះ សេន កុសល ដោយ​ពិន្ទុ៕