Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ​បើក​នៅ CNC

Content image - Phnom Penh Post
សន្និសីទ​កាសែត ស្តី​ពីការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់​ដៃ​ដែក កាល​ពីថ្ងៃ​អាទិត្យ ម្សិល​មិញ​​។ ស្រេង ម៉េងស្រ៊ុន

កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ​បើក​នៅ CNC

ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ថ្មី​សន្លាង​មួយនេះ​ឈ្មោះ​ថា «កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM» បាន​លេច​ចេញ​រូបរាង និង​បាន​បើកឲ្យ​មានការ​ប្រកួត​នៅ​សង្វៀន CNC កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ ប៉ុន្តែ​សម្រាប់​ការប្រកួត​បើក​ឆាក​នេះ កីឡាករ​ជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា បាន​ចាញ់​ដូចគ្នា​ទាំងអស់។

ការចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ផលិត​ដែក អាយ អេស អាយ ស្ទៀល ដែល​ទើប​ផលិត​ស័ង្កសី​ពណ៌​មាន​គុណភាព​ខ្ពស់ ISI PALM ក្នុង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន CNC នេះ បាន​ធ្វើឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពីប្រធាន​សហព័ន្ធ​កីឡា​គុនខ្មែរ​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍ CNC ព្រោះ​ព្រឹត្តិការណ៍​ប្រដាល់​ស្ទើរតែ​ទាំងអស់​នៅ​លើ​សង្វៀន​តាម​ប៉ុស្តិ៍​នីមួយៗ គឺ​ភាគ​ច្រើន​បំផុត​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ស្រាបៀរ និង​ខាង​ភេសជ្ជៈ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុនខ្មែរ បាន​ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពីការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM នេះ មុន​បើកការ​ប្រកួត​កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ​ថា៖ «នេះជា​ព្រឹត្តិការណ៍​ធំ និង​សំខាន់​ថ្មីមួយ​ទៀត ដែល​មានការ​ទាក់ទាញ និង​ចាប់អារម្មណ៍​ខ្លាំង ហេតុនេះ​ខ្ញុំសូម​ឲ្យ​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ រួម​ជាមួយ CNC គឺ​ធ្វើយ៉ាង​ណា​ឲ្យការ​ផ្គូផ្គង​កីឡាករ​ឲ្យមាន​ទម្ងន់ កម្ពស់ និង​បទពិសោធ​បច្ចេកទេស​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​ទាំងគូ​ខ្មែរ និង​អន្តរជាតិ ដើម្បី​ការប្រកួត​មានភាព​ទាក់ទាញ សម​ជាការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក»។

ប្រធាន​សហព័ន្ធ​រូបនេះ​បាន​សង្កត់ធ្ងន់​ថា ៖«ខ្ញុំសូម​ឲ្យ​អនុគណៈកម្មការ​គ្រប់គ្រង​កម្មវិធី ជាពិសេស​ក្រុម​អាជ្ញាកណ្តាល ចៅក្រម និង​គណៈកម្មការ​វិនិច្ឆ័យ សូមកាត់​សេចក្តី​ឲ្យមាន​តម្លាភាព ម៉ត់ចត់ និង​កុំមាន​បក្ខពួក​និយម គឺ​កីឡាករ​កម្ពុជា​ក្តី កីឡាករ​អន្តរជាតិ​ក្តី សូមឲ្យ​ការផ្តល់​ពិន្ទុ​មានភាព​យុត្តិធម៌​ជាដាច់​ខាត និងធ្វើ​ការងារ​ឲ្យអស់​ពីចិត្ត ដើម្បី​ធ្វើ​ឲ្យការ​ប្រកួត​នេះ​មានភាព​រលូន និង​ទទួល​បាន​ជោគជ័យ»។

ចំណែក​លោក សុខ វិចិត្រ នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​អាយ​អេសអាយ​ស្ទៀល បាន​ថ្លែង​ថា៖ «នៅថ្ងៃ​នេះ ISI PALM បាន​សហការ​ជាមួយ CNC បង្កើត​ឲ្យមាន​ព្រឹត្តិការណ៍​ប្រដាល់​នេះ​ឡើង ដើម្បី​ចូលរួម​លើក​ស្ទូយ និង​អភិរក្ស​វិស័យ​កីឡា​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ដើម្បី​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន ដែល​ស្នេហា​វិស័យ​កីឡា​ប្រដាល់»។

ស្រដៀង​គ្នា​នេះដែរ លោក ហួរ រតនៈ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ទូរទស្សន៍ CNC បាន​ថ្លែងថា៖ «ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM នឹង​នាំជូន​លោក​អ្នក​នៅការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ចំនួន ២គូ​នៅ​រៀងរាល់​សប្តាហ៍ ដើម្បី​ចូលរួម​ជ្រោមជ្រែង និង​លើក​កម្ពស់​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​ឲ្យកាន់​តែមាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ជួយ​អ្នក​ប្រដាល់​ខ្មែរ កាន់តែ​មានការ​រីកចម្រើន​ផ្នែក​ស្មារតី និង​ជីវិភាព​មួយ​កម្រិត​ទៀត»។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រយុទ្ធ​កណ្តាប់ដៃ​ដែក ISI PALM នេះ​គឺមាន​ការប្រកួត​ពីម៉ោង ១១ ព្រឹក រហូតដល់​រសៀល​ម៉ោង ១:៣០ រៀងរាល់​ថ្ងៃ​អាទិត្យ។ ចំណែក​ការប្រកួត​បើក​ឆាក កាល​ពីថ្ងៃ​អាទិត្យ កីឡាករ ពៅ ស័ក្តិសិទ្ធិ របស់​កម្ពុជា បាន​ចាញ់​អ្នកប្រដាល់​ថៃ Fameangkorn ដោយ​ពិន្ទុ ហើយ អ៊ុំ ចំរើន ត្រូវ​បាន​ជើង​ខ្លាំង​របស់​ថៃ Faipa Peleboriram វាយឲ្យ​សន្លប់​នៅ​ក្នុង​ទឹកទី ៣៕

0

Comments

Please, login or register to post a comment