Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ការពារ​ជាតិ បាន​ឈ្នះ​ពាន​ធំ​កីឡា​ប៉េតង់​ពាន ស ខេង

Content image - Phnom Penh Post
លោក ស ខេង បាន​ប្រគល់​ពាន​ធំ ដល់​ក្រុម​កីឡា​ក្រសួង​ការពារ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។ ស្រេង ម៉េងស្រ៊ុន

ក្រសួង​ការពារ​ជាតិ បាន​ឈ្នះ​ពាន​ធំ​កីឡា​ប៉េតង់​ពាន ស ខេង

ភ្នំពេញៈ ក្រុម​កីឡាករ​ប៉េតង់​របស់​ក្រសួង​ការពារ​ជាតិ ត្រូវ​បានគេ​ចារ​នៅ​ក្នុង​កំណត់ត្រា​មួយ ក្នុង​នាម​ជា​ក្រុម​ដែល​បាន​ឈ្នះ​ពាន​ធំ នៃការ​ប្រកួត​ប៉េតង់​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី ១៧ ឆ្នាំ ២០១៧ ប៉ុន្តែ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី កែ ឡេង និង​អ៊ុក ស្រីមុំ រួមទាំង​មិត្ត​រួម​ក្រុម ២ នាក់​ទៀត បាន​ចាញ់​សិស្ស​ប្អូន​ក្នុង​ក្រុម​ជម្រើសជាតិ​ជាមួយ​គ្នា នាការ​ប្រកួត​ផ្តាច់ព្រ័ត្រ។

នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដែល​មាន​ការចូលរួម​ដោយ​ផ្ទាល់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​នោះ កីឡាករ​ម្ចាស់​មេដាយ​មាស​ពិភពលោក មាស ច័ន្ទមាន រួមទាំង​កីឡាករ យឹម សោភ័ណ្ឌ, សុខ ច័ន្ទម៉ុល និង រស់ អេសអារី (បម្រុង ១) បាន​រួមគ្នា​យក​ឈ្នះ​ក្រុមទី​ស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​លទ្ធផល ១៣-១១ ដើម្បី​ជួយ​ឲ្យ​ក្រសួង​ការពារ​ជាតិ ឈ្នះ​ពាន​ធំ​ប្រចាំ​ឆ្នាំ ២០១៧ នេះ។

ចំណែក​ក្រុម​អគ្គ​ភ័ស្តុភារ​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ ១៣-១១ ដើម្បី​ទទួល​បាន​លេខ ៣។ រីឯ​ការប្រកួត​ដណ្តើម​ពាន​សមាគម សម្រាប់​ក្រុម​ដែល​ធ្លាក់​ចេញ​ពីការ​ប្រកួត​ពាន​ធំ​នេះ គឺ​ក្រុម​លេខ ១ បាន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លេខ ២ ក្រុម គិរីវង់​សុខសែនជ័យ​ខេត្ត​តាកែវ លេខ ៣ ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត និង​លេខ ៤ ក្រុម​សាលា​ពលទាហាន​យោធ​ភូមិភាគ​ពិសេស​ខេត្ត​កំពង់ឆ្នាំង។

ផ្ទុយ​ពីនេះ​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែល​ទើប​ឈ្នះ​មេដាយ​មាស​ពីការ​ប្រកួត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី និង​សុទ្ធតែ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភពលោក កន្លង​មក ព្រមទាំង​កីឡាការិនី ឈិន ស្រីពេជ្រ និង សួស សុ​វណ្ណដា​រ័ត្ន (បម្រុង ១ ) មកពី​ក្រសួង​ការពារ​ជាតិ​ដែរ បាន​ចាញ់​សិស្ស​ប្អូន​ក្នុង​ក្រុម​ជម្រើសជាតិ​គឺ​កីឡាការិនី ដួង ឌីណា និង អ៊ុន ស្រីយ៉ា រួមទាំង​កីឡាការិនី ពៅ ឈូករ័ត្ន និង អ៊ុន ម៉ាណែត​របស់​ក្រុម​យោធ​ភូមិភាគ​ពិសេស ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​ជា​ក្រុម​នារី ៣ នាក់​ទល់ ៣ នាក់។ រីឯ​ក្រុម​ក្រសួ​ មហាផ្ទៃ បាន​យក​ឈ្នះ​ក្រុមទី​ស្តីការគណៈ​រដ្ឋមន្ត្រី ដើម្បី​ទទួល​បាន​លេខ ៣។

ដោយឡែក សម្រាប់​ការប្រកួត ផ្នែក​វ័យចាស់ ៣ នាក់​ទល់ ៣ នាក់ ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​ក្លិប​ដូនពេញ​នាគព័ន្ធ លេខ ២ ក្លិប​មូលដ្ឋាន​សមុទ្ររាម លេខ ៣ ក្រុម​ខេត្ត​ព្រៃវែង និង​លេខ ៤ ក្រុម​មន្ទីរ​អយក​ខេត្ត​ស្វាយរៀង។ រីឯ​ការប្រកួត​ជា​ក្រុម ៣ នាក់​ទល់ ៣ នាក់​ចម្រុះ​យុវជន-យុវនារី ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​ក្រុម​ទីស្តីការ​គណៈរដ្ឋមន្ត្រី លេខ ២ ក្រុម​ក្រសួង​ការពារ​ជាតិ លេខ ៣ ក្រុម​ក្រសួង​មហាផ្ទៃ និង​លេខ ៤ ក្រុម​ឆ្នោត​ស្ថាបនា។

ចំណែក​ការប្រកួត ១ នាក់​ទល់ ១ នាក់ ផ្នែក​យុវជន​នារី​អាយុ​ក្រោម ១៧ ឆ្នាំ លេខ ១ បាន​ទៅ​កីឡាការិនី ផាត វិច្ឆិកា របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី លេខ ២ ហុង ស្រីនិច របស់​មជ្ឈមណ្ឌល​ខ.ភ.ម លេខ ៣ ជុំ ធីវណ្ណ មកពី​ខេត្ត​តាកែវ និង​លេខ ៤ សាយ ស៊ីថុល មកពី​មជ្ឈមណ្ឌល​ខ.ភ.ម។ រីឯ​ផ្នែក​យុវជន​វិញ លេខ ១ បាន​ទៅ​កីឡាករ ពុទ្ធ យ៉ុនចាន់ដារ៉ា របស់​ក្រសួង ការពារ​ជាតិ លេខ ២ ភាព វ៉ា​ឃីម ក្លិប​ឆ្នោត​ស្ថាបនា លេខ ៣ ទីវ រដ្ឋា របស់​ក្រសួង​មហាផ្ទៃ និង​លេខ ៤ ហេង ស៊ីណា មកពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

គួរ​បញ្ជាក់​ថា សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី ១៧ ប្រចាំ​ឆ្នាំ ២០១៧ នេះ មាន​អត្តពលិក​ចូលរួម​រហូត​ដល់ ៣៩០ នាក់ មកពី​ក្លិប​ចំនួន ៣៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺមាន​ការកើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​ជិត​ពាក់កណ្តាល។

យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ពិធី​បិទការ​ប្រកួត កាល​ពី​ថ្ងៃ​អង្គារ​នោះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ពង្រីក​ការប្រកួត​ឲ្យ​បាន​គ្រប់​ក្របខ័ណ្ឌ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ធនធាន​អត្តពលិក​ប៉េតង់ ឲ្យ​បាន​កាន់​តែ​ច្រើន៕

0

Comments

Please, login or register to post a comment