Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​កាយវប្បកម្ម ស្រក់​ទឹកភ្នែក​ពេល​នាំ​មេដាយ​មាស​ដល់​កម្ពុជា

Content image - Phnom Penh Post
ក្បួនដង្ហែម្ចាស់​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពីការ​ប្រកួត​កីឡា​កាយវប្បកម្ម​​ជើង​ឯក​ពិភពលោក។ ស្រេង ម៉េងស្រ៊ុន

ក្រុម​កាយវប្បកម្ម ស្រក់​ទឹកភ្នែក​ពេល​នាំ​មេដាយ​មាស​ដល់​កម្ពុជា

ភ្នំពេញៈ ក្រុម​កីឡា​កាយវប្បកម្ម​កម្ពុជា បាន​នាំយក​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពីការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក លើក​ទី ៩ ឆ្នាំ ២០១៧ នៅ​ទីក្រុង Ulan Bator ប្រទេស​ម៉ុងហ្គោលី មក​ដល់​មាតុប្រទេស​វិញ កាល​ពី​រសៀល​ម៉ោង ៣ ថ្ងៃ​ពុធ។

សម្រាប់ការ​មក​ដល់​កម្ពុជា​វិញ​នេះ​ម្ចាស់​មេដាយ​មាស សំបូរ ណាន ព្រមទាំង​កីឡាករ តឹក ប៊ុនវី ដែល​ដណ្តើម​បាន​មេដាយ​ប្រាក់ និង ណុំ សុបិន្ត ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ត្រូវ​បាន​រាជរដ្ឋាភិបាល អនុញ្ញាត​រៀបចំ​ឲ្យ​មាន​ក្បួន​ដង្ហែ​យ៉ាង​អធឹក​អធម អម​ដោយ​ម៉ូតូ​ធំ ១២ គ្រឿង ដោយ​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​កាន់​ទីស្នាក់ការ NOCC ហើយ​ការ​ដង្ហែ​ក្បួន​នេះ ធ្វើឲ្យ​ម្ចាស់​មេដាយ​មាស​ពិភពលោក មាន​អារម្មណ៍​រំជួលចិត្ត​យ៉ាងខ្លាំង​រហូតដល់​ស្រក់​ទឹកភ្នែក។

កីឡាករ សំបូរ ណាន បាន​និយាយ​ថា៖ «ខ្ញុំ​រំភើប​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក ព្រោះ​យើង​មិន​រំពឹង​ថា យើង​ធ្វើ​បាន ហើយ​បាន​ជិះឡាន​អម​ដោយ​ម៉ូតូ​ធំ ១២ គ្រឿង​បែប​នេះ​នោះ​ទេ គឺវា​ជា​កិត្តិយស​ធំ​បំផុត​ចំពោះ​ពួក​ខ្ញុំ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង NOCC ដែល​បាន​ចំណាយ​ពេល​ចាំ​ទទួល​ស្វាគមន៍​ពួកយើង»។

អ្នកលេង​សាច់ដុំ ដែល​ធ្លាប់​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ សំបូរ ណាន បាន​បន្ថែម​ថា៖ «ពួកខ្ញុំ​បាន​ស្រក់​ទឹកភ្នែក​ម្តង​ហើយ នៅ​ពេល​បានឮ​ភ្លេងជាតិ និង​ទង់ជាតិ​របស់​ប្រទេស​យើង ត្រូវ​បាន​បង្ហូត​ឡើង ក្នុង​ពេល​បំពាក់​មេដាយ នៅ​ប្រទេស​ម៉ុងហ្គោលី ព្រោះ​យើង​បាន​ធ្វើវា​តំណាង​ឲ្យ​ប្រទេសជាតិ»។

សំបូរ ណាន ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ ការប្រកួត​ជើងឯក​ពិភពលោក កាល​ពី​ឆ្នាំ ២០១៥ ដែរ​នោះ បាន​បញ្ជាក់​ថា៖ «ការ ហ្វឹកហាត់​កីឡា​កាយ​វប្បកម្ម​នេះ មានការ​លំបាក​ខ្លាំង​ណាស់ និង​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​ពួក​ខ្ញុំបាន​ចំណាយ​ពេល​ហាត់​អស់​ពេល ១០ ឆ្នាំ​មក​ហើយ ទម្រាំ​យើង​ដណ្តើម​បាន​មេដាយមាស​ពិភពលោក​យក​មក​ជូន​ប្រទេសជាតិ នៅ​ពេលនេះ»៕

0

Comments

Please, login or register to post a comment