Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមតេក្វាន់ដូ​កម្ពុជា ឈ្នះ​​មេដាយមាស​​២ និង​ប្រាក់​១ នៅកូរ៉េ

Content image - Phnom Penh Post
កីឡាករ ផល សុវណ្ណាត (ពី​ឆ្វេង) កីឡាករ ទួន ណាវុធ និង​កីឡាការិនី ស៊ឹម រចនា បានបង្ហាញ​មេដាយ និង​ពាន ដែល​ពួក​គេ​ដណ្តើម​បាន​ឲ្យ​កម្ពុជា។ រូប សហការី

ក្រុមតេក្វាន់ដូ​កម្ពុជា ឈ្នះ​​មេដាយមាស​​២ និង​ប្រាក់​១ នៅកូរ៉េ

ភ្នំពេញៈ ក្រុមកីឡាតេក្វាន់ដូ​កម្ពុជា ដែល​ទើបបង្កើត​​កំណត់​ត្រា​ថ្មី ក្នុងការ​ប្រកួតកម្រិត​អាស៊ី Asia Kukkiwon Taewondo Hanmadang 2017 នៅ​លើ​ទឹកដី​ខ្លួន​ឯង​នោះ គឺ​បាន​បង្កើត​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ទៀត ដោយ​​ឈ្នះ​បាន​មេដាយមាស​ ២ និង​ប្រាក់ ​១ ពី​ការ​ប្រកួតកីឡា​តេក្វាន់ដូ​ជើង​ឯកពិភព​លោក ដណ្តើម​ពាន​រង្វាន់​ឯកអគ្គរាជទូត ឆ្នាំ​ ២០១៧ ​​( World Taekwando Championship of the Ambassador's Cup 2017) នៅ​ប្រទេសកូរ៉េ កាល​ពី​ថ្ងៃ​ពុធ។

បើ​ទោះ​បីជា កម្ពុជា បាន​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​តាម​៣​នាក់ ក្រោមការ​ដឹងនាំ​របស់​គ្រូ​បង្វឹក​លោក ជាតិ ខេមរា ប៉ុន្តែ​តាម​រយៈ​​ការ​ប្រកួត​ត្រឹម​១​ថ្ងៃ កាល​ពី​ថ្ងៃពុធ ម្សិល​មិញ​ កីឡាការិនី​ជម្រើស​ជាតិ ស៊ឹម រចនា បាន​ឈ្នះ​មេដាយមាស លើ​ការ​​សម្តែ​ង​កាតា​ឯកត្តជន​នារី ហើយ​កីឡាករ ផល សុវណ្ណាត និង ទួន ណាវុធ ដែល​ប្រកួត​សម្តែង​កាតា​ឯកត្តជន​ជាមួយ​គ្នា​នោះ គឺ​ សុវណ្ណាត បាន​ឈ្នះ​មេដាយមាស ខណៈ ណាវុធ បាន​ឈ្នះ​មេដាយ​ប្រាក់។

អតីត​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ឈឿង ពុទ្ធារីម ដែលបាន​វិវឌ្ឍ​ខ្លួន​ទៅ​​ជា​គ្រូ​ជំនួយ​នៃ​ក្រុម​ជម្រើសជាតិ​តេក្វាន់​ដូកម្ពុជា​នោះ បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ឈ្នះ​បាន​មេដាយមាស និង​ប្រាក់​របស់​អត្ត​ពលិក​ទាំង​៣ខាង​លើ​។

Content image - Phnom Penh Post

ពុទ្ធារីម បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​នេះ​បន្តិច​ថា៖​«​បើ​ទោះ​បីជា​​ព្រឹត្តិការណ៍​នេះ គ្រាន់​តែ​ជា​ការ​ប្រកួតបែបការទូត មិន​ទទួល​បាន​ប្រាក់​រង្វាន់​ដូច​ការ​ប្រកួតជើង​ឯក​ពិភព​លោក ប៉ុន្តែការ​ទៅ​ចូល​រួម​​ត្រឹម​ ​៣​នាក់ ហើយ​ដណ្តើម​​បាន​មេដាយមាស ​២ និង​ប្រាក់ ​១ វា​ជា​រឿង​ល្អ​បំផុត​ហើយ ព្រោះការ​ប្រកួតនេះ​មាន ​២៥ ​ប្រទេស​ចូល​រួម​ មិន​មែន​ងាយស្រួល​ ក្នុងការ​ដណ្តើម​យក​មេដាយនោះ​ទេ»។

គួរ​បញ្ជាក់​ថា ​សម្រាប់​ការ​ប្រកួត Asia Kukkiwon Taewondo Hanmadang នៅ​កម្ពុជា ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ស៊ឹម រចនា និង​ ទួន ណាវុធ ដណ្តើម​បាន​មេដាយ​ប្រាក់​ដូច​គ្នា ឯ ផល សុវណ្ណាត បាន​មេដាយ​សំរឹទ្ធ ខណៈ​ព្រឹត្តិការណ៍នេះ កម្ពុជា ឈ្នះ​មេដាយសរុប ​១៣៥​​ គ្រឿង ក្នុង​នោះ​​មាស ៣៦ ប្រាក់​ ៣៥ និងសំរឹទ្ធ ​៦៤ ដើម្បី​ឈរ​នៅ​លេខ​​ ១។

ចំណែកក្រុមវៀតណាម ដណ្តើមបាន​មេដាយ​មាស ១១​ ប្រាក់ ៤ និង​សំរឹទ្ធ ២ គ្រឿង ឯ​ម៉ាឡេស៊ី បាន​មេដាយ​មាស ៧ ប្រាក់ ១២ និងសំរឹទ្ធ ១៣ គ្រឿង ក្រុមកូរ៉េខាង​ត្បូង ឈ្នះ​បាន​មេដាយមាស ៤ គ្រឿង រីឯ​ប្រទេស​នេប៉ាល់ ឈ្នះ​មេដាយ​មាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ គ្រឿង ក្រុមចិន​ ដណ្តើមបាន​មេដាយប្រាក់ ១ គ្រឿង ហើយក្រុមតេក្វាន់ដូមីយ៉ាន់ម៉ា មិន​ដណ្តើម​បានមេដាយ​ទេ៕

Content image - Phnom Penh Post

0

Comments

Please, login or register to post a comment