Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ទាញ​ព្រ័ត្រ​កម្ពុជា ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី លើក​ដំបូង

Content image - Phnom Penh Post
កីឡាករ​ទាំង ១០ (បាត់ ១) ដែល​បាន​ចេញ​ទៅ​ប្រកួត​កីឡាទាញ​ព្រ័ត្រ​ជើងឯក​អាស៊ី នៅ​សិង្ហបុរី។ ស្រេង ម៉េងស្រ៊ុន

ក្រុម​ទាញ​ព្រ័ត្រ​កម្ពុជា ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី លើក​ដំបូង

ភ្នំពេញៈ ក្រុម​អត្តពលិក​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ចំនួន ១០ នាក់ រួម​ជាមួយ​គ្រូបង្វឹក និង​ថ្នាក់​ដឹកនាំ ៥ នាក់​ទៀត បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​អាស៊ី ជា​លើក​ដំបូង​នៅ​ទីនោះ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ។

លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ពុធ​ថា៖ «ការហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជាលើក​ដំបូង​នេះ យើង​មិន​បាន​ឲ្យ​អត្តពលិក​មក​ហាត់​ច្រើន​ពេក​ទេ ព្រោះ​ថវិកា​ចំណាយ​របស់​យើង​មាន​កំណត់។

ហេតុនេះ​យើង​បាន​ជ្រើសរើស​យក​កីឡាករ​ណា ដែល​មាន​សក្តានុពល​គ្រាន់​បើ ទៅ​ចូលរួម​ការប្រកួត​នេះ ហើយ​យើង​សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​បាន​បទពិសោធ​ថ្មីៗ​បន្ថែម​ទៀត​ពីការ​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី ជា​លើក​ដំបូង​នេះ»។

កីឡាករ​ទាំង ១០ នាក់ ដែល​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី​នេះ​រួមមាន ងួន ដូ, សុខ រតនៈ, គង់ សុភាព, ម៉ៅ វុទ្ធា, គុណ ណារ៉ាក់, សឹម សាមឌី, ដួង មាស​បញ្ញា, យាន់ ដាម, សូ រ៉ាន់ឌីណា និង​កីឡា ជួន វ៉ៃ ហើយ​អ្នក​ទាំង​នេះ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​សរុប ៦៤០ គីឡូក្រាម ខណៈ​ព្រឹត្តិការណ៍ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ១១ ដល់​ទី ១២ ខែ​សីហា​នេះ មាន​ប្រទេស​នៅ​តំបន់​អាស៊ី​ចូលរួម​ជាច្រើន​ដូចជា​ម្ចាស់ផ្ទះ​សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ប្រ៊ុយណេ វៀតណាម នេប៉ាល ម៉ាកាវ ឆាយនីស​តៃប៉ិ ចិន ហុងកុង ជប៉ុន និង​កូរ៉េខាងត្បូង ជាដើម។

ចំណែក​លោក ព្រំ ប៊ុណ្ណយី តំណាង​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា៖ «ការ​ចេញ​ទៅ​ប្រកួត​នេះ គឺ​យើង​ទៅ​តំណាង​ឲ្យ​ប្រទេស​ជាតិ ហេតុនេះ​លទ្ធផល ដែល​ទទួល​បាន មិនមែន​ជា​របស់​ក្រុម​ទាញព្រ័ត្រ​នោះ​ទេ ប៉ុន្តែ​ជា​របស់​ជាតិ​ទាំងមូល ហេតុនេះ​យើង​ត្រូវ​ខំប្រឹង​តស៊ូ​ទាំងអស់គ្នា»។

លោក ប៊ុណ្ណយី បញ្ជាក់​ថា៖ «ទោះជា សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា បង្កើត​ឡើង​ក្រោយ​គេ ប៉ុន្តែ​យើង​មើល​ឃើញ​ថា សហព័ន្ធ​នេះ ខំប្រឹង​ណាស់ រហូត​ប្រមូលផ្តុំ​បាន​ក្រុម ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី នៅ​សិង្ហបុរី​នេះ ដែល​ជារឿង​ប្រសើរ​ណាស់។ ហេតុនេះ​ក្នុងនាម​ខ្ញុំ​តំណាង​ឲ្យ​ក្រសួង​អប់រំ សូម​ជូនពរ​ឲ្យ​ក្រុម​ទាញព្រ័ត្រ​កម្ពុជា ទទួល​បាន​ជោគជ័យ ត្រឡប់​មក​មាតុប្រទេស​វិញ»៕

0

Comments

Please, login or register to post a comment